សូមជួយត្រេកអរផង! សិស្សជាប់និទ្ទេស A ក្នុងខេត្តចំនួន៣ បានទទួលរង្វាន់លើកទឹកចិត្ត
សៀមរាប ៖ សិស្សប្រឡងជាប់និទ្ទេសA កាលពីពេលថ្មីៗនេះ ត្រូវបានប្រគល់រង្វាន់លើកទឹកចិត្តតាមការសន្យា របស់ប្រមុខរាជរដ្ឋាភិបាល ។ សិស្សប្រឡងជាប់និទ្ទេសAចំនួន៧៩នាក់ នៅក្នុងខេត្តចំនួនបី គឺខេត្តសៀមរាប ក្រចេះ និង បាត់ដំបង បានទទួលរង្វាន់លើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់ពួកគេ ។
នៅក្នុងខេត្តសៀមរាប ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប បានប្រគល់ម៉ូតូម្នាក់មួយគ្រឿង និង សាំង៥០លីត្រ ដល់សិស្សជាប់និទ្ទេសA ចំនួន៣៦នាក់ ស្រី១៤នាក់ ខណៈ ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានប្រគល់រង្វាន់ដល់សិស្សម្នាក់ៗនូវកំព្យូទ័រ មួយគ្រឿង និង ប្រាក់ជាងមួយលានរៀល ដែលសិស្សសរុបទាំងអស់មានចំនួន៣៤នាក់ កាលពីថ្ងៃទី១៨ ខែកញ្ញា ម្សិលម៉ិញ ។
ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា កាលពីចុងសប្តាហ៍កន្លងមកនេះ ក៏បានចែករង្វាន់ជាទូរស័ព្ទ Tablet ម៉ាកសាំសុងមួយគ្រឿង ថវិកាចំនួនមួយរយដុល្លារ និង សម្ភារប្រើប្រាស់មួយចំនួនទៀតផងដែរ ដល់សិស្សម្នាក់ៗក្នុងចំនួនសិស្ស៩នាក់ ។
ក្រុមមន្ត្រីទាំងអស់ បានថ្លែងថា លទ្ធផលប្រឡងនៅពេលបច្ចុប្បន្ននេះ គឺជាលទ្ធផល នៃការកែទម្រង់របស់រាជរដ្ឋាភិបាល និង ក្រសួងអប់រំ យុវជន និង កីឡា ដើម្បីពង្រឹងវិស័យ អប់រំប្រកបដោយគុណភាព និង បណ្តុះបណ្តាលធនធានមនុស្សពិតប្រាកដ ។
ក្រុមមន្ត្រីទាំងអស់បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរៀនសូត្រ របស់សិស្ស ដែលជាប់និទ្ទេសAទាំងអស់ ហើយបានអំពាវឲ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្របន្ត ទៀតនៅសាកលវិទ្យាល័យ ជាពិសេស ត្រូវខិតខំរៀនសូត្រចាប់យកជំនាញវិជ្ជាជីវៈ ៕
ប្រភពព័ត៌មាន Khmer-plus