ប្រាសាទចៅសាយទេវតាតូចច្រឡឹងស្រស់ប្រណីតតែហាក់រំលងភ្នែកអ្នកទេសចរទូទៅ
ខេត្តសៀមរាប ៖ ប្រាសាទចៅសាយទេវតា ស្ថាបនាឡើងនៅចុងសតវត្សទី១១ដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ រចនាបថអង្គរវត្ត ដើម្បីឧទ្ទិសថ្វាយសាសនាហិណ្ឌូ ។ ប្រាសាទនេះមានទីតាំងស្ថិតនៅខាងកើតទ្វារជ័យនៃក្រុងអង្គរធំ ឈមគ្នានឹងប្រាសាទធម្មនន្ទ ។ មិនគួរណាអ្នកទេសចរជាតិអន្តរជាតិ មើលរំលងបូជនីយដា្ឋនតូចច្រឡឹងមួយនេះសោះ ។
ការហៅឈ្មោះចៅសាយទេវតានេះ តៗគ្នាពីមុនដល់បច្ចុប្បន្ន មិនមានប្រភពណាបញ្ជាក់ច្បាស់លាស់ទេ តែបើតាមការសន្និដ្ឋានរបស់អ្នកស្រុក ឈ្មោះប្រាសាទនេះ ប្រហែលជាឈ្មោះមេទ័ពដែលមានស្នាដៃល្អម្នាក់ក្នុងការធ្វើសឹកសង្គ្រាម ឬអ្នកមានស្នាដៃក្នុងការធ្វើអ្វីមួយនោះហើយ បានជាគេដាក់ឈ្មោះនេះរហូតមក ។
សព្វថ្ងៃអ្នកស្រុកហៅឈ្មោះប្រាសាទនេះត្រឹមចៅសាយប៉ុណ្ណោះ មិនមានពាក្យទេវតានៅខាងចុងទេ នេះជាទម្លាប់របស់ខ្មែរដែលច្រើនប្រើឈ្មោះ ខ្លីៗប៉ុណ្ណោះ ។
ប្រាសាទចៅសាយទេវតា នេះមានរូបរាងតូចច្រឡឹង មានចម្លាក់ក្បូរក្បាច់ ល្អវិចិត្រ រស់រវើក បែរមុខទៅទិសខាងកើតសំដៅស្ទឹងសៀមរាប មានស្រះ២ និងគូទឹកព័ទ្ធជុំវិញ តែបច្ចុប្បន្នស្រះ និងគូទឹករីងស្ងួតស្ទើរតែគ្មានសោះ ជំនួសដោយដើមឈើតូចធំជាច្រើនដុះក្នុងនោះ ។
ថ្វីតដ្បិតប្រាសាទចៅសាយទេវតា ស្ថិតនៅក្បែរប្រាសាទ ធំៗជាច្រើន តែហាក់ដូចជាស្ងប់ស្ងាត់ណាស់ព្រោះមិនសូវមានអ្នកទេសចរចាប់អារម្មណ៍ច្រើនដូចប្រាសាទអង្គរវត្ត បាយ័ន និងតាព្រហ្មទេ ។
ប្រធានក្រុមគ្រប់គ្រងភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទលោកឈួម ឆាត ឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា ទេសចរដែលចូលមើលប្រាសាទទាំង២នេះ ក្នុង១ថ្ងៃបានប្រហែលជាង២០០នាក់ប៉ុណ្ណោះ ហើយភាគច្រើនជាជនជាតិចិន ។ មូលហេតុដូច្នេះព្រោះប្រាសាទនេះតូច ហើយភ្ញៀវខ្លះមានរយៈពេលទស្សនាខ្លី ទើបពួកគេចាប់អារម្មណ៍តែប្រាសាទ ធំៗ។ ប្រាសាទនេះ ជួសជុលដោយរដ្ឋាភិបាលចិន សម្រាប់ការអភិរក្សអង្គរហៅកាត់ថា CSA ចាប់ពីឆ្នាំ១៩៩៨ ហើយបញ្ចប់នៅឆ្នាំ២០០៨ ។ មុនពេលជួសជុល ប្រាសាទចៅសាយទេតាខូចខាតច្រើនទោះជាតួកណ្ដាល និងតួខាងកើតមានស្ថានភាពនៅល្អក៏ដោយ ប៉ុន្តែដំបូល និងតួផ្សេងទៀតបាក់បែកស្ទើរទាំងស្រុង ។ ជើងចម្លាក់ និងជញ្ជាំងមួយចំនួនទ្រេត និងខុសពីកន្លែងដើម ។ ចំណែកអ្នកជំនាញបារាំង បានជួសជុលតួខាងលិចក្នុងទសវត្ស៥០ ប៉ុន្តែជើងចម្លាក់នៅកន្លែងផ្សេងទៀតខូចខាតតិច ឬច្រើនដោយអន្លើ ។
វិធីសាស្ដ្រក្នុងការជួសជុល និងអភិរក្ស ដែល CSA យកមកប្រើរួមមានការប្រមែប្រមូល និងរៀបថ្មដែលនៅរាយប៉ាយឡើងវិញ រៀបចំជួសជុលជើងចម្លាក់ និងយកទៅដាក់តាមកន្លែងដើម រៀបចំប្រព័ន្ធបង្ហូរទឹក ជួសជុលសំណង់ប្រាសាទ ពង្រឹងរចនាសម្ព័ន្ធស្ថាបត្យកម្ម ជួសជុល និងថែទាំថ្ម ដែលខូចខាត និងថ្មដែលល្អផ្សេងៗទៀត ។ នៅពេលជួសជុលស្ថាប័ន CSA បានយកថ្មដែលនៅរាយប៉ាយមកដាក់កន្លែងដើមវិញបានចំនួនជាង៣០០០ដុំ ។
ក្រុមការងារជំនាញខាងអភិរក្សបានចំណាយពេលជិតមួយទសវត្សធ្វើឱ្យការខូចខាត និងគ្រោះថ្នាក់នៅប្រាសាទចៅសាយទេវតា ត្រូវបានដោះស្រាយទាំងស្រុង ។ ថ្មដែលបាក់ធ្លាក់បានរៀបចូលកន្លែងដើម ចំណែកថ្មខ្លះទៀតត្រូវបានជួសជុល និងពង្រឹងឡើងវិញ ឱ្យមានសភាពដូចដើមទៅតាមរចនាបថ លក្ខណៈស្ថាបត្យកម្មរចនាសម្ព័ន្ធសម្ភារសំណង់ និងបច្ចេកទេសសាងសង់ ៕
ប្រភពពី កោះសន្តិភាព