ភ្លេងបុរាណខ្មែរ
ភ្លេងបុរាណខ្មែរមានច្រើនប្រភេទណាស់ សម្រាប់ប្រគុំកំដរកម្មវិធីផ្សេងៗ នៅខាងក្រោមនេះយើងសូមលើកយកឈ្មោះភ្លេងខ្លះមកនិយាយ តែមិនបានបរិយាយឲ្យបានក្បោះក្បាយទេ លើកក្រោយយើងខ្ញុំនឹងពន្យល់ ពីវង់ភ្លេងនីមួយៗឲ្យបានពិស្ដារ៖

១. ភ្លេងពិណពាទ្យ៖ សម្រាប់កំដររបាំបុរាណ ក្នុងពិធីបួងសួង បន់ស្រន់ លាបំណន់ ពិធីក្នុងសាសនា ដូចជា បុណ្យកឋិនទាន បុណ្យផ្កា បុណ្យបំបួសនាគ បុណ្យពុទ្ធាភិសេក ។ល។
២. ភ្លេងអារក្ស៖ សម្រាប់កំដរក្នុងពិធី គោរពបូជាខ្មោច អារក្ស អ្នកតា ដើម្បីបញ្ចូលខ្មោចអារក្ស អ្នកតា មកសាកសួរ ឬអង្វករ ដើម្បីថ្វាយដង្វាយ សុំសេចក្ដីសុខ ឬសម្រេចតាមបំណងណាមួយ។
៣. ភ្លេងខ្មែរ ឬ ភ្លេងមង្គល៖ សម្រាប់កំដរក្នុងពិធីមង្គលតាមប្រពៃណីជាតិ ដូចជាពីធីបញ្ចូលម្លប់ និងបញ្ចេញម្លប់កូនស្រី ពិធីមង្គលការ (ហែរកូនកម្លោះចូលរោងផ្កាស្លា) ពិធីកាត់សក់ ក្រុងពាលី សំពះ ផ្ទឹម...។
៤. ភ្លេងឆៃយ៉ាំ៖ សម្រាប់កំដរក្នុងពិធីបង្កបរិយាកាសរីករាយ ដូចជាបុណ្យកឋិនទាន បុណ្យផ្កា បុណ្យបំបួសនាគជាដើម...។
៥. ភ្លេងមហោរី៖ សម្រាប់កំដរក្នុងបរិយាកាស ក្នុងពេលសម្ដែងល្ខោនមហោរី ។
៦. ភ្លេងក្លងធ្នាក់ ឬ ស្គរជ្វា ឬហៅម្យ៉ាងទៀតថា ភ្លេងក្លងខែក៖ សម្រាប់កំដរ ឲ្យមានបរិយាកាស សង្វេក ស្រងេះស្រងោច លន្លង់លន្លោច ដូចជាពិធី តម្កល់សព ហែរសព បូជាសពជាដើម ។
៧. ភ្លេងគងស្គរ៖ សម្រាប់ប្រគុំ ពេលមានមនុស្សស្លាប់ ឬក្នុងពិធីលើកសព ។
៨. ភ្លេងស្គរយោល៖ សម្រាប់កំដរពេលដែលមានមនុស្សស្លាប់ និងកំដរក្នុងពេលលេងប្រដាល់សេរី ។
៩. ភ្លេងប៉ីកែវ៖ សម្រាប់ប្រគុំជាមួយនឹងភ្លេងដទៃៗទៀត ក្នុងពិធីសែនទេវតា។