top of page

ទឹកជ្រោះប៊ូស្រាបេះដូងមណ្ឌលគិរី រមណីដ្ឋានធម្មជាតិនៅភាគឦសាននៃប្រទេសកម្ពុជា

ទឹក​ជ្រោះ​ប៊ូស្រា​ដ៏​ល្បី​ល្បាញ និង​ស្រស់​ស្អាត​របស់​ខេត្ត​មណ្ឌល​គិរី​ដែល​តារា​ចម្រៀង​អធិរាជ​សំឡេង​មាស លោក ស៊ីន ស៊ីសាមុត និង​អ្នកស្រី​រស់ សេរី​សុទ្ធា លើក​យក​មក​រំលេច​ជា​បទ​ចម្រៀង​ដ៏​ក្រអួន​ក្រអៅ​នោះ ត្រូវ​បាន​គេ​ដឹង​ថា នៅ​តែ​ជា​ចំណុច​ទាក់​ទាញ​ដ៏​ខ្លាំង​ក្លា​សម្រាប់​បណ្តា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ទៅ​ទស្សនា​ខេត្ត​មណ្ឌល​គិរី បើ​ទោះ​បី​ជា​តំបន់​ទេសចរណ៍​មួយ​នេះ​នៅ​មិន​ទាន់​មាន​ការ​វិនិយោគ​ឲ្យ​កាន់​តែ​ប្រសើរ​ក្តី​។

ទឹក​ជ្រោះ​ប៊ូស្រា បាន​បង្កប់​លាក់​ខ្លួន​នៅ​ក្នុង​ដែន​ព្រៃ​ដ៏​ជ្រៅ​ដែល​មាន​ចម្ងាយ​ប្រមាណ​៤៣ គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​មណ្ឌល​គិរី​ស្ថិត​នៅ​ក្នុង​ស្រុក​ពេជ្រយ៉ាដា។

ទឹក​ជ្រោះ​នេះ​ជា​តំបន់​ទេសចរណ៍​ល្អ​ជាង​គេ​ក្នុង​ខេត្ត​មណ្ឌលគិរី។ ទឹក​ជ្រោះ​ដ៏​ទាក់​ទាញ​នេះ​ត្រូវ​បាន​ចែក​ចេញ​ជា​បី​ដំណាក់​។ ដំណាក់​ទី១ ហូរ​ធ្លាក់​ក្នុង​កម្ពស់​៨​ទៅ​​ ១២​ម៉ែត្រ ដែល​មាន​មុខ​កាត់​ទទឹង​១៥​ម៉ែត្រ នៅ​រដូវ​វស្សា និង​កម្ពស់​ពី១០​ទៅ​១៥​ម៉ែត្រ នៅ​រដូវ​ប្រាំង​។

ដំណាក់​ទី២ ហូរ​ធ្លាក់​ពី​កម្ពស់​១៥ ទៅ​២០​ម៉ែត្រ និង​មាន​មុខ​កាត់​ទទឹង​២០​ម៉ែត្រ​នៅ​រដូវ​វស្សា និង​កម្ពស់​ពី​១៨ ទៅ​២៥​ម៉ែត្រ ដែល​មាន​មុខ​កាត់​ ១៣​ម៉ែត្រ នៅ​រដូវ​ប្រាំង​។

ទឹក​ធ្លាក់​ទី២​នេះ មាន​ចម្ងាយ​១៥០​ម៉ែត្រ​ពី​ទឹក​ធ្លាក់​ទី១​។ ដំណាក់​ទី៣ ហូរ​ធ្លាក់​ដោយ​ល្បឿន​លឿន​ខ្លាំង​ជាង​ល្បាក់​ទី២​។ ល្បាក់​នេះ យើង​មិន​អាច​ទៅ​ដល់​បាន​ទេ ពី​ព្រោះ​ជា​តំបន់​ព្រៃ​ក្រាស់ ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ និង​ជា​តំបន់​គ្រោះ​ថ្នាក់​ដោយ​សារ​ពពួក​សត្វ​ព្រៃ​។

ក្រៅ​ពី​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​នៅ​ជុំវិញ​ទឹក​ជ្រោះ​ប៊ូស្រា​គេ​ក៏​បាន​ដឹង​ផង​ដែរ​ថា ទី​នោះ​ជា​តំបន់​ដែល​មាន​បង​ប្អូន​ជន​ជាតិ​ព្នង​រស់​នៅ​យ៉ាង​ច្រើន​កុះ​ករ​ផង​ដែរ​ដែល​ពេល​នេះ ពួក​គេ​ភាគ​ច្រើន​កំពុង​មាន​ការ​ផ្លាស់​ប្តូរ​ទាំង​ការ​រស់ និង​ស្លៀក​ពាក់​ផង​ដែរ​។

សម្រាប់​ខេត្ត​មណ្ឌល​គិរី ទឹក​ជ្រោះ​ប៊ូស្រា នៅ​តែ​ជា​ទី​ដ៏​ទាក់​ទាញ​បំផុត ដែល​គ្រប់​ភ្ញៀវ​ទាំង​អស់​នៅ​ពេល​មក​ដល់​ខេត្ត​នេះ​មិន​អាច​មើល​រំលង​បាន។ លោក ញ៉ែង ច្រឹក ប្រធាន​សមាគម​ទឹក​ជ្រោះ​ប៊ូស្រា បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ជាតិ និង​អន្តរជាតិ​តែង​មក​លេង​នៅ​ទីនេះ​រាល់​ថ្ងៃ​មិន​ដែល​ដាច់​ឡើយ តិច​ច្រើន​ទៅ​តាម​ពេល​វេលា និង​រដូវ​។

លោក​បាន​និយាយ​ថា៖​«​ជា​ធម្មតា​ភ្ញៀវ​មក​លេង​ទី​នេះ​មិន​ដែល​ដាច់​ទេ ហើយ​ភ្ញៀវ​ភាគ​ច្រើន​មាន​ចំនួន​កើន​ឡើង​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ពិសេស​នៅ​ថ្ងៃ​បុណ្យ​ទាន​។ ពួក​គេ​មក​អង្គុយ​លេង​ញ៉ាំ​អាហារ និង​ងូត​ទឹក​ជ្រោះ​ដ៏​ត្រជាក់​ជា​លក្ខណៈ​គ្រួសារ និង​មិត្ត​ភក្តិ​»។

លោក​បាន​បញ្ជាក់​ថា៖​«​ភាគ​ច្រើន​នៅ​ពេល​ថ្ងៃ​ឈប់​សម្រាក ឬ​ក៏​បុណ្យ​ចូល​ឆ្នាំ​ហ្នឹង មាន​មន្ត្រី​រាជ​ការ ទាហាន​និង​អ្នក​ធ្វើ​ការ​ឯកជន​ជាច្រើន មក​ជា​ក្រុមៗ​តែ​ម្តង ហើយ​ពេល​ខ្លះ​ស្ទើរ​តែ​គ្មាន​កន្លែង​អង្គុយ​សម្រាក​លេង​ទៀត​ផង​»។

នៅ​ពេល​នេះ អាជ្ញាធរ​ខេត្ត​កំពុង​ធ្វើ​ការ​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ដ៏​ល្អ​មួយ​ខ្សែ​ពី​ស្រុក​សែន​មនោរម្យ​នៃ​ខេត្ត​មណ្ឌល​គិរី​ឆ្ពោះ​ទៅ​កាន់​ឃុំ​តាអង ស្រុក​កូនមុំ​ខេត្ត​រតនគិរី ដូច្នេះ​អាជ្ញាធរ​ខេត្ត​សង្ឃឹម​ថា ការ​ត​ភ្ជាប់​បណ្តាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នេះ​នឹង​កាន់​តែ​ជំរុញ​ឲ្យ​មាន​ការ​ទាក់​ទាញ​ទ្វេ​ឡើង​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ពី​គ្រប់​ទិស​ទី​។

លោក យីម លុច្ស អភិបាល​រង​ខេត្ត​មណ្ឌល​គិរី​មាន​ប្រសាសន៍​ថា៖​«​ក្នុង​ឆ្នាំ​២០១៥ តាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក​ផ្លូវ​ពី​សែន​មនោរម្យ​ទៅ​ឃុំ​តាអង្គ​ខេត្ត​រតន​គិរី​នោះ ត្រូវ​បាន​ស្ថាបនា​ហើយ​ទាំង​ស្រុង ពេល​នោះ​ផ្លូវ​ក៏​ហើយ​រួច​រាល់ ទេសចរ​ក៏​កាន់​តែ​មាន​កំណើន​ឡើង​ថែម​ទៀត ដូច្នេះ​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា ខេត្ត​មណ្ឌល​គិរី នឹង​រីក​ចម្រើន​លឿន​»។

គួរ​បញ្ជាក់​ថា ក្រៅ​ពី​ងូត​ទឹក​ជ្រោះ​ធម្មជាតិ​ដ៏​ត្រជាក់​ដល់​ក្រអៅ​បេះដូង​និង​អង្គុយ​ទទួល​ទាន​អាហារ​ដ៏​មាន​ឱជារស​ជាមួយ​មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ ក្រោម​ជំនោរ​ចំហាយ​ទឹក​ជ្រោះ​ដ៏​ត្រជាក់​នោះ ភ្ញៀវ​ទេសចរ​ទាំង​អស់​ក៏​អាច​ចំណាយ​ពេល​តុប​តែង និង​ស្លៀក​ពាក់​បែប​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ដើម្បី​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​ផង​ដែរ​។

ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​និយាយ​ថា គ្រប់​ពេល​ដែល​ពួក​គេ​មក​មណ្ឌលគិរី ពួក​គេ​មិន​ដែល​អាក់​ខាន​មក​ប៊ូស្រា​ឡើយ៕

LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page