top of page

ការ​ប្រុង​ប្រ​យ័ត្ន​អំពីជំងឺ​គ្រុនឈាម


ជំងឺ​គ្រុន​ឈាម​ គឺជា​ជំងឺ​ដែល​រាត​ត្បាត​តាម​​រដូវ​កាល​ ដែល​បាន​បណ្តាល​ឱ្យ​មាន​បញ្ហា​យ៉ាង​ធ្ងន់​ធ្ងរ​​នៅ​ក្នុង​ប្រទេស​ជា​ច្រើនក្នុង​តំបន់​ត្រូពិក និង​ក្រោម​ត្រូ​ពិកក្នុង​ពេល​សព្វ​ថ្ងៃ​នេះ ។ វា​គឺ​ជា​មូល​ហេតុ​ចំបង​មួយនៃ​ការ​មានជំងឺ និង​ការ​ស្លាប់​​របស់​កុមារ​នៅ​ក្នុង​ប្រទេស​៨ ក្នុង​តំបន់​អាស៊ី​អាគេ្នយ៍​ដែលមាន​រួម​ទាំង​កម្ពុជា​ផងដែរ ។ នៅ​​ប្រទេស​កម្ពុជា ជំងឺ​គ្រុន​ឈាម​តែង​តែ​ផ្ទុះ​​ឡើង​រៀង​រាល់​ពីរ​ទៅបី​ឆ្នាំ​ម្តង ​នៅ​រដូវ​ភ្លៀង នៅ​ខេត្ត​​ដែល​មាន​ដង់ស៊ី​តេ​ប្រជាជន​ខ្ពស់ និង​នៅ​តំបន់​ដែល​មាន​​ប្រជា​ជន​ក្រី​ក្រ​រស់​នៅ​ច្រើន​នៅ​ក្នុង​​ទី​ក្រុង ។ របៀ​ប​ឆ្លងមេរោគ​គ្រុន​ឈាម​​ត្រូវ​បានឆ្លង​រាល​ដាល​តាម​រយៈ​មូស ។ នៅ​ក្នុង​ប្រទេស​កម្ពុជា មូស Aedes aegypti (មូស​ខ្លា) គឺជា​ភ្នាក់ងារ​ចំបង​ក្នុង​ការ​​ចម្លង​មេរោគ​គ្រុន​ឈាម​ពី​អ្នកដែល​មាន​ជំងឺ​នេះ ទៅ​មនុស្ស​ផ្សេង​ទៀត មេរោគ​គ្រុន​ឈាម​​ត្រូវ​បាន​ចម្លង​ទៅ​មនុស្ស តាម​រយៈ​ការ​ខាំ​របស់​មូស​ខ្លា​ដែល​បាន​ឆ្លង​មេរោគ​រួច ។ ជាទូទៅ មូសខ្លា​​បាន​ឆ្លង​មេរោគ​ក្នុង​ពេលវា​បឺត​ឈាម​ពី​មនុស្ស​ដែល​មាន​ផ្ទុក​មេ​រោគ​​គ្រុន​ឈាម​នេះ ។ នៅ​ពេល​មូស​ខ្លា​បាន​ឆ្លង​មេរោគ មូស​នេះ​មាន​លទ្ធ​ភាព​ចម្លង​មេរោគ​ទៅ​មនុស្ស​ផ្សេង​ទៀត ​ពេញ​មួយ​ជីវិត​របស់​វា ។ អ្នកជំងឺ​គ្រុនឈាម គឺជា​អ្នក​ផ្ទុក និងជា​កន្លែង​លូត​លាស់​របស់​មេរោគ និងជា​ប្រភព​នៃ​មេរោគ​សំរាប់​មូស​ដែល​មិន​ទាន់​ឆ្លង​មេរោគ​នៅ​ឡើយ ។ មូសខ្លា​នេះ​ច្រើន​រស់​នៅ​ក្បែរៗ​មនុស្ស (ខាង​ក្នុង ខាង​ក្រោម ឬ​ជុំ​វិញផ្ទះ​) ហើយខាំ​ក្នុង​ពេល​ថ្ងៃ​​ចាប់​ពីថ្ងៃ​រះ​ដល់​ថ្ងៃ​លិច) ។ មូសខ្លា​​បន្ត​ពូជ​ក្នុង​ប្រដាប់​ប្រដា​ដែល​មានទឹក​ដក់ ដូចជា​ពាង​ទឹក ថូ​ផ្កា សំបក​កំប៉ុង សំបក​កង់ឡាន​ ដប ធុង ។ល។ នៅរដូវ​ភ្លៀង ទឹក​ភ្លៀង​អាច​ប្រមូល​ផ្តុំ​នៅ​ក្នុង​ប្រដាប់​ប្រដា​ដែល​អាច​ដក់ទឹក នៅជុំ​វិញ​ផ្ទះ ដែល​ផ្តល់​ឱកាស​ដ៏​ល្អ​សំរាប់​មូល​បន្តពូជ ។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​កំរិត​នៃ​ការ​ប្រឈ​ម​នឹង​ការ​កើត​​ជំងឺ​គ្រុន​ឈាម ឡើង​ខ្ពស់​នៅ​រដូវ​ភ្លៀង ។

ការ​សំគាល់​ជំងឺ​គ្រុន​ឈាមគ្រុន​ឈាម​​គឺជា​ជំងឺ​គ្រុន​ក្តៅ​ដ៏​ស្រួចស្រាល់​មួយ ដែល​​បង្ក​ដោយ​មេរោគ​វីរុស ។ ជំងឺ​គ្រុន​ឈាម​ច្រើន​កើត​ឡើង​​លើ​កុមារ និង​មនុស្ស​ជំទង់ ប៉ុន្តែ​មនុស្ស​ចាស់​ក៏​អាច​​កើតជំងឺ​នេះ​ដែរ ។ ជំងឺ​គ្រុន​ឈាម​ឆ្លង​រាល​ដា​លយ៉ាង​ឆាប់​រហ័ស ហើយ​អាច​​កើត​លើ​មនុស្ស​ជា​ច្រើន​ក្នុង​ពេល​មាន​ការ​រាត​ត្បាត ។ ជំងឺ​គ្រុន​ឈាម​អាច​សំគាល់​បាន​ដោយ ៖-គ្រុន​ក្តៅ​ខ្លាំង ដែល​ចាប់​ផ្តើម​ឡើង​ភ្លាម -​ឈឺ​ក្បាល​ខ្លាំង -មាន​ការ​ឈឺ​ចាប់​ខាង​ក្រោយ​​ភ្នែក -ឈឺ​ខ្លួន និង​ឈឺ​សន្លាក់ និង​ -ក្អូត​ ឬ​ចង្អោរ អ្នក​ជំងឺ​ដែល​សង្ស័យ​ថា មាន​ជំងឺ​គ្រុន​ឈាម គួរ​បញ្ជូនទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ។ ការ​ព្យា​បាល​ទាន់​ពេល​ និង​ត្រឹមត្រូវ​ អាច​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ធូរ​ស្រាល និង​អាច​បង្ការ​ផលវិបាក​ផ្សេងៗ និ​ង​សេចក្តី​ស្លាប់​ផងដែរ ។ ការ​បង្ការ​ជំងឺ​គ្រុន​ឈាម ជំងឺ​​គ្រុន​ឈាម​គ្មាន​ការ​ព្យា​បាល​ជាក់​លាក់​នោះ​ទេ ហើយ​ក៏​គ្មាន​វ៉ាក់សាំង​ណាមួយ អាច​បង្ការ​ជំងឺ​គ្រុន​ឈាម​បាន​ដែរ ។ ប៉ុន្តែ​ជំងឺ​គ្រុន​ឈាម​អាច​បង្ការ​បាន​តាម​រយៈ​វិធី​​សាស្ត្រ​ពីរ​យ៉ាង ។ វិធីទាំង​នោះ​នឹង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត បើ​អនុវត្ត​​ជាមួយ​គ្នា ។ ការ​បង្ការ​មូសខាំ យើង​មិន​អាច​ដឹង​បាន​ថា មូស​ណា​មាន​ឬ​គ្មាន​ផ្ទុក​មេរោគ​គ្រុនឈាមនោះទេ ។ ដូច្នេះ​ យើង​ត្រូវ​ការ​ពារ​ខ្លួន​​ពី​មូស​ទាំង​អស់ ដោយ -​ស្លៀក​ពាក់​ខោ​ជើង​វែង និង​អាវ​ដៃ​វែង ដើម្បី​បិទ​បាំង​ដៃ​ជើង​ទាំង​អស់ ។ -ប្រើ​មុង​​ដើម្បី​ការពារ​កុមារ ឬ​មនុស្ស​ចាស់ និង​មនុស្ស​គ្រប់​គ្នា​ដែល​សំរាន្ត​នៅ​ពេលថ្ងៃ ។ -ប្រើ​ថ្នាំ​បាញ់​មូស-​ត្រូវ​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​ថ្នាំ​នេះ​​ចំពោះ​កុមារ​ និង​មនុស្ស​ចាស់ -​ប្រើ​ធូប​មូស​នៅ​ពេលថ្ងៃ -មិន​​ឱ្យ​កុមារ​លេង​នៅ​កន្លែង​ងងឹត​ បំបែក​វដ្ដ​ចម្លង​របស់​ជំងឺ​គ្រុនឈាម​ ជំងឺ​គ្រុនឈាម​មិនអាច​ឆ្លង​រាល​ដាល​ដោយ​ផ្ទាល់​ពី​មនុស្ស​ម្នាក់ទៅ​មនុស្ស​ម្នាក់​​​ទៀត​​បាន​ទេ។ ប៉ុន្តែ​វា​អាច​ឆ្លង​រាល​​ដាល​ពី​មនុស្ស​ដែលមានជំងឺ​គ្រុនឈាម​ទៅ​អ្នក​ដទៃ​ទៀត តាម​រយៈ​មូសខ្លា ។ ​មូស​ខ្លា​ឆ្លង​មេរោគ​គ្រុនឈាម​​នៅ​ពេល​ដែល​វាខាំ​អ្នកដែលមាន​ជំងឺ​នេះ ។ ហេតុ​នេះ​ត្រូវ​ការពារ​អ្នក​ជំងឺ​​គ្រុនឈាម កុំ​ឱ្យ​​មូស​ខាំ ។

ការ​ធ្វើ​របៀប​​នេះ នឹង​បង្ការ​​មូស​មិន​ឱ្យខាំ​អ្នកជំងឺ និង​មិន​ឱ្យ​​មូស​ឆ្លង​មេរោគ​ រួច​ចម្លង​ទៅ​អ្នក​ដទៃ​​ទៀត ។ ដូច្នេះ​ការបំបែក​ វដ្ត​​ចម្លង មូស-មនុស្ស-មូស នឹង​អាច​បង្ការ​ការ​ឆ្លង​រាលដាល​នៃជំងឺ​គ្រុនឈាម​ ។ ការ​បំបាត់​ជម្រ​កមូស -ត្រូវ​គ្រប​ពាង​ដែល​​មាន​ទឹកទាំង​អស់ ដើម្បី​កុំ​ឱ្យ​មូស​ចូល​ពង​ក្នុងនោះ​បាន ។ -​ត្រូវ​បំផ្លាញ​ចោល​ឱ្យ​អស់នូវ​ប្រដាប់​ប្រដា​ដក់​ទឹក​ ដែល​មិនចាំ​បាច់ (សំបក​កំប៉ុង សំបក​កង់​ឡាន ថូ​ផ្កា ដប។ល។)

Tags:

LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page