គរុកោសល្យ វិធីសាស្ត្របង្រៀន (ភាគ៥)
ជ. វិធីត្រួតពិនិត្យ និងវាយតម្លៃៈ វិធីត្រួតពិនិត្យ និងវាយតម្លៃ ជាវិធីមួយដែលមានកម្រិតសំខាន់ និងចំាបាច់ណាស់ ។ វិធីត្រួតពិនិត្យ និងវាយតម្លៃ ជាវិធីមួយដែលគេប្រើប្រាស់ដើម្បីវាស់ស្ទង់សមត្ថភាព យល់ដឹង របស់សិស្សក្រោយពីបានសិក្សាប្រចំាថ្ងៃ ខែ ត្រីមាស ឆមាស និងឆ្នំា ។ មានន័យថា ជាវិធីដែលស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់សិស្សបន្ទាប់ពីការសិក្សារួចមក ។ ប្រភេទនៃការត្រួតពិនិត្យត្រូវបានចែកជា ៣ ៖ –ការត្រួតពិនិត្យប្រចាំឆ្នាំៈ រំលឹកមេរៀនចាស់ យកចំណេះដឹង ចំណេះធ្វើ បំណិនទៅ អនុវត្តក្នុងការប្រតិបត្តិ ។ –ការប្រតិបត្តិតាមការកំណត់ៈ ចប់វគ្គសិក្សា ត្រួតពិនិត្យប្រចាំសប្តាហ៍ ប្រចាំខែ… ។ –ការត្រួតពិនិត្យបែបបូកសរុបៈ ពិន្ទុបញ្ចប់ ប្រចាំឆ្នាំ ប្រឡងថ្នាក់ជាតិ សញ្ញាបត្រ… ។ វិធីត្រួតពិនិត្យ និងការវាយតម្លៃធ្វើឡើងដើម្បីដឹងច្បាស់ពីសមត្ថភាពសិស្ស និងជួយគ្រូ សម្រាប់រៀបចំវិធីសាស្ត្រ ពង្រឹងសមត្ថភាពរបស់សិស្សដូចជា៖ –មានជំនឿជឿជាក់លើខ្លួនឯង –មានទំនួលខុសត្រូវ ស្គាល់ចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន –ទម្លាប់សិស្សឲ្យរៀនដោយខ្លួនឯង ខិតខំស្វ័យសិក្សាបន្ថែម –មានមនសិការក្នុងការសិក្សា បំពេញកាតព្វកិច្ចជាសិស្ស – មានឆន្ទៈក្នុងការសិក្សា ស្រឡាញ់សៀវភៅ និងការសិក្សាស្រាវជ្រាវបន្ថែម… ។ ដូចនេះ វិធីត្រួតពិនិត្យ និងការវាយតម្លៃ គឺមានឥទិ្ធពលខ្លាំង ចំពោះគ្រូដែលចាំបាច់ត្រូវ តែយកមកប្រើក្នុងការបង្ហាត់បង្រៀនសិស្សសំដៅនូវការកំណត់បានពីចំណុចខ្លាំង និងចំណុចខ្សោយរបស់សិស្ស ។
៤. វិធីសាស្ត្របង្រៀនដើម្បីដំណើរការគោលវិធីសិស្សមជ្ឈមណ្ឌល
សកម្មភាពរៀនសូត្រនៅក្នុងថ្នាក់ គឺអាស្រ័យទាំងស្រុងទៅនឹងយុទ្ធវិធី ក្នុងការចាត់តាំង សកម្មភាពរបស់គ្រូជាលទ្ធផលនៃការសម្រេចចិត្តជ្រើសរើសវិធីសាស្រ្តសម្រាប់បង្រៀន ។ គោលវិធី មានន័យថា ជាទស្សនវិជ្ជាមួយ ឬជាគោលការណ៍ទ្រឹស្តីមួយ ។ គោលវិធីសិស្សមជ្ឈមណ្ឌល ជាទ្រឹស្តី គោលការណ៍អប់រំមួយដែលទាក់ទងនឹងការរៀន និងការបង្រៀនដោយយកសិស្សជាកត្តាសំខាន់ សិស្សជាអ្នកធ្វើសកម្មភាពច្រើន។ ដើម្បីបង្រៀន តាមដំណើរការគោលវិធីសិស្សមជ្ឈមណ្ឌលសាស្រ្តាចារ្យគប្បីប្រើវិធីសាស្រ្ត មួយចំនួនដូចជា៖ ក. វិធីពិភាក្សាៈ តាមរយៈវិធីនេះ អាចជួយសិស្សឲ្យ៖ –ចែករំលែកព័ត៌មានគ្នា –ចែករំលែកព័ត៌មានគ្នា អំពីបញ្ហាអ្វីជាមួយមិត្តរួមថ្នាក់ –ប្តូរយោបល់គ្នាទៅវិញទៅមក –អង្គុយសំលឹងមុខសិស្សគ្នាឯង មិនមែនមើលតែមុខគ្រូទេ –ម្ចាស់ការលើខ្លួនឯង បង្ហាញឲ្យសិស្សចេះបំផុសគំនិតផ្ទាល់ខ្លួន –ចេះស្តាប់អ្នកដទៃ បំណិនត្រិះរិះពិចារណា បំណិននិយាយស្តី ម្យ៉ាងទៀតដើម្បីទទួលបាននូវលទ្ធផលល្អក្នុងការប្រើវិធីនេះ គេត្រូវបែងចែកដូចតទៅ៖ • ចំនួនសិស្សក្នុងក្រុមៈ ពី៣ ទៅ ១០នាក់ (ពី៥ ទៅ ៦នាក់ កាន់តែមានប្រសិទ្ធភាព) • តួនាទីសមាជិកក្រុមៈ មានប្រធាន អ្នកកត់ត្រា សមាជិក អ្នកសង្កេតការណ៍ • ទីកន្លែងពិភាក្សាៈ ក្នុងថ្នាក់រៀន ឫក្រោយថ្នាក់រៀន ក្រោមដើមឈើ… ។ • គំរូអង្គុយៈ ផ្តល់ព័ត៌មានខ្លី ៦នាក់៦នាទី… ។ វិធីពិភាក្សាបានផ្តល់នូវផលប្រយោជន៍យ៉ាងសំខាន់ សំរាប់លោកគ្រូអ្នកគ្រូយកមកបង្ហាត់បង្រៀន ដើម្បីទទួលបាននូវប្រសិទ្ធភាពក្នុងការអប់រំ និងជួយឲ្យសិស្សទទួលបាននូវ៖ –ឱកាសរិះគិត ដើម្បីរកគំនិត បញ្ចេញយោបល់ដោយផ្ទាល់ខ្លួន –ទម្លាប់ឲ្យសិស្សចេះរបៀបរៀនតាមការស្តាប់ គិត សរសេរ និយាយ –ទម្លាប់ឲ្យសិស្សចេះអត់ធ្មត់ គោរពគ្នាទៅវិញទៅមក –អប់រំសិស្សឲ្យទទួលស្គាល់សមត្ថភាព មតិរបស់ខ្លួន ព្រមទាំងមតិអ្នកដទៃ –ទម្លាប់ឲ្យសិស្សសម្របសម្រួលទៅជាមួយសង្គមដែលជាក្រុមពិភាក្សារបស់ខ្លួនព្រមទាំង គោលការណ៍ភាគច្រើន –ធ្វើឲ្យសិស្សចូលចិត្ត ចាប់អារម្មណ៍ក្នុងការសិក្សាចាប់ពីដើមរហូតដល់ចប់ –ទម្លាប់សិស្សឲ្យមានទំនុកចិត្តលើខ្លួនឯង –ឲ្យសិស្សចេះជួយគ្នាទៅវិញទៅមកព្រមទាំងចេះវិធីរៀនយ៉ាងមានប្រសិទ្ធភាពមួយ តាមរយៈការរៀនសូត្រពីគ្នាទៅវិញទៅមក –ជួយឲ្យសិស្សមានមោទនភាពផ្លូវចិត្ត –ផ្តល់ឱកាសឲ្យគ្រូ-សិស្សទទួលស្គាល់តម្លៃនៃបុគ្គលិកលក្ខណៈរបស់សិស្សម្នាក់ៗដោយមិនគិតពីជាតិសាសន៍ សាសនា វប្បធម៌ ប្រវត្តិគ្រួសារ… ។ ដូចនេះ វិធីពិភាក្សាជាវិធីមួយស្ថិតក្នុងគោលវិធីសិស្សមជ្ឈមណ្ឌល ដែលវិធីនេះត្រូវបាន លោកគ្រូ-អ្នកគ្រូប្រគល់ទាំងស្រុង ឲ្យសិស្សដើរតួនាទីជាអ្នកទទួលខុសត្រូវលើខ្លួនឯង បណ្តុះការត្រិះរិះពិចារណាកម្រិតខ្ពស់ ការព្យាបាលជំងឺផ្លូវចិត្ត មានទំនុកចិត្តលើខ្លួនឯង ឯលោកគ្រូ អ្នកគ្រូ គ្រាន់តែជាអ្នកណែនាំបំផុសគំនិតតាមដានវាយតម្លៃ… ។
Comments