រមណីយដ្ឋានធម្មជាតិភ្នំគូលែន ជាកន្លែងទេសចរណ៍ស្រស់ត្រកាលរបស់ខេត្តសៀមរាប
ភ្នំគូលែនស្ថិតនៅប៉ែកខាងជើងឆៀងខាងកើតទីរួមខេត្ដសៀមរាបមានចំងាយ៥៣គីឡូម៉ែត្រពីទីរួមខេត្ដភ្នំមានរយៈកំពស់ ៤៩២ម៉ែត្រគេអាចឡើងទៅលើភ្នំ បានយ៉ាងងាយ តាមរថយន្ដ រឺ ថ្មើរជើងពេលទៅដល់ជើងភ្នំ យើងសង្កេតឃើញផ្ទាំងថ្មធំ ហាក់ដូចជាជញ្ជាំង នៃនាវា ដ៏ធំមួយ នៅកណ្ដាលទីស្មសាន រំលេចដោយសំរស់ ស្រស់ត្រកាល និងបង្កប់ នូវអាថ៌កំបាំងដ៏សន្ធឹកសន្ធាប់ នាអតីតកាលសម័យអង្គរ ដែលជារមណីយដ្ឋានមួយ ក្នុងចំណោម រមណីយដ្ឋានជាច្រើននៅ ខេត្ដសៀមរាប។

ជួរភ្នំនេះចែកជាពីរ ៖ – ប៉ែកខាងកើតនិងខាងត្បូងហៅថា ភ្នំគូលែន។ – ប៉ែកខាងជើងនិង ខាងលិចហៅថា ភ្នំហប់។ រមណីយដ្ឋានភ្នំគូលែនស្ថិតនៅ ឃុំខ្នងភ្នំ ស្រុកស្វាយលើខេត្ដសៀមរាប។
បច្នុប្បន្ន ដោយប្រទេសជាតិទទួលបាននូវ សន្ដិភាព ស្ថេរភាព និង សន្ដិសុខគ្រប់គ្រាន់ ហើយនោះ រមណីយដ្ឋានភ្នំគូលែនបានទទួលស្វាគមន៍ ភ្ញៀវទេសចរ ជាតិ និងអន្ដរជាតិ យ៉ាងច្រើន ជារៀងរាល់ថ្ងៃ និងមានប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយៗ តាំងលំនៅដ្ឋាន ប្រកបអាជីវកម្មកសិកម្ម យ៉ាងច្រើនកុះករ។
ភ្នំគូលែនមានរមណីយដ្ឋានធម្មជាតិ និងប្រវត្ដិសាស្ដ្រ ជាច្រើនដូចជាៈ តំបន់ទឹកធ្លាក់, ព្រះអង្គធំ, វាលស្ដេចលំគង់, វាលព្រះសព, ព្រះក្រាល, សំពៅធា្លយ និងមានប្រាសាទតូចៗ ធ្វើអំពីឥដ្ឋ ជាច្រើនទៀតដែលជាកេរិ៍្ដតំណែលស្នាព្រះហស្ដព្រះបាទជ័យវរន្ម័ទី២បានកសាងឡើង។


តំបន់ភ្នំគូលែនមិនត្រឹមតែជាតំបន់ទេសចរតែប៉ុណ្ណោះទេ គឺជាតំបន់កសិកម្មដីមានជីវជាតិអាចដាំដំណាំបានគ្រប់ ប្រភេទដូចជាៈ ចេក- ខ្នុរ-ដំឡូង- ត្រាវ។ល។ ប្រកបដោយផលិតផលខ្ពស់។


តំបន់ទឹកធ្លាក់ ៖ គឺជាប្រភពដើមរបស់ស្ទឹងសៀមរាបហូរកាត់កណ្ដាលទីរួមខេត្ដចាក់ឆ្ពោះទៅកាន់បឹងទន្លេសាបមានទឹកថ្លាយ៉ង់ជាទីនិយម របស់អ្នកដំណើរកំសាន្ត ក្នុងការមុជទឹកជ្រោះ ធ្លាក់សំយ៉ុងទៅប៉ះនឹងថ្មដាបែកផ្កាត្រែង។ នៅក្បែរទឹកជ្រោះ ធ្លាក់មានប្រាសាទ២ ធ្វើពីថ្មបាយក្រៀមសង់អមសងខាង មាត់អូរ ដែលគេឱ្យឈ្មោះថាៈ “ក្រាលរមាស” ប៉ុន្ដែនៅប៉ែកខាង លិចត្រូវដួលរលំ និង បាត់ថ្មអស់មួយចំនួនធំនៅសល់តែ ខឿនជញ្ជាំងបន្ដិចបន្ដួចតែប៉ុណ្ណោះ។

ស្រះដំរី ៖ ស្រះនោះមានបណ្ដោយ ១៥០ម៉ែត្រ និងទទឹង ៧០ម៉ែត្រ ជំរៅ ៣ម៉ែត្រ ដែលមានរូបដំរី-កង្កែប-គោ ហើយរូបទាំងអស់នោះសុទ្ធសឹងតែដាប់ចេញពី ថ្មភ្នំ ទាំងអស់។ វាលស្ដេចលំគង់ ៖ ចាស់ៗតែងតំណាលថាស្ដេចតមថ្នាំព្រោះនៅទីនោះមានឆ្នាំងថ្នាំនិងរបស់តាងផ្សេងៗទៀតរាប់មិនអស់វាលនេះមានក្រាលថ្ម ទំហំធំ ហើយចំកណ្ដាល មានអូរហូរកាត់ អាង១ សំរាប់មនុស្សពីរបីនាក់ អង្គុយនិងអាង១ទៀតសំរាប់មនុស្សម្នាក់ចុះ។
វាលព្រះសព ៖ ជាវាលក្រាលថ្មទំហំដ៏ធំនៅលើវាលនោះមានព្រះវិហារ១តូចកសាងឡើងប្រហែលក្នុងសតវត្សទី១៩ធ្វើពីឈើ ប្រក់ឈើ។
ព្រះក្រាល ៖ ទីនោះមានទំហំធំណាស់ដែរមាន ពើងថ្មពីរពើងមួយមានទំហំ ៦ម គុណ ៥មមានរូបចំលាក់ដាប់ថ្មពើងនិយាយពីជីវភាព រស់នៅរបស់ប្រជាជននាសម័យនោះពើងមួយទៀតមានដាប់រូបមនុស្ស៥នាក់ត្រឹមពាក់កណ្ដាលខ្លួនមកលើ។
សំពៅធ្លាយ ៖ ជាផ្លូវបុរាណតែមើលពីចំងាយ រាងដូចជាសំពៅ។ ចាស់ៗតែងតែតំណាលថាស្ដេចចិនយកសួយសារអាករមកថ្វាយស្ដេចខ្មែរ ហើយក៏ជល់សំពៅធ្លាយនៅទីនោះដោយសំអាងថានៅ ទីនោះមានដើមថ្នាំចិន ម្រេច និង គូលែន។ល។

រាងរបស់សំពៅនោះមានបណ្ដោយ១គីឡូម៉ែត្រទទឹង ៧០ម៉ែ់ត្រ កំពស់ ៧០ម៉ែត្រនៅតំបន់សំពៅធ្លាយនេះមាន ប្រាសាទ ជាច្រើនទៀតដែរ បច្នុប្បន្ននៅសេសសល់ខ្លះ។
ទឹកផុសចេញពីក្នុងដីតែពុំក្ដៅឡើយ រួមនឹងរូបចំលាក់ជាលិង្គ និង ព្រះវិស្ណុយ៉ាងច្រើនក្នុងបាតស្ទឹង។
ក្នុងភូមិសាស្ដ្រតំបន់ភ្នំគូលែននៅមានប្រាសាទជាច្រើនទៀតជាប្រាសាទតូចៗ ធ្វើអំពីឥដ្ឋព្រោះទីនោះនាអតីតកាលមាន ស្ដេចមួយអង្គ ព្រះនាម ជ័យវរន្ម័ទី២ បានតាំងរាជធានីនៅ ហើយបានបន្សល់ទុក កេរ្ដិ៍តំណែល ដ៏ច្រើនរហូតមកដល់ សព្វថ្ងៃ។ រមណីយដ្ឋានធម្មជាតិ ប្រកបដោយកេរ្ដិ៍តំណែល ដ៏ត្រកាលនេះ បានទាក់ទាញ និងប្រែក្លាយជាតំបន់ទេសចរណ៏មួយដ៏ប្រណីតរបស់ខេត្ដសៀមរាប។ ដោយហេតុថា ភ្នំនេះ សំបូរដោយដើមគូលែន នោះទើបភ្នំនេះគេឱ្យឈ្មោះថា “ភ្នំគូលែន”។



