ការដាក់ចំណាត់ថ្នាក់«ផ្កាយ»សម្រាប់សាលាកុមារមេត្រី
រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តនូវគោលនយោបាយជាតិ ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យកាលពីឆ្នាំ២០០៣ ដោយកំណត់នូវទស្សនៈវិស័យ នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា បានអនុម័តផែនការយុទ្ធសាស្ត្រជាតិ ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ ឆ្នាំ២០១៤-២០២៥ ក្នុងគោលបំណងធ្វើឱ្យសេវាទឹកស្អាត និងអនាម័យជនបទមានភាពប្រសើរឡើង និងប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកគាំទ្រ ដល់ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់ទី៣ ក្នុងការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ។
ដោយយល់យ៉ាងច្បាស់ពីផលប៉ះពាល់អវិជ្ជមាននៃកង្វះទឹកស្អាត និងអនាម័យក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយនូវផលប៉ះពាល់ទាំងនេះ ដោយបានបញ្ចូលសកម្មភាពលើកកម្ពស់ទឹកស្អាត និងអនាម័យទៅក្នុងផែនការយុទ្ធសាស្ត្រអប់រំ ២០១៥-២០១៨ និងកំណត់សូចនាករសម្រាប់វាស់វែងការរីកចម្រើនប្រចាំឆ្នាំ ដើម្បីឆ្ពោះទៅសម្រេចបាន១០០% ត្រឹមឆ្នាំ ២០២៥ ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រជាតិ។
ដើម្បីជំរុញការអនុវត្តកម្មវិធីទឹកស្អាត និងអនាម័យ ឈានទៅសម្រេចបានតាមគោលដៅដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រ ក្រសួងអប់រំ យុវជន និងកីឡា បានអភិវឌ្ឍ «គោលការណ៍ណែនាំអនុវត្តលក្ខខណ្ឌអប្បបរមា ស្ដីពីទឹកស្អាត និងអនាម័យតាមសាលារៀន» សម្រាប់ណែនាំ ដល់បុគ្គលិកអប់រំថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធឱ្យចូលរួមអនុវត្តជាជំហានៗ ដើម្បីធ្វើឱ្យទឹកស្អាត និងអនាម័យតាមសាលារៀនឆ្លើយតបបានតាមតម្រូវការជាមូលដ្ឋានរបស់បុគ្គលិកអប់រំ និងអ្នកសិក្សា ក្នុងបំណង់កាត់បន្ថយអត្រាឆ្លងជំងឺផ្សេងៗ ពិសេសជំងឺរាគ និងជំងឺរលាកផ្លូវដង្ហើម ព្រមទាំងកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភផងដែរ។