រដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បានដាក់ចេញនូវអនុវិស័យទាំង៧ចំណុច សម្រាប់ពង្រឹងការអប់រំនៅកម្ពុជា
ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំសិក្សា២០១៥-២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ។ រដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បានដាក់ចេញនូវអនុវិស័យទាំង៧ចំណុច សម្រាប់ពង្រឹងការអប់រំនៅកម្ពុជា។
អនុវិស័យទាំង៧ សម្រាប់ពង្រឹងការអប់រំនៅកម្ពុជា ដែលបានដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡាមាន៖
១៖ អនុវិស័យ ការអប់រំកុមារតូច៖ យកចិត្តទុកដាក់ក្នុងការអប់រំមាតាបិតាអោយបំពេញតួនាទីអោយបានល្អ ក្នុងការថែទាំកុមារក្នុងផ្ទៃ និងសម្រាប់ឆ្នាំដំបូងៗនៃជីវិតដោយបង្កើននូវបរិយាកាសអោយបានល្អដូចជា អាហារូបត្ថម្ភ សុវត្ថិភាព ការការពារពីជំងឺឆ្លង និងការថែទាំសុខភាពអោយបានល្អ ជាពិសេស គឺការធ្វើអន្តរាគមន៍ក្នុងរយៈពេល៣ឆ្នាំដំបូង ដែលជាដំណាក់កាលដ៏មានសារៈសំខាន់សម្រាប់ការរីកលូតលាស់នៃមូលធនបញ្ញារបស់កុមារ។
២៖ អនុវិស័យ ការអប់រំបឋមសិក្សា៖ ពិនិត្យឡើងវិញស្តង់ដាសាលារៀន ដោយតម្រូវអោយសង់ផ្ទះគ្រូនៅតាមតំបន់ដាច់ស្រយាល និងប្រែក្លាយសាលាកុមារមេត្រីកម្រិតអភិវឌ្ឍអោយទៅជាសាលារៀនជំនាន់ថ្មី។
៣៖ អនុវិស័យ ការអប់រំមធ្យមសិក្សា និងអប់រំបច្ចេកទេស៖ ពង្រីកការអនុវត្តន៍កម្មវិធីសាលារៀនជំនាន់ថ្មី និងអភិវឌ្ឍន៍វិទ្យាល័យធនធានចំនួន៣៦ ឱ្យក្លាយទៅជាសាលាជំនាន់ថ្មី ដោយផ្ដោតលើមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា និងសិល្បៈ។
៤៖ អនុវិស័យ ការអប់រំឧត្ដមសិក្សា៖ បង្កើនការវិនិយោគលើការបណ្ដុះបណ្ដាលខាងផ្នែកវិទ្យសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យានៅតាមគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្ម។
៥៖ អនុវិស័យ ការអប់រំក្រៅប្រព័ន្ធ៖ ជម្រុញការអនុវត្តន៍កម្មវិធីសិក្សាសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ អភិវឌ្ឍន៍មជ្ឈមណ្ឌលសិក្សាសហគមមួយចំនួនអោយក្លាយ ជាគំរូ និងពិនិត្យឡើងវិញនូវក្របខណ្ឌការងាររបស់នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ និងជម្រុញការអនុវត្តន៍កម្មវិធីអក្ខរកម្មសម្រាប់កម្មករ កម្មការិនី។
៦៖ អនុវិស័យការអភិវឌ្ឍន៍យុវជន៖ បញ្ចូលកម្មវិធីសហគម ការបណ្ដុះបណ្ដាលជំនាញទន់ និងភាពជាអ្នកដឹកនាំទៅជាមុខវិជ្ជាបំណិនជីវិត។
៧៖ អនុវិស័យ ការអប់រំកាយ និងកីឡា៖ បន្តការជួសជុលកែលំអហេដ្ឋារចនាសម្ព័ន្ធកីឡា ជាពិសេសនៅតាមគ្រឹះស្ថានសិក្សា និងជម្រុញការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកអប់រំកាយ និងកីឡា ដោយពង្រីកថ្នាលឧបនិស្ស័យកីឡា៕