មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ នឹងត្រូវការដំឡើងប្រាក់បៀវត្សមូលដ្ឋានក្នុងអត្រា១២%ក្នុងឆ្នាំ២០១៧
(ភ្នំពេញ)៖ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០១៧ខាងមុខ នឹងត្រូវដំឡើងប្រាក់បៀវត្សមូលដ្ឋាន ក្នុងអត្រា១២ភាគរយ ខណៈប្រពន្ធ និងកូនរបស់មន្ត្រីទាំងនោះ ក៏ត្រូវដំឡើងប្រាក់ឧបត្ថម្ភផងដែរ គឺប្រាក់ឧបត្ថម្ភសម្រាប់កូនម្នាក់ៗចំនួន១ម៉ឺនរៀលក្នុងខែ និងប្រពន្ធទទួលប្រាក់ឧបត្ថម្ភ១.៥ម៉ឺនរៀលក្នុងខែ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា នៅឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយថវិកា២០,១៨៤,៤៥៧ លានរៀលស្មើនឹងជាង៥ពាន់លានដុល្លារអាមេរិក ស្មើនឹង២២.៦៧% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) គឺមានកំណើន១៥.៦% ធៀបនឹងថវិកាឆ្នាំ២០១៦។
នៅឆ្នាំ២០១៧ រាជរដ្ឋាភិបាលគ្រោងចំណាយ សម្រាប់បៀវត្សរ៍មន្ត្រីរាជការ នូវទឹកប្រាក់ចំនួន ៦,៨០៤,០៥៩ លានរៀល ក្នុងនោះបានគ្រោង ដំឡើងប្រាក់បៀវត្សមូលដ្ឋានក្នុងអត្រា១២%, ដំឡើងប្រាក់ឧបត្ថម្ភប្រពន្ធ កូនមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ដោយឱ្យកូនម្នាក់ចំនួន ១០,០០០រៀលក្នុងមួយខែ និងប្រពន្ធចំនួន១៥,០០០រៀល ក្នុងមួយខែ និង ការដំឡើងប្រាក់បំណាច់មុខងារ៕




