ទឹកធ្លាក់ក្បាលដំរីឬទឹកធ្លាក់32ជាន់លាក់ខ្លួនកណ្តាលព្រៃ
ខេត្តប៉ៃលិន ៖ ភ្នំក្បាលដំរីមានទឹកធ្លាក់៣២ជាន់ ស្ថិតនៅក្នុងភូមិបហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន មានសម្រស់ធម្មជាតិប្រណីតលាក់បាំងខ្លួនកណ្ដាលព្រៃ ។ ផ្លូវឡើងទៅភ្នំនេះមានការលំបាក គេមិនអាចបើកបររថយន្តចូលទៅលេងបានទេ បើអ្នកទេសចរចង់ទៅលេង ត្រូវតែធ្វើដំណើរដោយថ្មើរជើងរយៈពេលប្រហែល២ម៉ោង ក្នុងចម្ងាយផ្លូវជាង៣គីឡូម៉ែត្រ (ពីចំណុចក្បាលអូរច្រា) ទើបដល់ទឹកធ្លាក់ទី៣២ជាន់នោះ ។
ប្រភពព័ត៌មានកាលពីពេល ថ្មីៗកន្លងមកឱ្យដឹងថា នៅក្នុងអំឡុងពេលធ្វើដំណើរដោយថ្មើរជើង អ្នកទេសចរមានអារម្មណ៍រីករាយតាមរយៈការស្រូបយកខ្យល់អាកាសបរិសុទ្ធពីព្រៃភ្នំ ហើយអាចទស្សនាការរស់នៅរបស់អ្នកភូមិ និងដើមឈើហូបផ្លែជាច្រើន រួមទាំងដំណាំ ផ្សេងៗដូចជា ពោតក្រហម ដំឡូងមី ចម្ការទុរេន ចម្ការស្វាយ តាង៉ែន(ហៅមៀនប៉ៃលិន) និងចម្ការចេកជាដើម ។ ជាពិសេសពេលធ្វើដំណើរជិតដល់គោលដៅអ្នកទេសចរទាំងឡាយ នឹងឮស្នូរទឹកហូរ រហឹមៗពីដំណាក់មួយទៅដំណាក់មួយលាយឡំដោយសំឡេងបក្សាបក្សីយំរណ្ដំត្រចៀក ជាតន្ត្រីធម្មជាតិរុញច្រានទុក្ខកង្វល់ឱ្យរសាត់អណ្តែតចេញពីខ្លួនប្រាណ ។
រមណីយដ្ឋានទឹកធ្លាក់៣២ជាន់ ត្រូវអ្នកភូមិប្រៀបប្រដូចទៅនឹងកូនក្រមុំ ឬត្បូងមិនទាន់ច្នៃព្រោះ អ្វីៗ នៅស្រស់ស្អាតទាំងអស់ នៅមិនទាន់មានការកែច្នៃ ហើយនៅសេសសល់ព្រៃឈើច្រើន និងមានទឹកធ្លាក់ត្រជាក់ ។
លោកពីង ផល្លា អ្នកនាំភ្ញៀវទេសចរប្រចាំរមណីយដ្ឋានម៉េម៉ូរីយ៉ា ផាឡេស ក្រុងប៉ៃលិន ឱ្យដឹងថា រមណីយដ្ឋានទឹកធ្លាក់ក្បាលដំរី មានលក្ខណៈពិសេស គឺនៅសល់ព្រៃឈើច្រើន ហើយអ្នកភូមិប្រកបរបរធ្វើចម្ការ ដោយដាំដំណាំហូបផ្លែនៅតាមដងផ្លូវជាច្រើន ធ្វើឲ្យភ្ញៀវធ្វើដំណើរមិនហត់នឿយទេ ។ ម្យ៉ាងវិញទៀតអ្នកភូមិនៅទីនោះមានភាពរួសរាយរាក់ទាក់ខ្លាំងណាស់ នៅពេលឃើញភ្ញៀវដើរឆ្លងកាត់រមែងស្រែកសួរនាំ ហើយជួនកាលពួកគាត់បេះផ្លែឈើឱ្យទទួលទានទៀងផង ។
បើលោកអ្នកចង់ធ្វើដំណើរកម្សាន្តលេងទឹកធ្លាក់៣២ជាន់ រឺទឹកធ្លាក់ក្បាលដំរី សូមធ្វើដំណើរតាមផ្លូវរមណីយដ្ឋានអាងជីងចក់ក្នុងរយៈចម្ងាយផ្លូវប្រមាណ៧ទៅ៨គីឡូ ចេញទីរួមខេត្តប៉ៃលិន ហើយត្រូវធ្វើដំណើរដោយថ្មើរជើងចាប់ពីទឹកធ្លាក់ក្បាលអូរច្រាឆ្ពោះទៅទិសខាងលិចឆៀងខាងត្បូង ។ នៅតាមដងផ្លូវអមដោយធម្មជាតិត្រជាក់ មានសត្វព្រៃសម្បូរបែប និងផលានុផលច្រើន ។
អ្នកភូមិ និងអ្នកទេសចរសំណូមពរដល់ស្ថាប័នពាក់ព័ន្ធអភិវឌ្ឍតំបន់ទេសចរណ៍មួយនោះឱ្យបានល្អប្រសើរ ដើម្បីងាយស្រួលអ្នកទេសចរជាតិ និងអន្តរជាតិធ្វើដំណើរទៅកម្សាន្ត ជាពិសេសមន្ទីរទេសចរណ៍ខេត្តតែម្តង ព្រោះវិស័យទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែង ជួយផ្តល់ចំណូលដល់ប្រជាពលរដ្ឋ និងសង្គមឱ្យមានការរីកចម្រើន ៕
ប្រភពពី កោះសន្តិភាព