ការបកស្រាយ«ស្ត្រីមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ»
ប្រធាន១: មតិមួយបានលើកឡើងថា"ស្ត្រីមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ" ចូរពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់។
សេចក្តីអត្ថាធិប្បាយ
នៅគ្រប់សម័យកាលណា ក៏ដោយដើម្បីកសាងសង្គមជាតិឲ្យមានការរីកចម្រើនលូតលាស់ទៅមុខបានល្អចាំបាច់ត្រូវតែមានការចូលរួមពីស្ត្រីគ្រប់សកម្មភាពទាំងអស់ដោយមិនអាចខ្វះបាន។ ទោះបីការងារនោះតូចក្តីធំក្តីត្រូវតែមានស្ត្រីចូលរួមជាសមាជិក។ អាស្រ័យហេតុនេះហើយទើបមានមតិមួយបានលើកឡើងថា"ស្ត្រីមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ"។
តើស្ត្រីមានតួនាទីអ្វីខ្លះក្នុងការអភិវឌ្ឍសង្គមជាតិ?
ដើម្បីជាជំនួយដល់ការបកស្រាយមតិនៃប្រធានខាងលើឲ្យបានក្បោះក្បាយ និងស៊ីជម្រៅ ជាដំបូងគប្បីយល់អត្ថន័យនៃពាក្យគន្លឹះ «តួនាទី និង ការអភិវឌ្ឍ» ជាមុនសិន។ តួនាទីមានន័យថា មុខងារ ឬភារកិច្ចយ៉ាងចាំបាច់ មិនអាចអត់បាន។ រីឯអភិវឌ្ឍមានន័យថា ធ្វើឲ្យរីកចម្រើន ឬ ធ្វើឲ្យប្រសើរឡើងជាងមុន។ប្រធានចង់បង្ហាញឲ្យឃើញថាស្ត្រីមានតួនាទីយ៉ាងពិសេសក្នុងការជំរុញជាតិឲ្យទទួលបាននូវភាពប្រសើរឡើង។
ជាការពិតណាស់ស្ត្រីពិតជាមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រាកដមែន ។ បានជាហ៊ានអះអាងដូចនេះព្រោះស្ត្រីជាមេគ្រួសារ ដែលបានរៀបចំគ្រួសារឲ្យ មានសណ្តាប់ធ្នាប់ល្អនិងសុភមង្គល់។នៅពេលស្ត្រីមានកូននៅក្នុងបន្ទុកស្រីជាអ្នកចិញ្ចឹមបីបាច់ថែទាំ និងថ្នាក់ថ្នមកូនពុំដែលធ្វេសប្រហែសមិនតែប៉ុណ្ណោះត្រូវធ្វើការងារចិញ្ចឹមកូនមិនចាញ់បុរសឡើយ។ មាតាទាំងឡាយតែងជាអ្នកដែរស្និទ្ធស្នាលនឹងកូនជាងឪពុកដោយអប់រំទូន្មានកូនចៅគ្រប់បែបយ៉ាងដើម្បីឲ្យក្លាយជាមនុស្សល្អសម្រាប់គ្រួសារ និងសង្គមជាតិជាងនេះទៅទៀតគឺជាអ្នកផ្តល់ភាពកក់ក្តៅបំផុតក្នុងគ្រួសារ និងជាអ្នករៀបចំទុកដាក់ទ្រព្យសម្បត្តិឲ្យបានគង់វង្សទៀតផង។ ឧទាហរណ៍នៅក្នុងគ្រួសារមួយបើស្ត្រីជាអ្នកទុកដាក់ទ្រព្យសម្បត្តិដែលប្តីរកបាន បានត្រឹមត្រូវ និងចេះសន្សំសំចៃក្នុងការចាយវាយមិនខ្ជះខ្ជាយគ្រួសារនោះប្រាកដជាមានទ្រព្យសម្បត្តិបរិបូរ និងមានសុភមង្គលជាមិនខាន។ ទទឹមនឹងមានតួនាទីក្នុងគ្រួសារស្ត្រីក៏បានចូលរួមយ៉ាងសកម្មក្នុងសង្គមដែរដូចជា ស្ត្រីអាចជាអ្នកដឹកនាំការងារធំៗបានមិនចាញ់បុរស។
ស្ត្រីបានចូលរួមចំណែកក្នុងចលនាសង្គមយ៉ាងសស្រាក់សស្រាំ និងជួយដោះស្រាយបញ្ហាលំបាកផ្សេងៗទៀតផង។ ជាក់ស្តែងស្ត្រីបានចូលខ្លួនក្នុងការងារជាច្រើនដូចជា ធ្វើជាគ្រូបង្រៀនវេជ្ជបណ្ឌិត គ្រូពេទ្យ និយោជិក សហគ្រិន មេឃុំ សិល្បះករ ប្រធានសហគមន៍ ព្រមទាំងថ្នាក់ដឹកនាំកំពូលៗដូចជាសមាជិករដ្ឋសភា ព្រឹទ្ធិសភា រាជរដ្ឋាភិបាល និងតំណែងសំខាន់ជាច្រើនទៀត។ ជួនកាលការងារខ្លះត្រូវពឹងផ្អែកលើស្ត្រីដោយពុំអាចខ្វះទៀតផង ដូចជាឆ្មបជាដើម។ ឧទាហរណ៍ ការដឹកនាំក្នុងសង្គមមួយដោយរាប់បញ្ចូលទាំងថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់កំពូលស្ត្រីដាច់ខាតនៅតែកម្លាំងចលករ ដ៏មានតំលៃមិនអាចខ្វះបាន ជាក់ស្តែងនៅក្នុងប្រវត្តិសាស្ត្រខ្មែរដ៏យូរលង់ណាស់មកហើយ ក៏បានបង្ហាញពីតម្លៃស្ត្រីដែលចូលរួមចំណែកក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសជាតិដែលជាពិសេសព្រះនាងលីវយីជាបឋមក្សត្រខ្មែរ និងព្រះនាងឥទ្ទ្រទេវីជាកំពូលនារីដ៏អស្ចារ្យដែលបានចូលរួមកសាងប្រទេសជាតិឲ្យរីកចម្រើន។ចំណែកក្នុងស្នាដៃអក្សរសិល្បិ៍ខ្មែរ កវីនិពន្ធ បានបង្ហាញនូវសកម្មភាព និងវីរៈភាពនៃស្ត្រីខ្មែរក្នុងការចូលរួមគ្រប់សកម្មភាពសង្គមដូចគ្នា ឯក្នុងរឿងភូមិតិរឆ្ឆានតួរអង្គនាងនី និងនាងប៊ីគឺជានិមិត្តរូបរបស់អ្នកក្រាំងលាវក្នុងការទាមទារសិទ្ធិសេរីភាពពីអាណានិគមនិយមបារាំងដោយមិនខ្លាចអំណាចបារាំងប៉ាដេស បន្តិចណាឡើយ។ ម្យ៉ាងវិញទៀត នៅក្នុងអក្សរសិល្បិ៍រឿងតេជោយ៉ត ដោយសារតែជំទាវស្រែនមានការគ្រប់គ្រងល្អស្មារតីជាតិនិយមក្នុងនាមជាពលរដ្ឋល្អ ជាអ្នកដឹកនាំដ៏វ័យឆ្លាតបែបហ្នឹងហើយទើបលោកជំទាវអាចប្រើវិធីកម្ចាត់ស្តេចសម្រែដែលជាជនក្បត់ជាតិបានសម្រេចជោគជ័យដ៏ត្រចេះត្រចង់ ។
សរុបសេចក្តីមកតាមការបកស្រាយនិងអំណះអំណាងខាងលើឃើញថាស្ត្រីពិតជាមានភារៈកិច្ច ដ៏សំខាន់ណាស់ក្នុងការធ្វើឲ្យសង្គមមានការអភិវឌ្ឍបានល្អនិងជឿនលឿន។
ដូចនេះមតិរបស់ប្រធានបទខាងលើពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅដើម្បីអប់រំដល់មនុស្សគ្រប់រូបឱ្យចេះគោរពសិទ្ធិ និងលើកកម្ពស់ស្ត្រីព្រោះស្ត្រីក៏អាចអភិវឌ្ឍប្រទេសជាតិបានដូចបុរសដែរ។
ដូចនេះដើម្បីឆ្លើយតប និងតម្រូវការរបស់សង្គមស្ត្រីទាំងឡាយគប្បីខិតខំសិក្សារៀនសូតឱ្យមានសមត្ថភាពគ្រប់គ្រាន់ទើបជាការប្រសើរ។