គោលការណ៍គ្រឹះនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ
នៅលើផែន ពិភពលោកនេះមានអង្គការអន្តរជាតិច្រើនណាស់ក្នុងនោះ អង្គការមនុស្សធម៌ មួយ ឈ្មោះ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ តើគោលការណ៍គ្រឹះនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិមានអ្វីខ្លះ? ចូរបង្ហាញអត្តន័យនៃគោលការណ៍នីមួយៗផង។ អ្នកណាបង្កើតអង្គការកាកបាទក្រហមមុនគេបង្អស់? បង្កើតនៅពេលនោះក្នុងទិសដៅអ្វីខ្លះ? ប្រាប់ពាក្យស្លោកឆ្នាំ ១៩៩៩ និង ២០០០។
គោលការណ៍គ្រឹះកាកបាទក្រហមមាន ៧យ៉ាងគឺ៖ ១. ភាពមនុស្សធម៌ : គឺចលនាការពារអាយុជីវិត និងសុខភាពមនុស្សជាតិដោយមិនរើសអើង ធានាឱ្យមានការគោរពក្នុងឋានៈជាមនុស្សផងគ្នា, យោគយល់គ្នា, សហការជួយគ្នាបង្កើតមិត្តភាព ដើម្បីធ្វើឱ្យសង្គមមនុស្សលើសកលលោក មានសន្តិភាពយូរអង្វែង។ ២. ភាពមិនលំអៀង : គឺអង្គការនេះបំពេញភារកិច្ចមិនប្រកាន់ សញ្ជាតិ ពូជសាសន៍ ជំនឿ សាសនា វណ្ណៈសង្គម ឬគំនិតនយោបាយអ្វីឡើយ ដោយខិតខំប្រឹង ដើម្បីសម្រាលទុក្ខវេទនា ខ្លោចផ្សារដល់រាល់បុគ្គលដែលរងគ្រោះ ផ្អែកទៅតាមតម្រូវការជាចាំបាច់ជាអាទិភាព គឺជួយសង្គ្រោះមនុស្ស ចំពោះករណីគ្រោះអាសន្នធ្ងន់ធ្ងរបំផុត។ ៣. ភាពអព្យាក្រឹត : គឺអង្គការនេះ ចៀសវាងដាច់ខាតការចូលរួមទាក់ទិនក្នុងភាគឺជម្លោះណាមួយឡើយ ទោះជាកាលៈទេសៈណាក៏ដោយ ក៏មិនចូលរួមវែកញែកបញ្ហានយោបាយ ពូជសាសន៍ ជំនឿ សាសនា ឬប្រភេទមនោគមវិជ្ជាណាឡើយ។ ៤. ឯករាជភាព : គឺអង្គការនេះរួមចំណែកជួយដល់រដ្ឋាភិបាល ក្នុងការងារមនុស្សធម៌ក្រោមឱវាទច្បាប់ប្រទេសរបស់ខ្លួនក៏ដោយ ក្នុងសមាគមជាតិទាំងនោះ ត្រូវតែរក្សាស្វ័យភាពក្នុងការធ្វើសកម្មភាពស្របតាមគោលការណ៍ជាសារវន្តរបស់ខ្លួន។ ៥. សេវាកម្មស្ម័គ្រចិត្ត : គឺអង្គការនេះ ធ្វើការជួយសង្គ្រោះដោយស្ម័គ្រចិត្ត ដោយមិនគិតផលកំរៃ តបស្នងវិញឡើយ។ ៦. ឯកភាព : អង្គការនេះបានកំណត់ជាឯកច្ឆន្ទថា ក្នុងប្រទេសនីមួយត្រូវមានសមាគមជាតិតែមួយប៉ុណ្ណោះ។ សមាគមជាតិទាំងនេះ ត្រូវបើកទ្វារចំហសម្រាប់មនុស្សទូទៅ ហើយបំផុស និងពង្រីកសកម្មភាពមនុស្សរបស់ខ្លួនពាសពេញផ្ទៃប្រទេស។ ៧. សកលភាព : អង្គការនេះ មានលក្ខណៈជាសកល ហើយសមាគមជាតិទាំងនេះ មានឋានៈស្មើៗគ្នា និងមានភារកិច្ចជួយគ្នា ទៅវិញទៅមកទូទាំងពិភពលោក។ អ្នកដែលបានបង្កើតអង្គការកាកបាទក្រហម គឺលោក ហង់ រីឌុយណង់ (Henry Dunant) ជាជនជាតិស្វីស ទង់កាកបាទក្រហមយកតាមលំនាំទង់ជាតិស្វីស។ បង្កើតឡើងនៅឆ្នាំ ១៨៦៣ នៅទីក្រុងហ្សីណេវ។ ទិសដៅដំបូងបង្អស់របស់កាកបាទក្រហមគឺ៖ - សង្គ្រោះដល់ជនរងគ្រោះដោយសង្គ្រាម - ព្យាបាលរបួស សង្គ្រោះយុទ្ធជន ដែលពើបប្រយុទ្ធគ្នា ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយ។ ពាក្យស្លោកកំណត់ដោយអង្គការ កាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ៖ + ឆ្នាំ ១៩៩៩ ពាក្យស្លោកឈ្មោះ "យើងនាំគ្នារាំ" + ឆ្នាំ ២០០០ ពាក្យស្លោកឈ្មោះ "យើងហ៊ានសុបិន"។