ក្រសួងអប់រំថានឹងឲ្យសិស្សពិការប្រឡងក្នុងបន្ទប់ដាច់ដោយឡែក
រដ្ឋមន្ដ្រីក្រសួងអប់រំថា គ្រោងនឹងរៀបចំបន្ទប់ផ្សេង ឲ្យសិស្សពិការអាចប្រឡងដាច់ដោយឡែកពីសិស្សដទៃទៀត ដើម្បីជួយសម្រួលដល់ពួកគាត់។ ក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃទី១០ កក្កដា ២០១៧ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានថ្លែងថា ក្រសួងនឹងរៀបចំសម្រាប់សិស្ស ដែលពិការភ្នែក គ ឬថ្លង់ អាចប្រឡងនៅក្នុងបន្ទប់ដាច់ដោយឡែកពីសិស្សផ្សេងទៀត ដោយសារអ្នកដែលពិការភ្នែក ពុំអាចមើលអក្សរក្នុងវិញ្ញាសារឃើញទេ ដូច្នេះ ក្រសួងនឹងរៀបចំពួកអ្នកពិការទាំងនោះនៅក្នុងបន្ទប់មួយជាមួយគ្នា ដោយមានអនុរក្ស ដែលអាចបកប្រែ និងពន្យល់ឲ្យពួកគាត់យល់ពីវិញ្ញាសារប្រលង។ លោកថា ក៏នឹងមានគ្រូជំនាញ អាចកែវិញ្ញាសាសម្រាប់ពួកគេផងដែរ។ លោកបន្ថែមថា នៅឆ្នាំ២០១៧ សិស្សពិការមានចំនួន១៦នាក់ ក្នុងនោះ សិស្សពិការភ្នែក១៦នាក់ និង គ ថ្លង់២នាក់ ដូចជា នៅរាជធានីភ្នំពេញ កំពង់ចាម បាត់ដំបង និងសៀមរាបជាដើម។ លោកលើកឡើងថា៖ «សិស្សពិការនឹងត្រូវដាក់នៅក្នុងបន្ទប់មួយដាច់ដោយឡែកដោយនៅទីនោះមានសុទ្ធតែអ្នកពិការដូចគ្នា ជារួមគ្រប់មណ្ឌលគឺត្រូវរក្សាមណ្ឌលមួយដាច់ដោយឡែកសម្រាប់អ្នកពិការ។ យើងមានបញ្ជីឈ្មោះបេក្ខជនពិការភ្នែក ហើយមានអនុរក្ស មានគ្រូដែលមានជំនាញបង្រៀនសិស្សពិការភ្នែក គ ថ្លង់ ដើម្បីឲ្យសិស្សយល់ដឹងពីតម្រូវការ ហើយយើងធ្វើការកែដោយគ្រូពិការភ្នែក ឬក៏គ្រូដែល គ ថ្លង់ តាមអត្រាកំណែពិសេស»។ លោក ហង់ ជួនណារ៉ុន ក៏បានអំពាវនាវឲ្យបេក្ខជនប្រលងទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រឲ្យកាន់តែខ្លាំង ដោយហេតុថាវិញ្ញាសារ និងដំណើរការប្រឡងកាន់តែតឹងរ៉ឹងពីមួយឆ្នាំទៅមួយឆ្នាំនិងពុំមានការបន្ធូរបន្ថយឡើយ។ បើតាមសេចក្ដីប្រកាស ការប្រលងសញ្ញាប័ត្រទុតិយភូមិនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២១ សីហា ឆ្នាំ២០១៧ ដោយមានរយៈពេលពីរថ្ងៃ និងបេក្ខជនចូលរួមប្រឡងសរុបចំនួនជាង១០ម៉ឺននាក់(១០៣ ១១២នាក់)៕
ប្រភពពី VOD ដោយ កញ្ញា ថាញ់ ចន្ទសុធារី chansothearythanh@gmail.com
Comments