ទាញយកឯកសារ ការបង្កើតគណៈកម្មការថ្នាក់រៀន
គុណភាពអប់រំ គឺជាអាទិភាពមួយដែលត្រូវយកចិត្តទុកដាក់ពីអ្នកពាក់ព័ន្ធ ក្នុងនោះគណៈកម្មការថ្នាក់រៀន ក៏ជាចំណែកមួយនៃការពង្រឹងគុណភាពអប់រំផងដែរ។ ក្នុងន័យនេះគ្រូបង្រៀនត្រូវមានកិច្ចសហការជិតស្និទ្ធជាមួយឪពុកម្ដាយ អាណាព្យាបាលសិស្ស សហគមន៍ ក្នុងការជួយដល់ការសិក្សារបស់កូនគាត់ឱ្យទទួលបានលទ្ធផលល្អ ឆ្លើយតបទៅនឹងតម្រូវការរបស់សិស្ស គ្រួសារ និងសហគមន៍។
ឯកសារណែនាំស្ដីពី ការបង្កើតគណៈកម្មការថ្នាក់រៀន អាចយកមកប្រើប្រាស់ជាមធ្យោបាយសម្រាប់អនុវត្តនៅកម្រិតថ្នាក់រៀន ក្នុងគោលបំណងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃលទ្ធផលសិក្សារបស់សិស្សឱ្យបានល្អប្រសើរជាងមុន។ ដូច្នេះដើម្បីឱ្យឪពុកម្ដាយ អាណាព្យាបាល បានដឹងពីលទ្ធផលសិក្សា ដែលពាក់ព័ន្ធនឹងការរៀនសូត្រ និងមើលឃើញពីភាពលំបាកខ្លះៗរបស់កូនគាត់ និងគ្រូក្នុងពេលរៀន និងបង្រៀន។
ដោយមើលឃើញពីភាពលំបាកខាងលើ គ្រូទទួលបន្ទុកថ្នាក់ ឪពុកម្ដាយ អាណាព្យបាល បានព្រមព្រៀងគ្នារៀបចំគណៈកម្មការថ្នាក់រៀនសម្រាប់ជួយបំពេញបន្ថែមកិច្ចការខ្លះៗរបស់គ្រូ ដូចជារៀបចំកន្លែងរៀន ជួយបង្រៀនកូននៅផ្ទះ ឬពេលខ្លះគាត់ក៏អាចជួយបង្រៀនកូនៗគាត់ៗ ក្នុងថ្នាក់រៀនផងដែរ ក្នុងករណីគ្រូមានធុរៈផ្ទាល់ខ្លួន។ ទន្ទឹមនេះកុមារជួបការលំបាកផ្នែករៀនសូត្រ ខ្វះសម្ភារសិក្សា សំលៀកបំពាក់ ថវិកា ធនធានផ្សេងៗទៀត ក៏អាចត្រូវបានទទួលនូវការផ្គត់ផ្គង់ពីគណៈកម្មការថ្នាក់រៀនដោយសមធម៌ ដើម្បីបង្កើនលទ្ធផលសិក្សា ការរៀនសូត្រឱ្យមានលំនឹង ដូចកុមារដទៃទៀតដែរ។ លើសពីនេះទៅទៀត ដើម្បីពង្រឹងប្រព័ន្ធធ្វើការងារក្នុងថ្នាក់រៀន ដែលអាចអនុវត្តឱ្យបានទាំងគុណភាព និងប្រសិទ្ធភាព ស្របទៅតាមគោលដៅអភិវឌ្ឍប្រកបដោយចិរភាព។
គណៈកម្មការរៀបចំឯកសារសង្ឃឹមថា ឯកសារនេះនឹងបានជាមធ្យោបាយជំនួយស្មារតីដ៏ល្អក្នុងការពង្រឹងនូវវិធី ឬល្បិចគ្រប់គ្រងរបស់គណៈគ្រប់គ្រងសាលារៀន ឱ្យកាន់តែសម្បូរបែបប្រកបដោយគំនិតច្នៃប្រឌិតជាមួយនឹងការប្រើប្រាស់ធនធានដែលមាននៅក្នុងមូលដ្ឋាន និងធនធានពីប្រភពខាងក្រៅ ដើម្បីអភិវឌ្ឍសាលារៀន ប្រកបដោយគុណភាព បរិយាប័ន្ន និងសមធម៌ សម្រាប់អ្នកសិក្សាគ្រប់រូប សំដៅឆ្លើយតបទៅនឹងកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា។