ថ្ងៃរៀបការ និងថ្ងៃក្រោយរៀបការ មួយណាសំខាន់?
អ្នកទាំងអស់គ្នាគិតថា «ថ្ងៃរៀបការ» សំខាន់ណាស់មែនទេ? ប៉ុន្តែខ្ញុំវិញយល់ថា «ថ្ងែរៀបការមិនសំខាន់ណាស់ណាទេ សំខាន់គឺថ្ងៃក្រោយរៀបការ ព្រោះការរៀបការប្រើពេលតែមួយថ្ងៃ តែក្រោយរៀបការអ្នកត្រូវរស់នៅជាមួយគ្នាមួយជីវិត... ដូច្នេះអ្នកត្រូវឆ្លងកាត់រឿងគ្រប់បែបយ៉ាងជាមួយគ្នា..»
អ្នកត្រូវចងចាំថា «ថ្ងៃរៀបការ» គឺជាថ្ងៃចាប់ផ្តើមបើកទំព័រជីវិតថ្មីរបស់អ្នក។ បើអ្នកចង់អោយ «ថ្ងៃក្រោយរៀបការ» ប្រកបដោយសេរីមង្គលពិតប្រាកដ អ្នកត្រូវ លះបង់ អត់ទ្រាំ យល់ព្រម... ទោះជាអ្នកមិនចង់ក៏ដោយ...។
លៈបង់៖ កាលពីអ្នកនៅម្នាក់ឯង អ្នកមានទម្លាប់ជារបៀបម្នាក់ឯង ដូច្នេះទម្លាប់មួយចំនួនត្រូវលះបង់ដាច់ខាត។ ការលះបង់សំបកខាងក្រៅដូចជា លះបង់ទម្លាប់ចូលបន្ទប់ទឹកមិនបិទទ្វារ លះបង់ការអង្គុយយប់ជ្រៅ ការមើលភាពយន្ត ការស្តាប់តន្រ្តី បើសិនជាដៃគូរបស់អ្នកមិនចូលចិត្ត ហើយសំណូមពរអោយបញ្ឈប់។
អត់ទ្រាំ៖ កាលពីនៅម្នាក់ឯង អ្នកអាចធ្វើអ្វីៗគ្រប់យ៉ាងដោយគ្មានអ្នកណាហាមឃាត់ រឺរអ៊ូរទាំ តែពេលអ្នករៀបការរួច រាល់ទង្វើឯករាជ្យទាំងនោះពិតជាជៀសមិនផុតពីការរអ៊ូរទាំ រឺស្តីបន្ទោស រឺមិនយកចិត្តទុកដាក់ ដូច្នេះអ្នកត្រូវអត់ទ្រាំ រឺឈប់ធ្វើវាតែម្តងទើបប្រសើរ។
យល់ព្រម៖ អ្នកមានទម្លាប់ស្អាតបាត មានទម្លាប់ ដើរហើរ រឺមានទម្លាប់ញាំរបស់ហឹរ ជូរ ផ្អែមជាដើម ពេលនៅម្នាក់ឯង តែពេលរៀបការរួច ដៃគូរបស់អ្នកបែជាចូលចិត្តផ្ទុយពីអ្នក ដូច្នេះបើសិនជាអ្នកមិនព្រមលះបង់ចោលទម្លាប់ផ្ទាល់ខ្លួន ហើយដៃគូមិនព្រមទទួលយកទេ អ្នកទាំងពីរមានតែឆ្នាំងពីរចានពីរមិនខាន។
បញ្ជាក់៖ ចំនុចទាំង៣ខាងលើគឺគ្រាន់តែជាសំបកខាងក្រៅនៃជីវិតគូតែប៉ុណ្ណោះ តែវាក៏មានឥទ្ធិលខ្លាំងខ្លាទៅលើផ្លូវអារម្មណ៌ មនោសញ្ចេតនា ស្នេហា និងគ្រួសារផងដែរ។ បើសិនជាបុគ្គលជាលះបង់ អត់ទ្រាំ យល់ព្រម អោយគ្នាទៅវិញទៅមក គេនឹងមើលឃើញពន្លឺសុភមង្គលរៀងដរាបដល់ចាស់កោងខ្នង។ ផ្ទុយពីនេះ បើទោះជាគេមានគ្រិះស្នេហា គ្រិះគ្រួសារ និងទ្រព្យសម្បត្តិដ៏រឹងម៉ាំយ៉ាងណាក៏ដោយ ក៏គេមិនអាចរក្សាជំហរគ្រួសារសុភមង្គលមួយបានដែរ។