សៀវភៅណែនាំសម្រាប់គ្រូបង្រៀនមុខវិជ្ជាគីមីវិទ្យាថ្នាក់ទី៩
យោងតាមសេចក្ដីជូនដំណឹងលេខ ៤៩៣ អយក.បវ ចុះថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៦ របស់ក្រសួងអប់រំ យុវជន និងកីឡាស្ដីពីការអនុញ្ញាតឱ្យប្រើប្រាស់សៀវភៅណែនាំសម្រាប់គ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្ត្រ ។ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យប្រើប្រាស់សៀវភៅណែនាំសម្រាប់គ្រូបង្រៀនមុខវិជ្ចាគណិតវិទ្យា និងវិទ្យាសាស្ត្រថ្នាក់ទី៧ ទី៨ និងថ្នាក់ទី៩ គឺដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបង្រៀន និងរៀននៅកម្រិតមធ្យមសិក្សាបឋមភូមិ។ ក្នុងសេចក្ដីណែនាំនោះដែរ ឯកឧត្តម បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងនូវ បីចំណុច ដើម្បីឱ្យការអនុវត្តមានប្រសិទ្ធភាពទៅតាមគោលដៅ៖
១. បណ្ដុះបណ្ដាលគរុសិស្សនៅតាមមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ
២. បង្រៀនសិស្សានុសិស្សនៅតាមសាលាមធ្យមសិក្សាបឋមភូមិ
៣.ធ្វើវិក្រឹតការគ្រូមធ្យមសិក្សាបឋមភូមិដើម្បីមានសមត្ថភាពក្នុងការបង្រៀន
ជាមួយគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡាសង្ឃឹមថា ការខិតខំយកចិត្តទុកដាក់ និងប្រើប្រាស់ឯកសារនេះឱ្យអស់លទ្ធភាព ដើម្បីពង្រឹងគុណភាពនៃការបង្រៀន និងរៀន សំដៅប្រែក្លាយគ្រូបង្រៀន និងសិស្សានុសិស្សឱ្យក្លាយជាអ្នកបង្រៀនល្អ និងរៀនល្អ។

