ប្រវត្តិប្រទេសកម្ពុជានៅសម័យចតុមុខ គស ១៤៣១-១៥១៥ (តចប់)
មកដល់ខែត្រអម្រិន្ទបូរ (បច្ចុប្បន្នស្រុកបរិបូរណ៍) ព្រះអង្គទ្រង់បានបញ្ជូនកងទ័ពឆ្លងទន្លេទៅត្រើយខាងជើង ហើយក៏បានបើកការវាយបណ្ដេញទ័ពបះបោរ ឲ្យបាក់រត់ចេញពីអាណាខែត្រខាងជើង ថយមកនៅត្រើយខាងកើតទន្លេមេគង្គវិញ។ បន្ទាប់មកព្រះអង្គបានសង់បន្ទាយបោះទ័ពគង់នៅក្នុងខែត្រកំពង់សៀម ត្រៀមធ្វើសឹកសង្គ្រាមបន្តទៀត។ ក្នុងខណៈនោះដែរ ពញាធម្មរាជា ក៏បង្ហាញពុតត្បុតរបស់ខ្លួនឲ្យឃើញជាក់ស្ដែង ដោយបញ្ជូនរាជវង្សានុវង្សព្រះអង្គទាំងព្រះរាជទ្រព្យខ្លះទៀត ក្រៅពីលំពែង និងព្រះខ័ឌ្គរាជ្យទៅថ្វាយព្រះបាទស្រីរាជា ហើយនិងរៀបចំទ័ពមាំមួនការពារកុំឲ្យទ័ពក្មួយជ្រៀតចូលមកលើដែនដីដែលខ្លួនហួងហែងនោះបាន។
ការបែកបាក់គ្នា និងចម្បាំងរាំងជលឥតឈប់ឈរ រវាងរាជវង្សានុវង្សខ្មែរនាពេលនោះ បានផ្ដល់ផលវិបាកយ៉ាងអាក្រក់ដល់សង្គមខ្មែរ ដូចជាចោរកម្ម ប្លន់កាប់សម្លាប់ ទុរភិក្ស ជំងឺរាតត្បាត។ នៅឆ្នាំ ១៤៨៥ ព្រះធម្មរាជាដោយមានបំណងចង់សោយរាជ្យតែម្នាក់ឯងបានលបលួចទាក់ទងជាសម្ងាត់ជាមួយស្ដេចសៀម ដើម្បីស្នើសុំជំនួយកម្លាំងយោធា។ ស្ដេចសៀមសព្វព្រះទ័យយ៉ាងខ្លាំងហើយព្រមព្រៀងតាមសំណើព្រះបាទធម្មរាជា ដោយបានបញ្ជូនកម្លាំងទ័ពសៀមមកក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងន័យចូលមកសម្រុះសម្រួលព្រះរាជាខ្មែរទាំងបីអង្គដែលកំពុងទាស់ទែងគ្នា។ ក្នុងពេលកងទ័ពសៀមចូលមកក្រុងចតុមុខ ព្រះធម្មរាជា ក៏បានរៀបចំទទួលយ៉ាងអឹកធឹក ហើយយាងព្រះចៅចក្រពត្រាធិរាជ ចូលគង់ក្នុងដំណាក់វាំងភ្នំដូនពេញ។ បន្ទាប់មកសេនាបតីខ្មែរសៀម ក៏ចាប់ផ្ដើមប្រឹក្សាអំពីផែនការចម្បាំងកម្ចាត់ព្រះបាទស្រីរាជា និងព្រះបាទស្រីសុរិយោទ័យ។ កាលបើដឹងពីសម្ព័ន្ធភាពធម្មរាជា និងស្ដេចសៀមចក្រពត្រាធិរាជមក ព្រះបាទស្រីរាជាក៏កោះទីប្រឹក្សាទាំងអស់មកជំនុំពិភាក្សាគ្នាភ្លាម។ ព្រះបាទស្រីរាជាទ្រង់ឈ្វេងយល់ថា ត្រូវចងមេត្រីភាពវិញជាការគួរ ព្រោះកម្លាំងខ្មែរបែកបាក់គ្នាអស់ហើយ ឯបណ្ដាប្រជានុរាស្ត្រទៀតសោត ក៏រងគ្រោះ និងនឿយណាយក្នុងសង្គ្រាម។ ពេលនោះអង្គប្រជុំបានសម្រេចយកផ្លូវចរចាបញ្ចប់ចម្បាំង។ ប៉ុន្មានថ្ងៃក្រោយមក កងទ័ពសៀមខ្មែរ ចេញពីចតុមុខក៏មកដល់កំពង់សៀម ហើយឡោមព័ទ្ធបន្ទាយព្រះបាទស្រីរាជាជុំជិតទាំងអស់។ ពេលនោះឧកញ៉ាក្រឡាហោមម៉ឹង ក៏ចេញទៅជួបព្រះចៅចក្រពត្រា និងពញាធម្មរាជា ដើម្បីទូលពីបំណងនៃព្រះបាទស្រីរាជា ដែលចង់សុំចងមេត្រីភាព។ ព្រះរាជាទាំងពីរអង្គត្រេកអរជាខ្លាំង ហើយក៏សុំយាងព្រះបាទស្រីរាជាមកប្រថាប់ក្នុងព្រះពន្លា។ រួចហើយស្ដេចទាំងបីអង្គបានលើករេហ៍ពលចេញពីកំពង់សៀម មកតាំងនៅឧត្ដុង្គ ដើម្បីរួមពិភាក្សាបញ្ចប់សង្គ្រាមផ្ទៃក្នុងនេះ។ ក្នុងឱកាសបើកកិច្ចចរចាជាដំបូង ព្រះធម្មរាជាបានស្នើសុំឲ្យព្រះចៅសៀមធ្វើជាចៅក្រមផ្សះផ្សាទំនាស់ក្នុងព្រះរាជវង្សខ្មែរ។ ស្ដេចសៀមព្រះចៅចក្រពត្រាក៏បានយល់ព្រម ហើយសម្រេចយកព្រះបាទស្រីរាជា និងស្រីសុរិយោទ័យទៅគង់នៅឯក្រុងអយុធ្យា (ប្រទេសសៀម)។ ចាប់ពីពេលនោះមកប្រទេសកម្ពុជាបានសុខសន្តិភាពឡើងវិញ។ ព្រះបាទធម្មរាជា ត្រូវបានស្ដេចសៀមរៀបចំអភិសេកជាព្រះមហាក្សត្រក្រុងកម្ពុជា ក្នុងឆ្នាំ ១៤៨៦ នៅរាជធានីចតុមុខ។ ក្រោយពីបានជួយធ្វើអន្តរាគមន៍ផ្សះផ្សាទំនាស់ក្នុងរាជវង្សខ្មែរមក ស្ដេចសៀមបានទាមទារយកខែត្រ ដែលព្រះបាទស្រីរាជាទើបរំដោះបាននោះទៅវិញទាំងអស់។ ដោយឈឺចិត្តចាញ់ឧបាយកលធម្មរាជាខ្លាំងពេក ព្រះបាទស្រីរាជាក៏ទ្រង់ប្រឈួនរួចសុគតនៅឯរាជធានីអយុធ្យា ដោយបន្សល់ទុកពញាអុងជាបុត្រផ្ញើនឹងព្រះចៅសៀម។ មួយឆ្នាំកន្លងមកព្រះស្រីសុរិយោទ័យក៏ចូលទិវង្គតបន្តទៀត។ (ត្រង់នេះគួរតែ ស្ដេចសៀមនាម បរមត្រៃលោកនាថ ត្រូវជាងត្បិតក្នុងពង្សាវតារសៀម ចំណែកចក្រពត្រាធិរាជ ប្រសូតនៅឆ្នាំ១៥០៩ ទេក្នុងវិបត្តិនេះគេខ្ចីសាច់រឿងសតវត្សទី១៦ មកបំពេញចន្លោះព្រឹត្តិការណ៍សតវត្សទី១៥ ព្រោះសម័យនោះសៀមជាប់ចំបាំងនឹង លាននា ដូច្នេះខ្មែរប្រហែលឆ្លៀតឱកាសនេះច្បាំងយកខេត្តចាស់មកវិញ រឺ ក៏ថាព្រឹត្តិការណ៍នេះអាចគ្មាន រឺ ក៏នគរបានបែកជាបីរដ្ឋដរាបដល់ចន្ទរាជាឡើងសោយរាជ្យទើបរដ្ឋទាំងបីក្លាយជារាជាណាចក្រឯកភាពមួយវិញនៅសម័យលង្វែកយ៉ាងណា)
ស្ដេចកន
ព្រះបាទធម្មរាជាចូលទិវង្គតនៅឆ្នាំ ១៥០៤ ហើយរាជបុត្រច្បងរបស់ព្រះអង្គបានឡើងសោយរាជ្យស្នងព្រះអង្គ ដោយតែងតាំងព្រះអនុជអង្គចន្ទ ជាព្រះមហាឧបរាជ។ ក្រោយពីឡើងគ្រងរាជសម្បត្តិរួចហើយ ព្រះបាទឝ្រីឝៅគន្ធបទ ទ្រង់សព្វព្រះរាជហឫទ័យទៅគង់នៅវាំងទួលបាសាន្ត ស្រុកស្រីសឈរ (ស្រីសន្ធរ) ឯព្រះមហាឧបរាជអង្គចន្ទទ្រង់ឲ្យគង់នៅក្រុងចតុមុខ។ នៅឯរាជវាំងទួលបាសាន្ត ព្រះបាទឝ្រីឝៅគន្ធបទសព្វព្រះទ័យប្រពាតបឹង បង់សំណាញ់កំសាន្ត និងយាងចូលព្រៃបរបាញ់សត្វ។ ទីនោះហើយដែលព្រះអង្គទ្រង់ប្រតិព័ទ្ធទៅលើរូបនាងពៅបុត្រីរបស់ពិជ័យនាគ និងនាងបាន។ ក្រោយមកទ្រង់បានលើកនាងពៅជាស្នំឯក ឯប្អូននាងពៅឈ្មោះកន ទ្រង់បានតែងតាំងជាមហាតលិក និងក្រោយមកទ្រង់តម្លើងយសសក្តិ នាយកនជាឃុនហ្លួងព្រះស្តេច។ នៅឆ្នាំ ១៥០៩ ព្រះបាទឝ្រីឝៅគន្ធបទទ្រង់កើតមន្ទិលសង្ស័យខ្លាចឃុនហ្លួងព្រះស្ដេចកនក្បត់ ជ្រែករាជ្យព្រះអង្គ។ ព្រះអង្គរិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់នាយកនចោល តែការណ៍នោះត្រូវបែកធ្លាយដោយសារព្រះស្នំឯក ហើយនាយកនក៏ភៀសខ្លួនទៅកាន់អាណាខែត្រត្រើយខាងកើតបង្កជាកម្លាំងទ័ពប៉ុនប៉ងសងសឹកនឹងព្រះរាជាវិញ។ នៅបណ្ដាអាណាខែត្រត្រើយខាងកើត នាយកនបានប្រើល្បិចបញ្ឆោតចៅហ្វាយខែត្រនានាថា ខ្លួនទទួលបេសកកម្មពីព្រះបាទឝ្រីឝៅគន្ធបទ មកកែនទ័ពទៅកម្ចាត់មហាឧបរាជចន្ទរាជាដែលក្បត់រាជបល្ល័ង្ក ប្រាថ្នាសោយរាជ្យនៅចតុមុខ។ ដំណឹងនេះបានឮដល់ព្រះអង្គចន្ទ ធ្វើឲ្យព្រះអង្គនឹកស្មានថាព្រះបាទឝ្រីឝៅគន្ធបទជាព្រះរាម ចោទព្រះអង្គដូចការឃោសនារបស់ឃុនហ្លួងព្រះស្ដេចកនមែន ក៏នាំញាតិវង្សានុវង្សភៀសទៅសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសសៀម។ បន្ទាប់ពីព្រះអង្គចន្ទ យាងចេញផុតទៅ នាយកនក៏ចាប់ផ្ដើមវាយលុកយកខែត្រនានាដែលនៅជិតរាជធានីទួលបាសាន្ត។ កងទ័ពព្រះបាទឝ្រីឝៅគន្ធបទ ចេះតែដកថយ។ នៅឆ្នាំ ១៥១២ ព្រះបាទឝ្រីឝៅគន្ធបទត្រូវកងទ័ពនាយកនធ្វើគុតនៅក្នុងបន្ទាយស្ទឹងសែន។ ក្រោយពីបានជ័យជំនះហើយ នាយកនបានប្រកាសខ្លួនជាព្រះមហាក្សត្រនៃប្រទេសកម្ពុជា ដោយមានព្រះនាមថា ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី គង់នៅក្រុងស្រីសឈរ ហើយក្រោយមក នៅឆ្នាំ ១៥១៤ ព្រះបាទស្រីជេដ្ឋាធិរាជរាមាធិបតីបានកសាងរាជធានីថ្មីមួយទៀតនៅចន្លោះ ត្បូងឃ្មុំ និងខែត្របាភ្នំ ត្រង់ភូមិស្រឡប់ដែលព្រះអង្គទ្រង់ប្រទាននាមថា ក្រុងស្រឡប់ពិជ័យព្រៃនគរ។ បីឆ្នាំក្រោយមក រាជធានីនេះមានប្រជារាស្ត្រមករស់នៅកុះករកាន់តែច្រើនឡើងជាងរាជធានីចាស់។ ប្រទេសជាតិបានទទួលសន្តិភាព ហើយពួកបរទេសជាច្រើនបានចូលមកធ្វើទំនាក់ទំនងពាណិជ្ជកម្ម។ ប្រាក់ស្លឹងសញ្ញារូបនាគត្រូវបានបោះពុម្ពឲ្យប្រើពាសពេញផ្ទៃប្រទេស ដើម្បីសម្រួលវិស័យពាណិជ្ជកម្មក្នុង និងក្រៅប្រទេស។ ប្រជានុរាស្ត្រមានជីវភាពខ្ពស់ជាងមុន ដោយសារវិធានការមួយចំនួនរបស់ស្ដេចកន ដូចជាបន្ធូរបន្ថយពន្ធដារ បន្ថយពិន័យ ព្រមទាំងកែប្រែច្បាប់ព្រហ្មទណ្ឌឲ្យមានលក្ខណៈធូរស្រាលជាងមុន។
សង្គ្រាមរវាងស្ដេចកន និងព្រះអង្គចន្ទ ឬព្រះចន្ទរាជា
អត្ថបទដើមចំបង: សង្គ្រាមនៅចន្លោះសម័យចតុមុខនិងលង្វែក
ព្រះអង្គចន្ទដែលបានភៀសព្រះអង្គទៅប្រទេសសៀមអស់រយៈពេល ៨ ឆ្នាំមកហើយ ក៏មិនខុសពីក្សត្រខ្មែរដទៃទៀតដែរ ក្រោមការឧបត្ថម្ភពីស្ដេចសៀម ព្រះអង្គទទួលភាពប្រណីតក្នុងជីវភាព។ ទ្រង់មានភារកិច្ចជាអ្នកទាក់ដំរីឲ្យព្រះចៅចក្រពត្តិ។ នៅឆ្នាំ ១៥១៦ ព្រះអង្គចន្ទខិតខំរិះរកគ្រប់មធ្យោបាយ ចូលមកដណ្ដើមរាជ្យពីស្ដេចកនវិញ។ មុននឹងយាងចូលព្រះនគរវិញ ព្រះអង្គចូលជួបពញាអុង ត្រូវជាញាតិវង្ស ដែលមានព្រះអយ្យកោមួយជាមួយគ្នា (ទ្រង់ជាបុត្រព្រះស្រីរាជា) ទ្រង់ទូលថា អ្នកបងលែងគិតស្រុកយើងហើយឬ បានជាគង់នៅព្រងើយមិនអើពើនឹងរឿងអាក្បត់ឈ្មោះកន យករាជសម្បត្តិបានដូចនេះ? ទ្រង់ពុំស្ដាយព្រះវង្សមហាក្សត្រ និងព្រះនគរទេឬ? ព្រះពញាអុងទ្រង់ឆ្លើយថា អូនអើយ បងមកនៅក្រុងទេពនេះជាឈ្លើយព្រះពុទ្ធចៅទេ។ ព្រះពុទ្ធចៅស្ដេចពុំយកទោសបង ស្ដេចប្រោសបងឲ្យបងគ្រងស្រុកសុវណ្ណខាក់លោកនេះ ជាខែត្រធំស្មើនឹងខែត្រព្រះរាជបុត្រទៅហើយ។ បងបានប៉ុននោះហើយ បងក៏បានសុខណាស់ហើយ។ បើបងបានសុខដូចនេះហើយ បងនឹងគិតរកសុខឯណាទៀត។ ចំណែកឯស្រុកខ្មែរវិញ បងលែងនឹករឭកអាឡោះអាល័យហើយ តាមតែអ្នកអូនគិតគូរចុះ ... ។
តើសង្គ្រាមរវាងស្ដេចកន និងព្រះអង្គចន្ទផ្ដល់ផលវិបាកអ្វីខ្លះដល់សង្គមខ្មែរ? ស្ដេចកនក្រោយពីបានទទួលសារពីចៅហ្វាយខែត្រពោធិ៍សាត់ក៏បញ្ជាឲ្យសេនាបតីរៀបចំក្បួនទ័ពចេញទៅច្បាំងនឹងព្រះអង្គចន្ទនៅក្រគរ។ ប៉ុន្មានថ្ងៃក្រោយមក ឆាកប្រយុទ្ធកាប់សម្លាប់គ្នាឯងយ៉ាងសាហាវបំផុត បានចាប់ផ្ដើមនៅលើសមរភូមិក្រគរ។ ដោយពលទាហានស្លាប់ច្រើនពេក ទ័ពព្រះអង្គចន្ទ ក៏ដកថយមករាំងសត្រូវនៅឯបន្ទាយពោធិ៍សាត់វិញ។ ចៅហ្វ៊ាកៅ ដែលជាមេទ័ពរបស់ស្ដេចកនបានបញ្ជាទ័ពឲ្យដេញតាម តែវាយសម្រុកពុំចុះសោះ ក៏ដកទៅតាំងបន្ទាយនៅចម្ងាយប្រហែល ៣ សហាតិមាត្រពីសត្រូវ ដើម្បីរង់ចាំជំនួយពីក្រុងស្រឡប់ពិជ័យមកទៀត។ ក្នុងអំឡុងផ្អាកការប្រយុទ្ធនេះ តាពេជ បានសម្រេចចិត្តធ្វើអត្តឃាតយ៉ាងឱឡារិកចំពោះមុខកងទ័ព និងប្រជានុរាស្ត្រក្នុងខែត្រ។ នៅដើមឆ្នាំ ១៥១៧ បន្ទាប់ពីព្រឹត្តិការណ៍នេះមក ជ័យជំនះបានមកខាងព្រះចន្ទរាជា។ មេទ័ពស្ដេចកន ចៅហ្វ៊ាកៅបានដកទ័ពរត់ទៅកាន់ភូមិភាគខាងកើតវិញ។ ចាប់ពីពេលនោះមកព្រះអង្គចន្ទក៏ទន្ទ្រានយកបានខែត្រជាច្រើនជាបន្តបន្ទាប់ដូចជាក្រគរ ខ្លុងក្រង បរិបូរណ៍ បារាយណ៍ ជើងព្រៃ ស្ទោង កំពង់សៀម កំពង់ស្វាយ។ លុះមកដល់រដូវវស្សាស្ដេចកនបានផ្ញើរសារទៅព្រះអង្គចន្ទ ដើម្បីផ្អាកសង្គ្រាមមួយរយៈ ទុកពេលឲ្យប្រជារាស្ត្រធ្វើស្រែចម្ការ។ ការផ្អាកឈប់ប្រយុទ្ធគ្នាត្រូវបានអនុវត្តដោយភាគីទាំងសងខាង ហើយសង្គ្រាមបានចាប់ផ្ដើមឡើងវិញ នៅពេលចប់រដូវធ្វើស្រែ។ ចូលមកដល់ខែទី៣នៃឆ្នាំ ១៥១៨ កងទ័ពរបស់ព្រះអង្គចន្ទចំនួន ១០ ០០០ នាក់បានវាយលុកចូលខែត្រសំរោងទង បាទី ទ្រាំង រួចមកវាយចតុមុខទៀត។ ដូចនេះទឹកដីខ្មែរនៅត្រើយខាងលិចទន្លេមេគង្គត្រូវធ្លាក់មកក្នុងអំណាចព្រះអង្គចន្ទវិញ។ នៅឆ្នាំ ១៥១៩ ក្រោយដែលបានល្បងវាយលុកយកខែត្រកំពង់សៀមមកវិញពុំបានសម្រេច ស្ដេចកនក៏ចាត់រាជទូតឲ្យនាំសារទៅថ្វាយព្រះចន្ទរាជា ស្នើសុំចែកប្រទេសខ្មែរជាពីរដោយមានទន្លេមេគង្គជាបន្ទាត់ព្រំសីមា។ ស្ដេចកនគ្រប់គ្រងត្រើយខាងកើត ហើយគង់នៅក្រុងស្រឡប់ពិជ័យ ឯព្រះចន្ទរាជាត្រួតត្រាត្រើយខាងលិច ហើយគង់នៅឯខែត្រពោធិ៍សាត់។ ចាប់តាំងពីពេលនោះមក សង្គ្រាមរវាងខ្មែរនិងខ្មែរគ្នាឯងក៏ត្រូវផ្អាកអស់រយៈកាលចំនួនប្រាំមួយ ប្រាំពីរឆ្នាំ។ មកដល់ឆ្នាំ ១៥២៥ ទើបព្រះចន្ទរាជារៀបទ័ពវាយលុកស្ដេចកនម្ដងទៀត។ បន្ទាយក្រុងស្រឡប់ពិជ័យ ត្រូវកងទ័ពចន្ទរាជាឡោមព័ទ្ធអស់រយៈពេលបីខែ។ ទីបញ្ចប់ស្ដេចកនត្រូវទទួលបរាជ័យទាំងស្រុង។ ចៅហ្វ៊ាកៅជាមេទ័ព និងជាឪពុកមាខាងម្ដាយរបស់ស្ដេចកន ត្រូវស្លាប់នៅនឹងកន្លែង។ ឯស្ដេចកនត្រូវចាប់ខ្លួនបាន និងសម្លាប់ចោល។ តមកព្រះចន្ទរាជាបានឡើងសោយរាជ្យជាមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។