សកម្មភាពប្រចាំថ្ងៃ ដែលអាចបំផ្លាញតម្រងនោមលោកអ្នកដោយមិនដឹងខ្លួន
សកម្មភាពប្រចាំថ្ងៃ ឬទម្លាប់ប្រចាំថ្ងៃរបស់លោកអ្នក ពិតជាបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើ សុខភាពរាងកាយទាំងមូលរបស់លោកអ្នក។ ហើយថ្ងៃនេះ ខ្ញុំ សូមធ្វើការណែនាំលោកអ្នក អំពីសកម្មភាពប្រចាំថ្ងៃ៥យ៉ាង ដែលអាចបំផ្លាញតម្រងនោមរបស់លោកអ្នកយ៉ាងខ្លាំង តែលោកអ្នកមិនសូវចាប់អារម្មណ៍នោះទេ។ សូមបញ្ជាក់ជូនជា តម្រងនោមជាសរីរាង្គមួយ ដែលមាននាទីយ៉ាងសំខាន់ក្នុងការបញ្ចេញជាតិពុលពីរាងកាយ និងជំរុញឲ្យឈាមរត់បានស្រួលក្នុងរាងកាយ។
តម្រងនោមមានបញ្ហាគឺមានន័យថា រាងកាយពោរពេញទៅដោយជាតិពុល ហើយបញ្ហាសុខភាពទូទៅក៏ថយចុះដែរ។ ហើយសកម្មភាពទាំង ៥ នោះរួមមាន៖
1. ញ៉ាំទឹកមិនបានគ្រប់គ្រាន់៖ ការញ៉ាំទឹកមិនបានគ្រប់គ្រាន់បានធ្វើឲ្យបរិមាណឈាម ដែលហូរទៅផ្គត់ផ្គង់តម្រងនោមថយចុះ។ ជាមធ្យមលោកអ្នកគួរញ៉ាំទឹកឲ្យបាន ១០ទៅ១២ កែវ ឬយ៉ាងតិច ២លីត្រ ក្នុងមួយថ្ងៃ។
2. ញ៉ាំកាហ្វេច្រើនជ្រុល៖ វាបានធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ ហើយតម្រងនោមក៏ធ្វើការច្រើនជាងធម្មតាដែរ។ លោកអ្នកមិនគួរញ៉ាំកាហ្វេច្រើនជាង ២ ពែងក្នុងមួយថ្ងៃនោះទេ។
3. ញ៉ាំអំបិលច្រើន៖ អំបិល ឬអាហារដែលមានជាតិប្រៃខ្លាំងក៏ធ្វើឲ្យតម្រងនោមធ្វើការកាន់តែខ្លាំងដែរ។ លោកអ្នកមិនគួរញ៉ាំអំបិលឲ្យច្រើនជាង ៥ ក្រាមនោះទេក្នុងមួយថ្ងៃ។
4. ញ៉ាំគ្រឿងស្រវឹងច្រើន៖ គ្រឿងស្រវឹងបន្ថែមសម្ពាធយ៉ាងខ្លាំងចំពោះថ្លើម និងតម្រងនោម។ លោកអ្នកមិនគួរញ៉ាំស្រាបៀរឲ្យច្រើនជាង ២ កំប៉ុងនោះទេក្នុងមួយថ្ងៃសម្រាប់បុរស ហើយសម្រាប់ស្រ្តីមិនគួរញ៉ាំឲ្យលើសពី ១ កំប៉ុងនោះទេក្នុងមួយថ្ងៃ។
5. គេងមិនបានគ្រប់គ្រាន់៖ ការគេងមិនបានគ្រប់គ្រាន់ក៏អាចជះឥទ្ធិពលយ៉ាងខ្លាំងដែរសម្រាប់ តម្រងនោម។ ដើម្បីសុខភាព លោកអ្នក គួរគេងឲ្យបានពី ៦ទៅ៨ ម៉ោងក្នុងមួយថ្ងៃ៕