ការគ្រប់គ្រងស្ថិតិទិន្នន័យអប់រំសាលារៀនសម្រាប់បឋមសិក្សា
ឯកសារណែនាំស្ដីពី ការគ្រប់គ្រងស្ថិតិទិន្ន័យព័ត៌មានអប់រំនៅសាលារៀន មានគោលបំណងជួយនាយកសាលា ក្នុងការធ្វើការរួមគ្នាជាមួយគ្រួសារ ក្រុមប្រឹក្សាកុមារ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំប្រព័ន្ធគ្រប់គ្រងលំហូរស្ថិតិ ទិន្នន័យព័ត៌មានអប់រំ ក្នុងភូមិសាស្ត្រសាលារៀនដោយធានាការធ្វើបច្ចុប្បន្នភាពជាប្រចាំ។ ខ្លឹមសារដែលធានាបច្ចុប្បន្នភាពជាប្រចាំមានន័យថា ការដោះស្រាយជាបន្ទាន់ចំពោះបញ្ហាកុមារនៅក្រៅសាលា កុមារអវត្តមាន កុមារជួបការលំបាកនៅក្នុងគ្រួសារ និងសម្រាប់រាយការណ៍ទៅតាមតម្រូវការរបស់ស្ថាប័នដែលជាប់ពាក់ព័ន្ធ។
សរុបសេចក្ដីមកឯកសារស្ដីពី ការគ្រប់គ្រងទិន្នន័យ និងព័ត៌មានអប់រំរបស់សាលារៀន មានខ្លឹមសារសំខាន់ផ្ដោតទៅលើ ការរៀបចំបណ្ដាញសាលារៀន (កម្រិតក្រុម ខ្នងផ្ទះ ភូមិ សាលារៀន) ការរៀបចំផែនទីសិក្សាសាលារៀន (ខ្នងផ្ទះ ភូមិ សាលារៀន) ការគ្រប់គ្រងលំហូរទិន្នន័យព័ត៌មានកុមារចូលរៀន និងរៀនគង់វង្សក្នុងភូមិសាស្ត្រសាលារៀន។
គណៈកម្មការរៀបចំឯកសារសង្ឃឹមថា ឯកសារនេះជាមធ្យោបាយជំនួយស្មារតីដ៏ល្អក្នុងការលើកកម្ពស់គុណភាពអប់រំ ការគ្រប់គ្រង និងថែរក្សាស្ថិតិទិន្នន័យព័ត៌មានអប់រំ ដើម្បីពង្រឹងការគ្រប់គ្រងសាលារៀនផ្អែកលើលទ្ធផលប្រកបដោយប្រសិទ្ធភាព និងគុណភាព។