របៀបធ្វើឡាបសាច់ជ្រូកឆ្ងាញ់គួរឲ្យចង់ញ៉ាំ
គ្រឿងផ្សំ៖
- សាច់ជ្រូក ៣ខាំ
- ថ្លើមជ្រូក ២ខាំ
- ពោះវៀនខ្ចី ២ខាំ
- អង្ករលីង កន្លះចានចង្កឹះ
- ទឹកប្រហុក កន្លះចានចង្កឹះ
- ជីអង្កាម ជីសាំងក្រហ៊ុម ១ក្ដាប់ និងបន្លែត្រសក់ ស្ពៃក្រញ៉ាញ់ សាលាដ សណ្ដែកកួរ...
- ខ្ទឹមក្រហម ៧មើម ដើមខ្ទឹម វ៉ាន់ស៊ុយ
- ទឹកត្រី ក្រូចឆ្មា ម្ទេសបុក
វិធីធ្វើ៖
១- សាច់ជ្រូក និងគ្រឿងក្នុងលាងអោយស្អាត សាច់ជ្រូកចិញ្ច្រាំល្អិត ដាក់ទៅក្នុងឆ្នាំងដាំពុះឆ្អិន ហើយលើកចេញ។
ថ្លើមជ្រូកហាន់ស្ដើងៗ ស្រុះទឹកក្ដៅល្មមតែឆ្អិន ។ ពោះវៀនខ្ចី ស្ងោរឆ្អិនហើយហាន់តូចៗ យកគ្រឿងទាំងអស់នេះដាក់ទៅក្នុងឆ្នាំងសាច់ជ្រូកចិញ្ច្រាំ។
២- យកទឹកប្រហុកដាក់ដាំអោយពុះ ចាក់ទៅក្នុងឆ្នាំងសាច់ជ្រូកកូរអោយចូលគ្នា ច្របាច់ក្រូចឆ្មា ដាក់ម្ទេសបុក អង្ករលីងបុកម៉ដ្ឋ និងទឹកត្រី ។
៣- បេះជីអង្កាម ជីសាំងក្រហ៊ុម បកសំបកខ្ទឹមក្រហមហាន់ស្ដើងៗ ដើមខ្ទឹម វ៉ាន់ស៊ុយកាត់ខ្លី ដាក់ចូលទៅក្នុងឆ្នាំងសាច់ជ្រូក កូរអោយសព្វចូលគ្នា ភ្លក្សមើលតាមចំណូលចិត្ដនៃរសជាតិតាមត្រូវការ ។ ភ្លក្សមើលឃើញថាបានហើយ ទទួលទានជាមួយបន្លែស្រស់ ជាការស្រេច៕












