ម្នាក់ៗព្រឺសំបុរ! អស្ចារ្យណាស់ ពិតជារះចំកណ្តាលប្រាង្គប្រាសាទអង្គរមែន
ខេត្តសៀមរាប ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលតាមការប្រមាណជាបឋម មានប្រហែលជាង១ម៉ឺននាក់ នាំគ្នាទៅមើលព្រះអាទិត្យរះចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត នាព្រឹកទី២៣ កញ្ញា ២០១៦ នេះ ដោយម្នាក់ៗរូតរះទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យ ដែលព្រះអាទិត្យរះឡើងចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តតែម្តង ។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រុស ស្រី ក្មេងចាស់ បានក្រោកពីដំណេក តាំងពីម៉ោងមិនទាន់៥ភ្លឺព្រឹកនេះ ដែលបានដឹងអំពីព្រឹត្តិការណ៍សមរាត្រី ដែលព្រះអាទិត្យរះឡើងចំកំពូលប្រាសាទអង្គរវត្តនេះ បានមកជុំគ្នា ដើម្បីគយគន់មើលពន្លឺព្រះអាទិត្យ ដោយផ្សារភ្ជាប់នឹងទិដ្ឋភាពប្រាង្គប្រាសាទអង្គរវត្តយ៉ាងច្រើនណែនណាន់តាន់តាប់។ នេះជាការប្រមូលផ្តុំមហាជនដ៏ច្រើនមិនធ្លាប់មានក្នុងព្រឹត្តិការណ៍បែបនេះកន្លងមក ក្នុងខេត្តសៀមរាប។
បើតាមការបញ្ជាក់ពី អ្នកប្រមាញ់រូបថតទាំង អ្នកមានអាជីពថតរូប និងអ្នកដែលចូលចិត្តថតរូបធម្មតា សុទ្ធតែបានត្រៀមខ្លួនជាស្រេច ដើម្បីផ្តិតយកទេសភាពដ៏អស្ចារ្យនេះផងដែរ ។ មិនតែប៉ុណ្ណោះ ចំពោះអ្នកសារព័ត៌មាន បណ្តាញទូរទស្សន៍ ដ៏ល្បីៗជាច្រើនក្នុងស្រុក ក៏បានប្រមូលផ្តុំជួបជុំគ្នា ដើម្បីបង្ហាញពីព្រឹត្តិការណ៍ដ៏កម្រនេះ ទៅកាន់សំណាក់មហាជនជាច្រើនទៀត ដែលនៅឆ្ងាយៗមិនអាចមកចូលរួមទស្សនាដោយផ្ទាល់បានឡើយ។
គួររំលឹកថា នៅក្នុងប្រទេសកម្ពុជា តាំងពីបុរម្យបុរាណមក ព្រះអាទិត្យដែលរះចំប្រាង្គ កណ្តាលប្រាសាទអង្គរវត្ត នាទីក្រុងអង្គរ មិនធ្លាប់មានទាល់តែសោះ ។ បើតាមសម្តីចាស់ព្រឹទ្ធាចារ្យ ដែលរស់នៅក្នុងប្រាសាទអង្គរវត្តនោះ ។ ដូច្នេះសូមឱ្យបងប្អូនជនជាតិខ្មែរ ទាំងអស់ ព្រមទាំងភ្ញៀវបរទេស អញ្ជើញទស្សនារូបភាពស្អាតពិតៗ នៃព្រឹត្តិការណ៍ព្រះអាទិត្យរះចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនាព្រឹកថ្ងៃទី២៣ កញ្ញា នេះទាំងអស់គ្នា ដើម្បីកុំឱ្យកន្លងហួសទៅឱ្យសោះ ។
ប្រភពព័ត៌មានពី កោះសន្តិភាព










