សម័យបច្ចេកវិទ្យា ត្រូវបន្ទោសខ្លួនឯង បើរៀនមិនចេះ
សម័យនេះបើអ្នករៀនមិនចេះ កុំបន្ទោសនរណាទាំងអស់ ត្រូវបន្ទោសខ្លួនឯង"។ ការលើកឡើងបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា។
នាឱកាសបើកសម្ពោធគម្រោងប្រកួតប្រជែងគំនិតអាជីវកម្មបែបបច្ចេកវិទ្យា Smart Start កាលពីថ្ងៃអង្គារទី ០៧ ខែកុម្ភៈ ឆ្នាំ ២០១៧ ឯកឧត្ដមបណ្ឌិត ហង់ ជួនណារ៉ុន បានលើកឡើងថា ក្នុងសម័យឌីជីថល ដែលកំពុងរីកចម្រើនឥតឈប់ឈរដូច្នេះ សិស្សានុសិស្សទាំងអស់ អាចស្វែងរកព័ត៌មានយ៉ាងទូលំទូលាយនិងគ្មានដែនកំណត់លើ Google។
រដ្ឋមន្ត្រីរូបនេះ បន្ថែមថា ពេលនិស្សិតមិនយល់ត្រង់ចំណុចណាមួយនៃមេរៀន ពួកគេអាចស្វែងរកព័ត៌មាននិងសិក្សាបន្ថែមលើអនឡាញ ដូចជាតាមរយៈ Google ជាដើម។ ដូច្នេះ គ្មានពាក្យថា មកពីសាលា គ្រូ ឬដោយសារក្រសួងទៀតឡើយ។
ការថ្លែងដូច្នេះ លោកសង្កត់ធ្ងន់ចង់ឲ្យសិស្សនិស្សិតទាំងអស់ ផ្លាស់ប្ដូរការគិត និងរបៀបរៀនសូត្រ តាមរយៈការប្រឹងប្រែងបន្ថែមដោយខ្លួនឯង និងប្រើបច្ចេកវិទ្យាទំនើប ដើម្បីទទួលចំណេះដឹងថ្មីៗលើសពីអ្វីដែលបានពីសាលា។
ឯកឧត្ដមបញ្ជាក់ថា បដិវត្តន៍ឧស្សាហកម្មទី ៤ ដែលផ្ដោតលើបច្ចេកវិទ្យាឌីជីថល និងការធ្វើស្វ័យប្រវត្តិកម្មជាដើម នឹងមកដល់នាពេលដ៏ឆាប់ខាងមុខ។ ដូច្នេះយុវជនកម្ពុជាជំនាន់ក្រោយ ត្រូវបំប៉នសមត្ថភាពខ្លួន លើចំណេះដឹងនិងជំនាញផ្នែកព័ត៌មានវិទ្យាឲ្យខ្លាំងក្លាឡើង ដើម្បីជួយជាតិឲ្យកាន់តែរីកចម្រើន៕