top of page

ពង្រឹង​វិស័យ​អប់រំ​ឡើងវិញ គឺថា ទី១ កសាង​ទំ​នុ​ចិត្ត ទី២ កសាង​ភាពកក់ក្តៅ ទី៣ កសាង​ចិត្ត​សន្តិភាព

ការអភិវឌ្ឍន៍​ប្រទេស​គឺ ពឹង​ផ្អែកលើ​ធនធានមនុស្ស ដែលមាន​ការអប់រំ​ប្រកបដោយ​គុណភាព សីលធម៌ ការទទួលខុសត្រូវ​ខ្ពស់ និង​ទំនុកចិត្ត។ ពាក្យចាស់​លោក​ពោលថា៖ «បើ​ក្បាល​មិន​រឹង កន្ទុយ​ច្បាស់​មិន​ត្រង់»។ បើ​គ្មាន​ទំនុកចិត្ត គឺ​គ្មាន​ភាពកក់ក្តៅ។ បើ​គ្មាន​ភាពកក់ក្តៅ គ្មាន​កម្លាំង​ធ្វើការ។ បើ​គ្មាន​ទឹកចិត្ត​ធ្វើការ គ្មាន​លទ្ធផល។ គ្មាន​លទ្ធផល ធ្វើ​ឲ្យ​ផែនការ​មិនបាន​សម្រេច។ បើ​ផែនការ​មិនបាន​សម្រេច ធ្វើ​ឲ្យ​បាត់​បត់​ឱកាស។ បាត់បង់​ឱកាស គឺ​បាត់បង់​ភាពជា​ម្ចាស់ការ។ បាត់បង់​ភាពម្ចាស់ការ គឺ​អ្នកដទៃ​ចូល​ជ្រៀតជ្រែក។ អ្នកដទៃ​ចូល​ជ្រៀតជ្រែក យើង​ចុះខ្សោយ។ យើង​ចុះខ្សោយ គេ​ធ្វើបាប​យើង។ គេ​ធ្វើបាប​យើង គឺ​យើង​រើ​បម្រាស់។ ពេល​យើង​រើ​បម្រាស គេ​គាប​យើង​បន្ថែមទៀត។ គេ​គាប​យើង​បន្ថែម យើង​រើ​បម្រាស​បន្ថែម ...។ គឺ​ច្បាស់​ជា​វិល​ទៅ​វិល​មករ​ហូត មិនចេះចប់ មិនចេះហើយ។ ដូច​ពាក្យចាស់​លោក​ពោលថា៖ «អ្នកមាន​មិនដែល​បី ត អ្នកក្រ​មិនដែល​ដល់​ទៅ​បី​ជាន់»។

ភាពជា​អ្នកដឹកនាំ នៅ​ដំណាក់កាល​ចុងក្រោយ គឺ​អាស្រ័យ​លើ​ពាក្យ«ភាពកក់ក្តៅ និង​ទំនុកចិត្ត»។ បើ​និយាយ​ផ្សេង​ធ្វើ​ផ្សេង ម្តេច​នឹងមាន​ទំនុកចិត្ត​ទៅ? បើ​គ្មាន​ទំនុកចិត្ត ម្តេច​នឹងមាន​ភាពកក់ក្តៅ​ទៅ? នៅពេល​កូនចៅ​មិន​ស្តាប់​ម៉ែឪ ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា​រាល់ថ្ងៃ រាល់​ខែ តើ​ក្រុមគ្រួសារ​មាន​ភាពកក់ក្តៅ​យ៉ាង​ម្តេច? ដូច ខុង ជឺ និយាយ​អ៊ីចឹង៖ មនុស្ស​មិនមែន​រស់​ដោយសារតែ​ចំណីអាហារ ស៊ីចុកបុកទំពារ​នោះទេ គឺ​ដោយសារ​ដង្ហើម។ គាត់​ចង់​និយាយថា៖ មនុស្ស​រស់​ដោយសារ ភាពកក់ក្តៅ និង​ទំនុកចិត្ត។ មាន​អ្នកមាន​តិច​ណាស់ ដែល​អាច​ដេកលក់​ស្រួល​រៀងរាល់​យប់ និង​មានចិត្ត​ស្រឡះ។ ភាពកក់ក្តៅ និង​ទំនុកចិត្ត មិនមែន​និយាយ​ឲ្យ​តែ​រួចពីមាត់​នោះទេ គឺ​ទាមទារ​ការអនុវត្ត​ជាក់ស្តែង ហើយ​ឲ្យ​ចំ​ចំណុចរសើប​ទៀតផង។ ឧទាហរណ៍ ក្រុមគ្រួសារ​គ្រូបង្រៀន គឺ​ត្រូវ​ទទួល​ការព្យាបាល​ជំងឺ​ដោយ​ឥត​បង់ថ្លៃ... នេះ​ជា​ភាពកក់ក្តៅ។កូន​ត្រូវ​រៀនសូត្រ ដោយ​មិនបាច់​បង់ប្រាក់....។ តែ​ប៉ុណ្ណឹង គឺ​ដូច​ដំឡើង​ប្រាក់ខែ​ឲ្យ​គាត់១០លាន​រៀល​អ៊ីចឹង។ តើ​រក​ឯណា​បាន? សម័យ​រាជការ​ឈី​ង តួអង្គ​វៃ​យ៉ាង ចាប់ផ្តើម​កសាង​ទំនុកចិត្ត​មនុស្ស​ដោយ​ប្រើ​ឲ្យ​លី សសរ ហើយ​ឲ្យ​ប្រាក់​ជា​រង្វាន់...។ បន្ទាប់មក​ដោះស្រាយ​ទំនាស់​ដោយ​ឈរលើ​សច្ចៈ​ភាព និង​យុត្តិធម៌...។ ខ្ញុំ​គិតថា​រឿង​ធនធានមនុស្ស គឺអាច​ជប់​បាន៥០ម៉ឺន​នាក់ភ្លាមៗ បើ​មនុ​ស្សមាន​ទំនុកចិត្ត និង​ភាពកក់ក្តៅ។ តែ​អ្វីដែល​ពួកគេ​យល់​ខុស​នោះ គឺ​គេ​យល់ថា លុយកាក់​ជា​ដំណោះស្រាយ។ និយាយ​បែប​ម្យ៉ាងទៀត គ្មាន​លុយកាក់ យើង​អាចរ​ស់បាន តែបើ​គ្មាន​ចិត្ត និង​ការជឿជាក់ ទោះជា​មាន១០ម៉ឺន​ដុល្លារ​ក្នុង​មួយខែ ក៏​ពិបាក​រស់នៅ​ដោយ​សុខ​ស្រួល​ដែរ។ ឧទាហរណ៍ ជនជាតិ​ឃើ​ដ នៅ​សម័យ​សា​ដាម គឺមាន​ប្រជាជន​ជាច្រើន ដែល​រត់​ទៅសុំ​សិទ្ធិ​ជ្រកកោន​នៅ​បរទេស ដូចជា​អូស្ត្រាលី អាមេរិក បារាំង អង់គ្លេស​ជាដើម...។ តែ​ក្រោយមក រដ្ឋាភិបាល​បានដាក់​គោលនយោបាយ​ជាតិ​រួមមួយ​គឺ អ្នក​ដែលមាន​សញ្ញាបត្រ​បណ្ឌិត ហើយ​មានចិត្ត​ចង់​វិល​មក​ប្រទេស​វិញ ត្រូវ​ផ្តល់​អភ័យឯកសិទ្ធិ​ពិសេស គឺ​ប្រហាក់ ប្រហែល​នឹង​តំណាងរាស្ត្រ មិនអាច​ចាប់ចង​បាន បើ​គ្មាន​ទោស​ជាក់ស្តែង។ អាច​ប្តឹងផ្តល់​បាន តែ​មិនអាច​ជាប់ទោស​លើសពី៥ឆ្នាំ។ នេះ​គេ​ហៅថា​កសាង​ទំនុកចិត្ត គឺ​មិនបាច់​ចាយលុយ​ទេ ព្រោះ​លុយ​គេ​ចាយ​មិន​អស់​ទៅហើយ។ តែបើ​យើង​និយាយ​ពី​ការចាយ​ចិត្ត គេ​ច្បាស់​ជា​សើចចំអក​ឲ្យ​យើង​ថា៖សម័យ​គេ​ចាយលុយ​ទៅហើយ គឺ​មិនមែន​ចាយ​ចិត្ត​នោះទេ។ អ៊ីចឹង​ត្រូវ​សួរ​ទៅវិញ​ថា៖ ចាយលុយ ឬ​ចាយ​ចិត្ត តើ​អ្នកណា​ជា​អ្នកបង្កើត​វប្បធម៌​ហ្នឹង? ចម្លើយ​គឺ​មនុស្ស មិនមែន​ខ្មោច​ព្រាយ​បិសាច ឬ​ព្រះឥន្ទ្រ ព្រះព្រហ្ម…មកពីណា ទេ។ បើ​មនុស្ស​ជា​អ្នកបង្កើត​វប្បធម៌​ចាយលុយ​ជាង​ចាយ​ចិត្ត ហេតុ​អី​បានជា​មិនអាច​នាំគ្នា​បង្កើត​វប្បធម៌​ចាយ ចិត្ត ឲ្យ​ធំ​ជាង​ចាយលុយ? បើ​មិនអាច គឺ​មកពី​មនុស្ស​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ហ្នឹងហើយ។ ឲ្យ​តែ​មនុស្ស​ចាយ​ចិត្ត ជាង​ចាយលុយ គឺអ្វីៗក៏​អាច​ដោះស្រាយ​បានដែរ អំពើពុករលួយ​ក៏​កាត់បន្ថយ ចោរកម្ម​អសន្តិសុខ​សង្គម ក៏​កាត់បន្ថយ...។ ខ្ញុំ​គិតថា អ្នកដឹកនាំ​ជំនាន់​ក្រោយ​ត្រូវតែ​ផ្លាស់ប្តូរ​សតិ​នៃ​ការគិត។ ឫសគល់​ចម្បង​នៃ​បញ្ហា​ទាំងអស់ គឺ​មកពី​ចិត្ត។ គឺ​ចិត្តគំនិត​គិតថា​លុយ​សំខាន់។ លុយ​សំខាន់​បានជា​ទៅ​ចាប់​អំណាច​ឲ្យ​ជាប់ រហូត​មាន​ជំងឺ​តួឯក ជំងឺ​អាត្មានិយម អត្តនោម័ត និង​ផ្តាច់ការ​ជាដើម។ ចុងបញ្ចប់​នៃ​ជីវិត​មនុស្ស សូម្បី​កាក់​នៅក្នុង​មាត់ សក់​មួយ​សរសៃ​លើ​ក្បាល ក៏​យកទៅ​មិនបាន​ផង។ ហេតុតែ​លុយកាក់​សំខាន់ បានធ្វើ​ឲ្យ​អ្នក​ទាំងអស់គ្នា​ធ្វើការ​គ្មាន​ថ្ងៃ​សម្រាក។ ហេតុតែ​ចំណង​លុយកាក់​រឹត​កាន់តែ​តឹង បានជា​អ្នក​ទាំងអស់គ្នា​គ្មាន​មិត្ត​យល់ចិត្ត គឺ​យល់​តែ​លុយ។ ចិត្ត​រឹងមាំ​ពោរពេញ​ទៅដោយ​ទំនុកចិត្ត និង​ភាពកក់ក្តៅ ទើប​ជា​អ្វីដែល​មនុស្សម្នា​គ្រប់គ្នា​ចង់បាន​ពិតប្រាកដ។ ដូច្នេះ​បញ្ហា​នៃ​វិស័យ​អប់រំ​មិនមែន​អំពើពុករលួយ ឬ​ភាព​អសកម្ម​នៃ​មន្ត្រី ឬ​ខ្វះ​ធនធានមនុស្ស​នោះទេ គឺ​មកពី​ទឹកចិត្ត ខ្វះ​ទំនុកចិត្ត ខ្វះ​ភាពកក់ក្តៅ​ក្នុង​ចិត្ត។ មើល​ប្រទេស​ជប៉ុន​ម្តង បន្ទាប់ពី​ចាញ់​សង្គ្រាមលោកលើកទី២ អ្វីៗក៏​មិន​សល់​ដែរ។ (ដូច​ខុង​មិញ​និយាយថា៖ «ក្រៅពី​ក្បាល​នៅលើ-ក អ្វី​ក៏​គ្មាន​ទៀត​ដែរ») ប៉ុន្តែ​ជប៉ុន​មាន​របស់​ម្យ៉ាង​គឺ«ចិត្ត»។ ទឹកចិត្ត​ដែល​ផ្តល់​ភាពកក់ក្តៅ និង​ទំនុកចិត្ត ធ្វើ​ឲ្យ​គេ​ដាក់​វិស័យ​អប់​រំជា​អាទិភាព​ចម្បង។ បើតាម​ខ្ញុំ​ចាំ​មិន​ខុស​ទេ ជនជាតិ​ជប៉ុន ដែល​មិន​បង្រៀន​កូន​នៅផ្ទះ​នៅ​សម័យ​នោះ គឺ​មានទោស​ស្មើនឹង​ក្បត់ជាតិ...។ ខ្ញុំ​ឃើញ​ជំហាន​ដំបូង​របស់លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន គឺ​កសាង​ទំនុកចិត្ត នោះ​គឺជា​ជំហាន​ត្រឹមត្រូវ និង​ចាំបាច់​បំផុត។ គាត់​ជ្រើសរើស​ការកសាង​ទំនុកចិត្ត និង​ភាពកក់ក្តៅ​ដល់​មន្ត្រីក្រោមឱវាទ​គ្រប់​រូបភាព។ នេះ​ទើប​ជា​អ្នកដឹកនាំ ដែលមាន​ទឹកចិត្ត ទស្សនៈ​វែងឆ្ងាយ និង​ត្រឹមត្រូវ។ គាត់​ត្រូវធ្វើ​កិច្ចការ​ជាច្រើន​ទៀត​ដើម្បី​ព្យាបាល​ជំងឺ«ទំនុកចិត្ត» និង​គាស់​ខ្មោច​នៃ​ភាព«កក់ក្តៅ»ឡើងមក​វិញ​ជា​បន្តបន្ទាប់។ គ្រួ​បង្រៀន និង​អ្នក​អប់រំ​ត្រូវតែ​ជា​អាទិភាព​ក្នុង​វិស័យ​អប់រំ។ គ្រូបង្រៀន​ជា​អ្នក​ព្យាបាល​ជំងឺ​សង្គម​គ្រប់បែបយ៉ាង។ គ្រូបង្រៀន​ជា​អ្នក​ដាំ​ចិត្ត​សន្តិភាព សេរីភាព ភាពកក់ក្តៅ ដែល​ពោរពេញ​ទៅដោយ​ទំនុកចិត្ត។ តែបើ​គាត់​គ្មាន​ភាពកក់ក្តៅ គ្មាន​ចិត្ត​សន្តិភាព គ្មាន​ទំនុកចិត្ត សម្រាប់​គ្រូបង្រៀនម្នាក់ៗទៅហើយនោះ តើ​ឲ្យ​ពួកគាត់​ទៅ​ដាំ ទៅប្រាប់​ដល់​សិស្សានុសិស្ស​យ៉ាង​ម៉េ្ត​ច​ទៅ? គឺ​ច្បាស់​ជា​ដូច​ពាក្យចាស់​លោក​ពោលថា «គីង្គក់​លក់​ថ្នាំ​ស្រែង» ជាមិនខាន។ សម័យនេះ កុំថាឡើយ​ឲ្យ​កូនស្រី​រៀបការ​ជាមួយ​គ្រួ​បង្រៀន សូម្បី​តែមាន​មិត្តភក្តិ​ជា​គ្រូបង្រៀន ក៏​ខ្លាច​ខ្លួនឯង​ថោកទាប​ទៅតាម​នោះដែរ។ នេះ​គឺជា​រឿង​គួរ​ឲ្យ​ឈឺចាប់​ណាស់ សម្រាប់​អ្នក​អប់រំ...។ ជំហាន​បន្ទាប់​របស់លោក​រដ្ឋមន្ត្រី​អប់រំ គួរតែ​ផ្តោតលើ​ភាពកក់ក្តៅ និង​សន្តិភាព​នៅក្នុង​ចិត្ត។ មាន​បី​ចំណុច៖ ទី១ ទំនុកចិត្ត។ ទី២ ភាពកក់ក្តៅ។ ទី៣សន្តិភាព​នៅក្នុង​ចិត្ត គឺ​សុទ្ធតែជា​ចំណុច​សំខាន់​ក្នុងការ​ដឹកនាំ​អង្គភាព ឬ​សង្គមជាតិ។ មកដល់ពេលនេះ ទំនុកចិត្ត​ទើបតែ​ធ្វើបាន​ត្រឹម​តែមួយ​ជំហាន​ប៉ុណ្ណោះ គឺ​នៅសល់​ជាង១០០ជំហាន​ទៀត។ "ភាពកក់ក្តៅ" ចាប់ផ្តើម​ឈាន​ជាជំហានៗហើយ ប៉ុន្តែ​មិនទាន់​ដឹង​លទ្ធផល​យ៉ាងម៉េច​នៅឡើយ​ទេ គឺ​ត្រូវ​ប្រឹង​ជា​បន្តបន្ទាប់​ទៀត។ "សន្តិភាព​ក្នុង​ចិត្ត" មិនទាន់បាន​ចាប់ផ្តើម​បោះជំហាន​ឈាន​ទៅមុខ​នៅឡើយ​ទេ ឬ​អាច​និយាយបានថា៖ កំពុង​ធ្វើ​ផែនការ តែ​មិនអាច​រង់ចាំ​ដល់២០១៨នោះទេ។ ៥ឆ្នាំក្រោយ ច្បាស់​ជាមាន​ការប្រែប្រួល​ច្រើនណាស់។ បើ​យកចិត្ត​គ្រូបង្រៀន​មិនបាន គឺ​សន្មត​ថា បរាជ័យ​មុន​ច្បាំង។ ដូច​ក្បួនសឹក​ពោលថា៖ ទឹកចិត្ត​កងទ័ព​មិន​មោះមុត សន្មត​ថា​សង្គ្រាម​ច្បាស់​ជា​ចាញ់​មុន​ចូល​សមរភូមិ​បាត់ទៅហើយ។ សំនួរ​បន្ទាប់​គួរតែ​សួរថា៖ តើ​ធ្វើ​យ៉ាងម៉េច​ទើប​ឲ្យ​លោកគ្រូ អ្នកគ្រូ​មាន​ភាពកក់ក្តៅ​ហើយ​មាន​ទឹកចិត្ត​សន្តិភាព? អ៊ីចឹង​គឺ​ត្រូវ​សួរ​ខ្លួនឯង​ថា បើ​យើង​ជា​ពួកគាត់​វិញ តើ​យើង​ត្រូវការ​អី? គឺ​មិនមែន​រឿង​ដំឡើង​ប្រាក់ខែ តែមួយ​មុខ​នោះទេ...។ ភាពកក់ក្តៅ និង​ចិត្ត​សន្តិភាព មិនអាច​ដោះដូរ​ជាមួយ​លុយកាក់​បានទេ។ រហូតមកដល់​ពេលនេះ បើ​ខ្ញុំ​ចាំ​មិន​ខុស​ទេ គឺ​មិនទាន់មាន​ការស្ទង់មតិ​របស់​មន្ត្រីរាជការ​នៅឡើយ​ទេ ជាពិសេស លោកគ្រូ អ្នកគ្រូ​នៅឡើយ​ទេ។ តើ​ធ្វើ​យ៉ាង​ម្តេច​ទើប​គាត់​មាន​ភាពកក់ក្តៅ ដោយ​មិនបាច់​ដំឡើង​ប្រាក់ខែ? ការចៀសវាង​ការដំឡើង​ប្រាក់ខែ គឺ​ការចៀសវាង​កសាង​សង្គម​មួយ ដែល​យកលុយ​ជាធំ។ បើ​សង្គម​មួយ​យកលុយ​ជាធំ គឺ​ច្បាស់​ជា​ជំងឺ​ចាស់​នៅ​ដដែល។ គឺ​បក្ស​ពួក​និយម ពុករលួយ អំណាច​ផ្តាច់ការ នឹង​នៅតែ​បន្ត​មាន​ឥទ្ធិពល​លើ​ពួកគាត់​ដដែល។ បើ​ខ្ញុំ​ជា​គាត់ គឺ​ខ្ញុំ​ច្បាស់​ជា​កំណត់​ថវិកា​ទុក​សម្រាប់ធ្វើ​ការសិក្សា​ស្រាវជ្រាវ​ស្ទង់​មតិ​ដើម្បី​បង្កើត​គោលនយោបាយ ជាតិ​គ្រឹះ​មួយ​សម្រាប់​ក្រសួង និង​សម្រាប់​រដ្ឋាភិបាល​ជាក់​ជាមិនខាន។ សរុបសេចក្តី​មក គោលការណ៍​សំខាន់ ដែល​លោក​រដ្ឋមន្ត្រី​គួរតែ​ចងចាំ និង​យកទៅអនុវត្ត​ដើម្បី​ពង្រឹង​វិស័យ​អប់រំ​ឡើងវិញ គឺថា ទី១ កសាង​ទំ​នុ​ចិត្ត ទី២ កសាង​ភាពកក់ក្តៅ ទី៣ កសាង​ចិត្ត​សន្តិភាព គឺ​ដូចជា​អង្ករ​បី​កំប៉ុង ដែល​ត្រូវតែ​ចំអិន អោយក្លាយ​ជា​បាយ​បី​ពេល​សំរាប់​មន្ត្រីរាជការ​អោយ​មាន​ភាពកក់ក្តៅ។ ទាំងបី​ចំណុច​ខាងលើ​មិនគួរ​ចំណាយពេល​លើសពី៣ឆ្នាំ​នោះទេ។ បើ​ធ្វើ​មិនបាន​ក្នុង​រយៈពេល​បី​ឆ្នាំ គឺ​បង្ហាញ​ពី​សមត្ថភាព​និង​ឆន្ទៈ​របស់លោក​រដ្ឋមន្ត្រី​មិន​មោះមុត។ អ៊ីចឹង​គួរតែ​ចេះ​ចាត់ចែង​កន្លែង​គួរសម​សម្រាប់​ខ្លួនឯង​ឲ្យ​ហើយ មុននឹង​មានរឿង​កើតឡើង។ ពាក្យចាស់ លោក​ពោលថា «មនុស្ស​មានបុណ្យ​អាច​សែង​ខ្មោច​ខ្លួនឯង​ទៅ​កប់​កន្លែង​ណា​ដែល​ខ្លួន​ពេញចិត្ត។ មនុស្ស​ចិត្ត​បាប បានត្រឹមតែ​ស្លាប់​មុន​អស់​ជីវិត»។

ដកស្រង់ចេញពីសារព័ត៌មាន ថ្មីថ្មី ដោយ ធូ វាសនា អ្នកព្រៃ​ភ្នំ ខេត្តរតនគិរី veasnathou@yahoo.com

Tags:

LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page