ការបង្ហាញពីតួនាទីរបស់ស្ត្រីនៅក្នុងសង្គម
ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សក្នុងសង្គម ក៏ដូចជាតាមប្រវត្តិសាស្ត្រតាំងពីសម័យនគរភ្នំ រហូតមកដល់សម័យបច្ចុប្បន្ននេះ គេសង្កេតឃើញថា នារីបានចូលរួមយ៉ាងសកម្មជាដៃគូជាមួយនឹងបុរស។ ទោះបីជាការងារតូចក្ដីធំក្ដីគេមិនអាចខ្វះដៃគូជាស្ត្រីបានឡើយ។ អាស្រ័យហេតុនេះហើយ បានជាមានទស្សនៈមួយលើកឡើងថា «នារីមានតួនាទី យ៉ាងសំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ» ។ តើស្ដ្រីមានតួនាទីសំខាន់អ្វីខ្លះ ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ?
ជាបឋមយើងគប្បីយល់នូវពាក្យថា «តួនាទីសំខាន់» និង «អភិវឌ្ឍ» ជាមុនសិន។ តួនាទីសំខាន់មានន័យថា ជាភារកិច្ច ឬជាមុខងារយ៉ាងពិសេសពុំអាចអត់បាន។ រីឯអភិវឌ្ឍមានន័យថា ភាពរីកចម្រើន ឬការធ្វើឱ្យរីកចម្រើន។ អត្ថន័យរបស់ប្រធានបទខាងលើចង់និយាយថា នារីមាននាទីយ៉ាងពិសេសក្នុងការជម្រុញឱ្យគ្រួសារ និង សង្គមជាតិ ទទួលបាននូវភាពរីកចម្រើន។
ជាការពិតណាស់នីក្នុងគ្រួសារនីមួយៗ នារីមានភារៈយ៉ាងសំខាន់ ដែលត្រូវរែកពុនរាប់មិនអស់។ នារីត្រូវទទួលបន្ទុកជា អ្នកពរពោះអស់រយៈពេលជាង ៩ ខែ ដោយក្ដីវេទនា និងជាអ្នកផ្ដល់កំណើតដល់បុត្រធីតាទាំងឡាយ។ ពេលកូនប្រសូតមកនារីត្រូវទទួលបន្ទុកជាអ្នកចិញ្ចឹមបីបាច់ថែរក្សា ទាំងបំបៅដោះកូន និងថ្នាក់ថ្នមកូនពុំដែលធ្វេសប្រហែសឡើយ មិនតែប៉ុណ្ណោះនារីត្រូវប្រកបការងារចិញ្ចឹមកូនមិនចាញ់បុរសដែរ។ មាតាទាំងឡាយជាអ្នកស្និទ្ធស្នាលជាងឪពុក ដោយបានអប់រំទូន្មានកូនចៅគ្រប់បែបយ៉ាង ដើម្បីឱ្យកូនក្លាយជាមនុស្សល្អនឹងគេ។