តើសិល្បៈខ្មែរចែកចេញជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
សិល្បៈខ្មែរចែកចេញជា ៧ ប្រភេទគឺ ៖ ១- សិល្បៈស្ថាបត្យកម្ម សិល្បៈប្រភេទនេះបានដល់ការសាងសង់ផ្ទះ រមនីយដ្ឋាន អាគារ និងប្រាសាទ ។

២- សិល្បៈចម្លាក់ សិល្បៈប្រភេទនេះបានដល់ការសូនរូបស្មិត ជាងទង គឺការយកសម្ភារៈផ្សេងៗដូចជា ឈើ លោហធាតុ ដី… មកកែច្នៃជារូបផ្សេងៗដែលគេចង់បានដូចជា រូបមនុស្ស សត្វ ឬការធ្វើឱ្យចេញជារូបផ្សេងៗ ។

៣- សិល្បៈគំនូរ សិល្បៈប្រភេទនេះបានដល់ការគូសវាស ផាត់ពណ៌ទៅលើវត្ថុផ្សេងៗដើម្បីឱ្យចេញជារូបភាពតាមចំណង់ចំណូលចិត្ត ហើយក៏ជាទីចាប់អារម្មណ៍ផងដែរ ។

៤- សិល្បៈតន្ត្រី សិល្បៈប្រភេទនេះបានដល់សិល្បៈដែលស្ដែងចេញតាមរយៈឧបករណ៍ផ្សេងៗដែលអាចបន្លឺសូរសំឡេងពីរោះជាទីចាប់ចិត្ត ចាប់អារម្មណ៍ ហើយធ្វើឱ្យរំភើបឬកើតទុក្ខតាមរយៈសូរសំឡេងនេះ ។

៥- សិល្បៈរបាំ សិល្បៈប្រភេទនេះបានដល់ការបញ្ចេញកាយវិការប្រកបដោយគំនិតច្នៃប្រឌិត មានលក្ខណៈទន់ភ្លន់តាមចចង្វាក់ភ្លេងដែលធ្វើឱ្យមនុស្សទូទៅចង់ទស្សនា ។

៦- សិល្បៈអក្សរសិល្ប៍ សិល្បៈប្រភេទនេះបានដល់ការតែងនិពន្ធឱ្យចេញជាសាច់រឿងដើម្បីបម្រើអ្នកអាន អ្នកស្ដាប់ ហើយអាចធ្វើឱ្យមនុស្សចាប់ចិត្ត ចាប់អារម្មណ៍រំភើបញាប់ញ័រ ឬកើតក្ដីមិនសប្បាយចិត្តដោយសារសាច់រឿង ។

៧- សិល្បៈភាពយន្ត សិល្បៈប្រភេទនេះបានដល់ភាពយន្ត កុន ល្ខោន ដែលស្ដែងចេញតាមរយៈរូបភាពពិត ឬរូបភាពឆ្លុះបញ្ចាំងដែលធ្វើឱ្យមនុស្សមានចិត្តរំភើបញាប់ញ័រ សប្បាយ ឬកើតទុក្ខ ។ ចំពោះខ្មែរយើង សិល្បៈប្រភេទនេះមានតាំងពីយូរយាណាស់មកហើយដែលគេស្គាល់តាមរយៈល្ខោនស្បែក ។


Comments