គរុកោសល្យ វិធីសាស្ត្របង្រៀន (ភាគ១)
វិធីបង្រៀន ១. លក្ខណៈទូទៅ វិធី គឺជារបៀប ជាមធ្យោបាយ ជាមាគ៌ា ជាយុទ្ធសាស្ត្រ ជាល្បិច សម្រាប់យកមកប្រើ ប្រាស់ក្នុងការធ្វើការងារអ្វីមួយ និងដើម្បីធ្វើឲ្យសម្រេចនូវគោលដៅសកម្មភាព ដែលបានគ្រោងទុក ។ ការបង្រៀន គឺជាមាគ៌ាមួយក្នុងការផ្តល់ចំណេះដឹងដល់សិស្ស តាមរយៈការប្រើវិធីសាស្ត្រ ល្បិចដើម្បីឲ្យសិស្សមានការអភិវឌ្ឍផ្នែកបញ្ញាស្មារតី និងរាងកាយ ។ វិធីបង្រៀន ជារបៀបជាមធ្យោបាយជាល្បិច ជាសកម្មភាពដែលសាស្ត្រាចារ្យម្នាក់ៗបានប្រើប្រាស់ដើម្បីដឹកនាំសកម្មភាព យល់ជ្រួតជ្រាប និងក្តាប់ចំណេះដឹងរបស់សិស្សជាពិសេសដើម្បីឲ្យសិស្សទទួល បាននូវការអភិវឌ្ឍផ្នែកបញ្ញាស្មារតី និងរាងកាយ ។ វិធីបង្រៀន គឺជាល្បិច ជាមធ្យោបាយធ្វើឲ្យការងាររបស់គ្រូ និងសិស្សក្រោមការ ដឹកនាំ របស់គ្រូសិស្សទទួលបាននូវចំណេះដឹង ចំណេះធ្វើ បំណិនប្រសប់ចំណេះចេះរស់នៅជាមួយ គ្នា ព្រមទាំងពង្រីកសតិបញ្ញារបស់សិស្ស សំដៅប្រតិបត្តិលើគ្រប់ភារកិច្ចនៃការបង្រៀន ។ ២. ប្រព័ន្ធនៃវិធីបង្រៀន ចំពោះប្រព័ន្ធនៃវិធីបង្រៀននេះសព្វថ្ងៃគរុកោសល្យវិទូទាំងឡាយនៅលើសកលលោកយើង នេះមិនទាន់មានមតិឯកភាពស្រុះស្រួលគ្នាជាឯកច្ឆ័ននៅឡើយទេ។ រីឯបំណែងចែកវិធី បង្រៀនទៅ តាមប្រភេទក៏មិនទាន់មាននៅឡើយដែរ ។ ប្រព័ន្ធវិធីបង្រៀនត្រូវបាន បែងចែកជាប្រភេទទៅតាមធម្មជាតិរបស់វាដោយឈរលើមូលដ្ឋាននៃចរិតសកម្ម និងចរិត អសកម្ម ។ ក. វិធីសកម្មៈ –វិធីសកម្មជាវិធីដែលសិក្សាតាមបែបតថភាពនិយម –ជាវិធីធ្វើឲ្យសិស្សចេះស្រាវជ្រាវ –ធ្វើឲ្យសិស្សចេះពិសោធន៍ –ធ្វើឲ្យសិស្សមានគំនិតច្នៃប្រឌិតក្នុងការអនុវត្ត និងការហ្វឹកហ្វឺន… ។ ខ. វិធីអសកម្មៈ –ជាវិធីសិក្សាតាមបែបគម្ពីរនិយម –បង្រៀនតាមបែបពណ៌នា –បង្រៀនតាមបែបឧទ្ទេសបកស្រាយពន្យល់ –បង្រៀនតាមបែបអត្ថាធិប្បាយ ។ ម្យ៉ាងទៀតប្រព័ន្ធវិធីបង្រៀនត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ វិធីសិក្សាដែលសិស្សបានអនុវត្ត៖ –វិធីបង្រៀនតាមគម្ពីរនិយមៈ សាស្ត្រាផ្តល់ឲ្យសិស្សនូវចំណេះដឹង ដែលបានរៀបចំ និង កំណត់ទុកជាមុនស្រេច ។ –វិធីបង្រៀនតាមបែបធ្វើវិភាគៈសាស្ត្រារៀបរាប់ពីចំណេះដឹងតាមលំដាប់លំដោយនិង តាម រូបភាពនៃរូបមន្ត ដោយបង្កើតបានជាគំនូរ ចម្លាក់ វត្ថុ បាតុភូតជាក់ស្តែង និងអត្ថន័យ សំខាន់ៗ របស់កត្តានីមួយៗ រួចកសាងបានរូបមន្តមានលក្ខណៈគ្រប់គ្រាន់ ។ –វិធីបង្រៀនតាមការត្រួសត្រាយៈ សាស្ត្រាត្រួសត្រាយផ្លូវ និងធ្វើឲ្យលេចចេញនូវ ចំណេះ ដឹង និងលំនាំអភិវឌ្ឍរបស់ចំណេះដឹងនោះរួចមកនិយាយសរុបទៅលើចំណុចសំខាន់ៗ ។ ៣. វិធីសាស្ត្របង្រៀនដើម្បីដំណើរការគោលវិធីគ្រូមជ្ឈមណ្ឌល ក. វិធីឧទ្ទេសៈ វិធីឧទ្ទេសជាវិធីដែលប្រើពាក្យសម្តីសំបូរបែបទៅដោយរូបបារម្មណ៍រស់រវើកដើម្បីទាក់ទាញ អារម្មណ៍សិស្សឲ្យមានបំរុងប្រយ័ត្នស្តាប់ ។ វិធីឧទ្ទេសគឺជាវិធីមួយដែលត្រូវប្រើសម្តីសម្រាប់បង្រៀនមេរៀនថ្មី។វិធីនេះត្រូវបានបែងចែក ជាវិធីជាក់ស្តែងដូចជាៈ វិធីអធិប្បាយ វិធីនិទានរឿង និងវិធីពិពណ៌នា ។ វិធីអធិប្បាយ គឺជាវិធីដែលគ្រូប្រើពាក្យសម្តី បកស្រាយបញ្ញត្តិ ភេទ ក្រិត្យក្រម និងរបៀប ប្រើក្រិត្យក្រមទាំងនោះ ។ ការនិទានរឿង ជាវិធីមួយដែលគ្រូប្រើប្រាស់ពាក្យសម្តី និងការប៉ិនប្រសប់ របស់ខ្លួន រំលឹកអំពី បាតុភូត ព្រឹត្តិការណ៍ណាមួយ ដើម្បីផ្តល់ពុទ្ធិដល់សិស្ស ។ រីឯវិធីពិពណ៌នា ជាវិធីដែលគ្រូប្រើពាក្យសម្តី ដើម្បីផ្ទេរចំណេះដឹងដល់សិស្ស ។ វិធីឧទ្ទេស ជាវិធីមួយដែលមានគុណសម្បត្តិច្រើនសម្រាប់ឲ្យគ្រូមានភាពម្ចាស់ការ ក្នុងការ ប្រើប្រាស់ពេលវេលា ដើម្បីឲ្យមេរៀនមានលក្ខណៈប្រព័ន្ធ និងមានលក្ខណៈសមស្រប ។ វីធីនេះត្រូវ បានសាស្រ្តាចារ្យយកមកប្រើប្រាស់យ៉ាងទូលំទូលាយ គឺសំដៅ៖ –បកស្រាយពន្យល់ឯកសារថ្មី ដែលមានចំណេះដឹងផ្សារភ្ជាប់តាមប្រព័ន្ធកម្មក្នុងរយៈ ពេល មួយជាកំណត់ ។ –ធ្វើអត្ថាធិប្បាយបន្ថែម លើបញ្ហាស្មុគស្មាញ –ធ្វើអត្ថាធិប្បាយ ឬឧទ្ទេសពីបញ្ហាជាក់ស្តែង ដែលជាប់ទាក់ទងមេរៀន –ជួយសិស្សឲ្យក្តាប់បាននូវចំណេះដឹង ជាពិសេសបញ្ហាលំបាក និងស្មុគស្មាញ –បង្កបាននូវលក្ខខ័ណ្ឌងាយស្រួលដល់សាស្រ្តាចារ្យក្នុងការជះឥទ្ធិពលទៅលើសតិអារម្មណ៍ និងសញ្ជេតនារបស់សិស្ស ។ –ជំរុញឲ្យសិស្ស មានចរិតសកម្ម ក្នុងការគិត និងកំណត់ត្រានូវចំណុចសំខាន់ៗ… ។ ដូច្នេះនៅក្នុងវិធីឧទ្ទេសគ្រូត្រូវយកចិត្តទុកដាក់ទៅលើ៖ ១. ខ្លឹមសារមេរៀនៈ យកខ្លឹមសារសំខាន់ៗមកបង្រៀន ។ ២.ការប្រើប្រាស់ពាក្យសម្តីៈ ការប្រើប្រាស់សម្លេង ការបង្កើតសញ្ជេតនាក្នុងការប្រើ ពាក្យសម្តី ល្បឿន និងកម្រិតនៃពាក្យសម្តី… ។ ៣. អាកប្បកិរិយាឬកពារៈ លក្ខណៈសមរម្យ និងមានសីលធម៌… ។ ៤.ការប្រើវិធីពិចារណាសមហេតុផលៈ ធ្វើឲ្យសម្រេចនូវគោលបំណង ទទួលបានផ្លែផ្កា ល្អតាមការគិតត្រឹមត្រូវ… ។
Comments