រមណីយដ្ឋានទឹកឆា និងក្បាលទឹក ជាតំបន់ទេសចរណ៍ដែលមានសក្ដានុពលភាព
កំពង់ចាម៖ រមណីយដ្ឋានទឹកឆា ស្ថិតនៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានចម្ងាយប្រមាណ៤២គីឡូម៉ែត្រ ពីក្រុងកំពង់ចាម និងមានចម្ងាយប្រមាណ ២២គីឡូម៉ែត្រ ពីទិប្រជុំជន ផ្សារព្រៃទទឹង ទៅទិសខាងជើងតាមផ្លូវខេត្តលេខ 60 ។ ភ្ញៀវទេសចរអាចរីករាយ ក្នុងការលេងទឹក ដែលមានប្រភពមកពីទឹកផុសពីក្នុងដី ហើយវាជាភាពទាក់ទាញយ៉ាងសំខាន់សម្រាប់តំបន់មួយនេះ ដែលគេហៅថា ក្បាលទឹក។
លោក ស៊ាន សុគុណ ប្រធានមន្ទីរទេសចរខេត្តកំពង់ចាមបានបញ្ជាក់ឲ្យដឹងពីទីតាំងភូមិសាស្ត្រថា តំបន់ទឹកឆានេះ ខាងជើងគឺជាខ្ពង់រាប មានកូនភ្នំមួយចំនួននៅជាប់មាត់ទឹក ។ នៅជុំវិញតំបន់នេះ មានព្រែកធំៗ ជាច្រើនហូរចាក់ ដូចជាព្រែកកំពង់សាជាដើម ។
ផ្នែកខាងត្បូង គឺជាទំនាបដែលជាជំរាល ពីខ្ពង់រាប ផ្នែកខាងជើងទំនាបនេះ គឺជាផ្ទៃបឹងទឹកឆា ដែលជាបឹងធម្មជាតិមួយដ៏ធំ ស្ថិតនៅខាងជើងនៃស្រុកព្រៃឈរ និងជាទីរមណីដ្ឋានដែលជាគួរជាទីពេញចិត្តដល់អ្នកដែលចូលចិត្តធម្មជាតិ ។
ទីនេះមាន ចរន្តទឹកហូរខ្លាំងមានប្រភពមកពីកន្លែងមួយឈ្មោះថា ក្បាលទឹក ដែលមានចម្ងាយ ២គីឡូម៉ែត្រ នៅខាងលិចភ្នំធាតុ ។ តំបន់នេះជាចំណុចខ្ពស់បំផុតនៃខ្ពង់រាបរបស់តំបន់ ដែលមានប្រភពទឹកជាច្រើនហូរចេញពីក្នុងដី ក្នុងកន្លែងមានដើមឈើធំៗ ។ បរិវេណក្បាលទឹកនេះ មានមាត្រដ្ឋានប្រមាណជា២០០ ទៅ៣០០ម៉ែត្រ ។ ក្បាលទឹកមួយ ស្ថិតនៅភាគខាងត្បូង នៅក្នុងបរិវេណនៃក្បាលទឹកនេះ មានទឹកផុសចេញគ្រប់ពេល ហើយហូរបែកចេញតាមកូនអូរតូចៗ ដែលនៅជុំវិញនោះ ។ ទីប្រជុំក្បាលទឹកទាំង៣ នៅជិតគ្នាបង្កើតបានជា ប្រភពទឹកមួយហូរចេញដែលមានជម្រៅកន្លះម៉ែត្រ ។ ចរន្តទឹកហូរស្មើ ទោះជានៅរដូវប្រាំង ឬវស្សាក៏ដោយ លើកលែងតែពេលភ្លៀងខ្លាំង និងទឹកជំនន់ម្តងម្កាល ដែលធ្វើឲ្យចរន្តទឹកហូរខ្លាំងខុសធម្មតា ។ ខ្សែទឹកដែលហូរចេញមកនេះ មានទំហំពី៨ ទៅ១០ម៉ែត្រ បន្ទាប់មកហូរធ្លាក់ សំដៅទៅទិសខាងលិច បញ្ចេញជាស្នូរ ។ ពេលទឹកហូរមកដល់ទំនាបកណ្តាល ដែលមានទ្វារទឹកពីរធំៗ សង់នៅសម័យសង្គមរាស្ត្រនិយម ។ ទឹកបានហូរធ្លាក់ទៅផ្ទៃបឹង ខាងលិចធ្វើឲ្យ មានស្នូរ ។ ទ្វារទឹកទីមួយសាងសង់វារីអគ្គិសនីខ្នាតតូច រួមជាមួយថាមពលពន្លឺព្រះអាទិត្យ មានកម្លាំង ១១០គីឡូវ៉ាត់ម៉ោង ជាអំណោយ របស់រាជរដ្ឋាផិបាលជប៉ុន ។ តំបន់នេះមានបន្សល់នូវសំណល់ប្រាសាទបុរាណជាច្រើន ។ ប្រាសាទដែលសមខាន់ជាងគេ គឺបោសព្រះនន់ និងគុកតូច បោសព្រះនន់ ឬគុកធំ ឬប្រាសាទស្រី និងគុកតូច ឬប្រាសាទប្រុស ។
លោក ប្រធានមន្ទីរបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងឆមាសទី១ ឆ្នាំ២០១៤នេះ ខេត្តកំពង់ចាម បានទទួលភ្ញៀវទេសចរ ជាតិ អន្តរជាតិមកទស្សនាកំសាន្តចំនួន ២៣ ៥០០០នាក់ កើនឡើងជាងឆ្នាំ២០១៣ ។ រមណីយដ្ឋានធម្មជាតិទឹកឆា ក៏ជាសក្ដានុពលដ៏ទាក់ទាញយ៉ាងសំខាន់សម្រាប់ភ្ញៀវទេសចរ ជាតិ អន្តរជាតិ អាចមកស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្មែរពីបុរាណកាល ។ ម្យ៉ាងទៀតដោយសារខេត្តមានសន្តិសុខល្អ ក្រោមការយកចិត្តទុកដាក់ការពារ ផ្តល់នូវសុវត្ថិភាពពីអាជ្ញាធរខេត្ត សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចនគរបាលទេសចរណ៍ ប្រចាំការបានល្អ ក្នុងតំបន់នេះផងដែរ ៕