កម្ពុជា គ្រោងរៀបចំពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤នាខែសីហាខាងមុខនេះ
ដើម្បីជាការរួមចំណែកផ្សព្វផ្សាយពីទំនៀមទំលាប់ទម្រង់អាពាហ៍ពិពាហ៍ សំលៀកបំពាក់ប្រពៃណី ខ្មែរ និងម្ហូបអាហារខ្មែរ។ល។ នៅថ្ងៃទី៥ និងទី៦ ខែសីហាខាងមុខនេះ កម្ពុជាគ្រោងនឹងរៀបចំពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤ មហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារលើកទី១៨ និងការបង្ហាញទម្រង់ម៉ូតសំលៀកបំពាក់ប្រពៃណីខ្មែរលើកទី១៧ នៅមជ្ឈមណ្ឌលអគារកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ ក្នុងសន្និសីទសារព័តមានមួយ ស្តីពីពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៧កន្លងទៅ នៅសារៈមន្ទីរខ្លែងខ្មែរ លោក ទេព សិដ្ឋាន់ណា អគ្គនាយករងក្រុមហ៊ុនសិរីមង្គល បាន លើកឡើងថា ពិព័រណ៍គ្រោងរៀបចំឡើងខាងមុខនេះគឺក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពិព័រណ៍អាពាហ៍ពិពាហ៍ មហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារ និងការបង្ហាញទម្រង់ម៉ូតសំលៀកបំពាក់ប្រពៃណីខ្មែរ និង ដើម្បីជាការជូនដំណឹងដល់មហាជនទូទៅឲ្យបានដឹង និងចូលរួមគាំទ្រប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ។ លោក បន្តថា ពិធីនោះដែរនឹងមានស្តង់ចំនួន១០៩ សម្រាប់អ្នកដែលផ្គត់ផ្គង់សេវាកម្មអាពាហ៍ពិពាហ៍ឲ្យបានចូលរួមដាក់បង្ហាញដោយផ្ទាល់ពីម៉ូតសំលៀកបំពាក់ថ្មីៗ ទំនើបៗដែលកំពុងពេញនិយមដើម្បីផ្សព្វផ្សាយពី ផលិតផល និងសេវាកម្មដល់អតិថិជន។ ស្របគ្នានេះដែរ លោកសាស្ត្រាចារ្យ ញាណ ភឿន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថាពិព័រណ៍នេះនឹងរួមចំណែកថែរក្សា និងលើកស្ទួយវប្បធម៌ទំនៀមទំលាប់ ទម្រង់អាពាហ៍ពិពាហ៍ សំលៀកបំពាក់ប្រពៃណីហើយក៏បង្ហាញពីអរិយធម៌និងវប្បធម៌របស់ខ្មែរ និងបង្ហាញពីរបកគំហើញដល់ប្រជាពលរដ្ឋខ្មែឲ្យមានការយល់ដឹងអំពីទម្រង់អាពាហ៍ពិពាហ៍ខ្មែរនៅតាមបណ្តាខេត្ត ផ្សេងៗ។ល។
Comments