ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអនុញ្ញាតឲ្យប្រើប្រាស់ពាក្យ«គុក»ជាផ្លូវការហើយ ពាក្យ«គុហ៍» ត្រូវទុកថាជា«
ជុំវិញបញ្ហាពាក្យសម្បូរ«ព្រៃគុហ៍» ឬសម្បូរ«ព្រៃគុក» បានធ្វើឲ្យសាធារណៈជនមានភាពមន្ទិលសង្ស័យលើការប្រើប្រាសើនូវពាក្យនេះ តើពាក្យមួយណាពិតប្រាកដ ដែលត្រូវ នឹងអាចប្រើប្រាស់ជាផ្លូវការ?។
ឆ្លើយតបទៅនឹងបញ្ហានេះ បណ្ឌិត មីសែល ត្រាណេ បានធ្វើការបកស្រាយលើពាក្យ «សម្បូរព្រៃគុហ៍» និង«សម្បូរព្រៃគុក» ដូចតទៅ៖
ការសរសេរ ពាក្យ «គុហ៍» ដោយអ្នកនិពន្ធខ្លះ គឺជាពាក្យ មិនសមស្រប នឹងអត្ថន័យដើមឡើយ ពោលគឺជាការខុសឆ្គងមួយដែលតម្រូវឲ្យមានការបំភ្លឺនៅទីនេះ។ ជាបឋម សូមបញ្ជាក់ថា សម្បូរព្រៃគុក គឺជាអក្សរផ្សំរវាងពាក្យទាំងបីម៉ាត់ គឺពាក្យសម្បូរ ព្រៃ និង គុក។
អ្នកស្រាវជ្រាវ បារាំងដំបូងបង្អស់ពីរនាក់គឺ លោក អាដឺម៉ារ ឡឺក្លែរ និងលោក ហង់រី ប៉ារម៉ាំងទីយេ ដែលបានសិក្សាក្រុមប្រាសាទសម្បូរព្រៃគុកមុនដំបូងបង្អស់បានសរសេរថា គុក (Kuk) ដែលមានន័យថា ប៉មយាម ប្រាសាទ, កុដ, វិហារ (tour) ហើយនេះជាអ្វីមួយដែលអ្នកស្រាវជ្រាវ ក្រោយមកទៀតដូចជា លោក ដឺឡាហ្សុងគីយ៉ែរ៍ និងហ្គ្រោលីយេរ៍ បានគោរពប្រតិបត្តិតាមរហូតបច្ចុប្បន្នភាព។
ដូចទើបពោលពាក្យថា «គុក (Kuk)» ជាពាក្យខ្មែរ ដែលតាមធម្មតា មានន័យថា «ប្រាសាទជាហូរហែ»។ រីឯពាក្យសម្បូរ គឺជាឈ្មោះ របស់ភូមិមួយ ដែលស្ថិតជិត ក្រុមប្រាសាទទាំងនោះ។
ចំណែកពាក្យព្រៃវិញ សំដៅព្រៃឈើ។ សេចក្តីត្រង់នេះ មានសារសំខាន់ណាស់ ព្រោះពាក្យ«គុក» ត្រូវបានឮហើយកត់ត្រានៅចុងសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០ មកម្ល៉េះ ដោយប្រវត្តិវិទូដ៏ល្បីៗ ដែលបានអញ្ជើញមកស្រាវជ្រាវក្រុមប្រាសាទទាំងនោះមុនគេ។
ដូចនេះ ពាក្យទាំងបីម៉ាត់ «សម្បូរព្រៃគុក»នេះ មានន័យយ៉ាងជាក់ច្បាស់ថា «ព្រៃស្តុក ដោយគុក ឬប្រាង្គប្រាសាទ» (La foret aux tours) ហើយសំដៅយកក្រុមប្រាសាទទាំងឡាយ ដែលមាននៅលើទីតាំងនេះទាំងមូល។
ជាអវសាន ពាក្យ«គុក»នេះ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់ជាតិយើង ប្រើប្រាស់ជាផ្លូវការរហូតដល់សព្វថ្ងៃដែរ ម្ល៉ោះហើយ ពាក្យ«គុហ៍» ត្រូវទុកថាជា«មោឃៈ»។
សូមបញ្ជាក់ថា ក្រុមប្រាសាទសម្បូរព្រៃគុក គឺ ជាក្រុមប្រាសាទ ធ្វើំពីឥដ្ឋតាន់/ថ្មបាយក្រៀម និងថ្មភក់ ដែលស្ថិតនៅភូមិសម្បូរ ស្រុកសម្បូរ ប្រមាណជា២៥គីឡូក្រាម ពីទីរួមខេត្តកំពង់ធំ។
ក្រុមប្រាសាទសម្បូរព្រៃគុកត្រូវបាន ស្ថាបនាឡើងជាលើកដំបូងបង្អស់ ដោយព្រះមហាក្សត្រខ្មែរ នាសម័យ បុរេអង្គរ បីព្រះអង្គដ៏ខ្លាំងពូកែ គឺព្រះបាទភវរ្ម័នទី១ ព្រះបាទស្រីមហេន្ទ្រវរ្ម័នចិត្រសេនា និងព្រះបាទឥសានវរ្ម័ន។
បន្ទាប់មកទៀត ត្រូវបានស្ថាបនាបន្ថែម ជាបន្ទាប់ៗរហូតដល់ដើមសតវត្សរ៍ទី១០នៃគ.ស មុនការ ផ្លាស់ទីតាំងនៃ ព្រះរាជធានី ចេនឡា ទៅកាន់ តំបន់ គូលែន នៅខេត្ត សៀមរាបបច្ចុប្បន្ន។សូមជម្រាបភ្លាម ត្រង់នេះថា ក្រុមប្រាសាទសម្បូរព្រៃគុក ដែលត្រូវបានចែកចេញជាបីក្រុមធំៗ និងក្រុមឧបសម្ព័ន្ធ មិនមែនជាទីក្រុងឥសានបុរៈ ឬឥសានបុរីរបស់ព្រះបាទឥសានវរ្ម័នទី ១ (៦១៥-៦៣៥ គ.ស) នោះទេ។ ក៏ប៉ន្តែ គឺក្រុមប្រាសាទទាំងឡាយនៃទីក្រុងឥសានបុរៈ ដែលស្ថិតមិនឆ្ងាយប៉ុន្មានពីទីតាំងនៃក្រុមប្រាសាទទាំង បីខាងលើនេះ៕










Comments