គោលការណ៍ស្ដីពីការកំណត់សាលាកុមារមេត្រីសម្រាប់ក្រុមបំប៉ននិងពិនិត្យតាមដាន
- Dec 12, 2016
- 1 min read
ការអភិវឌ្ឍកម្មវិធីសាលាកុមារមេត្រី ចាំបាច់ត្រូវធានាទាំងបរិមាណ និងគុណភាព ព្រមទាំងគ្របដណ្ដប់នៅគ្រប់សាលារៀនសម្រាប់ការអប់រំកម្រិតមូលដ្ឋានទូទាំងប្រទេស។
គោលនយោបាយកម្មវិធីសាលាកុមារមេត្រី សម្រាប់ការអប់រំកម្រិតមូលដ្ឋាន បានបង្ហាញពីខ្លឹមសារយុទ្ធវិធី និងគោលការណ៍អនុវត្តសមាសភាគទាំង៦ នៃកម្មវិធីសាលាកុមាមេត្រី ក្នុងការអភិវឌ្ឍវិស័យអប់រំ ដើម្បីធានាសមធម៌ នៃការអប់រំ និងទាក់ទាញការចូលរួមពីគ្រប់សមាសភាគដែលពាក់ព័ន្ធ ពិសេសអង្គការជាតិ និងអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល សមាគមន៍ដែលជាដៃគូអប់រំ ក្នុងការចូលរួមឧបត្ថម្ភគាំទ្រដំណើរការអភិវឌ្ឍកម្មវិធីសាលាកុមារមេត្រីឱ្យបានជោគជ័យ។
ឆ្លើយតបទៅនឹងតម្រូវការនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំគោលការណ៍ ដោយផ្អែកលើសមិទ្ធផលសម្រេចបានតាមសមាសភាគទាំង៦ និងលទ្ធផលផ្នែកគុណភាពសិក្សា ព្រមទាំងមានលក្ខណៈវិនិច្ឆ័យមួយចំនួនដើម្បីកំណត់សាលាកុមារមេត្រី តាមកម្រិតនីមួយៗ (មូលដ្ឋាន មធ្យម និងអភិវឌ្ឍ)។
ដើម្បីសម្រេចគោលការណ៍ និងលក្ខណៈវិនិច្ឆ័យ ក្រសួងអប់រំ យុវជន និងកីឡា បានកែសម្រួលសមាសភាពក្រុម បំប៉ន និងពិនិត្យតាមដានថ្នាក់ក្រុង ស្រុក ខណ្ឌ ជាបីអនុក្រុម (ទី១ ទី២ និងទី៣) សម្រាប់ទទួលខុសត្រូវក្នុងការបំប៉ន ពិនិត្យតាមដាន ជួយលើការងាររដ្ឋបាល និងបច្ចេកទេសដល់នាយកសាលារៀន និងគ្រូបង្រៀន ឱ្យបំពេញការងារបានកាន់តែប្រសើរពីមួយឆ្នាំ ទៅមួយឆ្នាំ។
ក្រសួងអប់រំ យុវជន និងកីឡា សង្ឃឹមថា ក្រុមបំប៉ន និងពិនិត្យតាមដានថ្នាក់ក្រុង ស្រុក ខណ្ឌ នឹងយកកម្រងតួនាទី និងភារកិច្ច គោលការណ៍កំណត់សាលាកុមារមេត្រីតាមកម្រិត ទៅប្រើប្រាស់ ដើម្បីអភិវឌ្ឍសាលារៀន នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យទទួលបានជោគជ័យ ស្របតាមគោលនយោបាយសាលាកុមារមេត្រី សម្រាប់ការអប់រំកម្រិតមូលដ្ឋានដែលបានកំណត់។ សូមអរគុណ



























Comments