សាលាជំនាន់ថ្មីដើម្បីការអភិវឌ្ឍការអប់រំនៅកម្ពុជា
សាលាជំនាន់ថ្មី (New Generation School) ឬសាលាគំរូ គឺជារបៀបថ្មីមួយ ក្នុងការកែប្រព័ន្ធអប់រំកម្ពុជា ដោយប្រែក្លាយពីប្រព័ន្ធអប់រំមានស្តង់ដារអប្បបរមា ទៅជាប្រព័ន្ធអប់រំស្តង់ដារអតិបរមា ដែលធានាបាននូវគុណភាពសិក្សា និងផលិតបាននូវធនធានមនុស្សជំនាន់ថ្មីដ៏ល្អក្នុងសតវត្សទី២១នេះ។
ជារួម គំនិតផ្តួចផ្តើមនៃសាលាជំនាន់ថ្មី គឺជាប្រព័ន្ធអប់រំមួយ ដែលមានការចូលរួមអំពីភាគីរដ្ឋ ភាគីអង្គការដៃគូ និងភាគីមាតាបិតាសិស្ស ដោយរកធនធានក្នុងមូលដ្ឋាន ដើម្បីប្រែក្លាយប្រព័ន្ធអប់រំដែលមានស្តង់ដារទាប ទៅជាប្រព័ន្ធអប់រំដែលមានស្តង់ដារខ្ពស់ ក្នុងរយៈពេលខ្លីឆាប់រហ័ស ជាពិសេសក្នុងករណីដែលរដ្ឋខ្វះខាតនូវមធ្យោបាយក្នុងការធ្វើកំណែទម្រង់ ប្រព័ន្ធអប់រំឲ្យមានគុណភាពខ្ពស់ក្នុងរយៈពេលខ្លី។
ប្រព័ន្ធនេះ គឺជួយឲ្យរដ្ឋសម្រេចគោលដៅអប់រំជាតិ បានឆាប់រហ័សក្នុងរយៈពេលខ្លី ហើយធ្វើឲ្យគុណភាពសិស្សឆ្លើយតបនឹងតម្រូវការទីផ្សារ លើសពីនេះធ្វើឲ្យបរិយាកាសសាលា និងការអប់រំមានលក្ខណៈស្និទ្ធស្នាល ទាក់ទាញ ឆ្លាតវៃ ដើរទាន់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន និងពិភពលោក។








