គរុកោសល្យ វិធីសាស្ត្របង្រៀន (ភាគ៧)
ង.សកម្មភាពបង្រៀននិងរៀន៖
សកម្មភាពបង្រៀន និងរៀនតាមបែបអនុមានរួមនិងអនុមានញែក។ អនុមានរួមនិងអនុមានញែកគឺជាលំនាំដែលគេប្រើយុទ្ធវិធីក្នុងការគិត ឬក្នុងការបង្រៀន ។ការអនុវត្តគ្រប់ វិធី បង្រៀនទាំងអស់ទោះជាបុរាណក្តី ទំនើបក្តីតែងតែប្រព្រឹត្តិតាមលំនាំទាំងពីរនេះ ។ ១. សកម្មភាពបង្រៀន និងរៀនតាមបែបអនុមានរួមៈ ជាការរៀបចំការបង្រៀន និងរៀនផ្តើមចេញពីរូបី (អ្វីដែលធ្លាប់ស្គាល់) ទៅអរូបី ឬពីឧទាហរណ៍ទៅរកករណីទូទៅពីភាពលំអិត ឬពីចំណែកតូចៗទៅរកចំណុចរួមដើម្បីទាញ អត្ថន័យ ច្បាប់ គោលការណ៍ រូបមន្ត… ។ វិធីបង្រៀនតាមបែបអនុមានរួមមាន៖ –ដំណាក់កាលត្រៀមៈ ទាក់ទាញអារម្មណ៍សិស្ស ផ្តើមគំនិត បំផុសបញ្ហា… ។ –ដំណាក់កាលសង្កេតឫពិសោធន៍ៈ ដឹកនាំសិស្សអោយធ្វើសកម្មភាពផ្ទាល់ តាមក្រុមតូច ជាដៃគូ ឬជាបុគ្គល… ។ –ដំណាក់កាលវិភាគ សំយោគ ទាញសន្និដ្ឋានៈ សង្កេត ប្រៀបធៀប វិភាគ … ។ –ដំណាក់កាលអនុវត្តៈ ប្រតិបត្តិរូបមន្ត ច្បាប់ គោលការណ៍ ដែលទើបរកឃើញទៅប្រើ ក្នុងការដោះស្រាយបញ្ហា… ។ ២. សកម្មភាពបង្រៀន និងរៀនតាមបែបអនុមានញែកៈ អនុមានញែកគឺជាយុទ្ធវិធីដែលចាប់ផ្តើមពីច្បាប់គោលការណ៍រូបមន្ត ឬទ្រឹស្តីបទ ហើយឲ្យ សិស្សសិក្សារកហេតុផលមកបញ្ជាក់ ឬធ្វើពិសោធដើម្បីបញ្ជាក់ថា ច្បាប់ ឬគោលការណ៍ទាំងនោះត្រឹមត្រូវដែរឬទេ។ យុទ្ធវិធីនេះមានប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាល ឲ្យក្លាយជាមនុស្សមានហេតុផលមុននឹងជឿលើអ្វីមួយ។ ជំហាននៃការបង្រៀន តាមបែបអនុមានញែក៖ –ដំណាក់កាលត្រៀមៈទាក់ទាញអារម្មណ៍សិស្សបង្ហាញបញ្ហារៀបរាប់បញ្ហាដែលទាក់ទង។ –ដំណាក់កាលវិភាគ រកដំណោះស្រាយៈ ផ្តល់កម្រងសំណួរ ចោទបញ្ហាដែលពាក់ព័ន្ធ ទៅនឹងរូបមន្ត… ។ –ដំណាក់កាលដោះស្រាយបញ្ហាៈ ធ្វើការសម្រេចចិត្តយកច្បាប់ ឬរូបមន្តមកប្រើសម្រាប់ដោះស្រាយបញ្ហា និងពិភាក្សារកដំណោះស្រាយ… ។ –ដំណាក់កាលត្រួតពិនិត្យៈ លោកគ្រូ អ្នកគ្រូ និងសិស្សពិភាក្សាគ្នាប្តូរយោបល់គ្នាដោយធ្វើការស្រាវជ្រាវបន្ថែម…។ សរុបមកដើម្បីឲ្យការបង្រៀនាតាមគោលវិធីសិស្សមជ្ឈមណ្ឌលទទួលបានលទ្ធផលល្អក្នុងនាមយើងជាអ្នកអប់រំ ត្រូវរៀបចំសកម្មភាពដូចតទៅ៖ –បរិយាកាសថ្នាក់ ត្រូវមានគុណភាព សុខុមាលភាព ថ្នាក់រៀនមានភាពរស់រវើក –ត្រូវមានសម្ភារបង្រៀន ដោយរៀនទាំងគ្រូ និងសិស្សក្នុងម៉ោងសិក្សា –ត្រូវរៀបចំកិច្ចតែងការបង្រៀន –ផ្តល់ឳឱកាសអោយសិស្សពេញលេញ នៅក្នុងការបញ្ចេញមតិ ជម្រុញឲ្យសិស្សធ្វើ សកម្មភាពច្រើនជាងគ្រូ ។ –ចែកសិស្សជាក្រុមតូច ឬធំ –ប្រើប្រាស់សម្ភារសមស្របទៅនឹងមេរៀន –ដាក់បញ្ហាឲ្យសិស្សធ្វើការពិភាក្សា ប្រធានក្រុមរាយការណ៍ –គ្រូជាអ្នកសម្របសម្រួល និងសំយោគ –កំណត់ពេលវេលាច្បាស់លាស់ –ជំរុញ និងលើកទឹកចិត្តសិស្ស… ។ ម៉្យាងវិញទៀត ការអនុវត្តនូវវិធីបង្រៀនតាមបែបគោលវិធីសិស្សមជ្ឈមណ្ឌលក្នុងគោលបំណង៖ –ធ្វើឲ្យសិស្សចេះស្រាវជ្រាវ –ពង្រីកការគិតរបស់សិស្ស ធ្វើឲ្យមានការអភិវឌ្ឍផ្នែកបញ្ញា –ធ្វើឲ្យសិស្សមានគំនិតច្នៃប្រឌិត –មានសាមគ្គីទូលំទូលាយ –មានចិត្តក្លាហាន ម្ចាស់ការ ទំនុកចិត្តលើខ្លួនឯង –មានសមត្ថភាពទូលំទូលាយ… ។ ដូច្នេះគោលវិធីសិស្សមជ្ឈមណ្ឌលជាផ្នែកមួយនៃទ្រឹស្តីបង្រៀនរបស់ចិត្តវិទូ មនុស្សនិយមមួយចំនួនដូចជាលោក Carl Roger លោក Abraham Maslow ដើម្បីទុកជាគោលការណ៍ក្នុងការបង្រៀនឲ្យមានប្រសិទ្ធភាពខ្ពស់។ គោលវិធីសិស្សមជ្ឈមណ្ឌលអាចយកទៅប្រើប្រាស់លើច្រើនវិស័យដោយឡែកក្នុងវិស័យអប់រំ គេប្រើប្រាស់វិធីសិស្សមជ្ឈមណ្ឌលទូលាយ និងត្រឹមត្រូវបំផុត ដើម្បីធ្វើឲ្យសិស្សមានសមត្ថភាពពេញលេញ ចេះស្រាវជ្រាវ ចេះសាមគ្គី សហការឲ្យតម្លៃយល់ចិត្ត មនុស្សចេះពិចារណា មានទំនុកចិត្ត បំរុងប្រយ័ត្ន ចេះរៀបចំដោយខ្លួនឯង ជាពិសេសនឹងក្លាយទៅជាមនុស្សដែលចេះរួមរស់នៅជាមួយគ្នាក្នុងសង្គម ។ សរុបជារួមមក វិធីបង្រៀនទាំងអស់នេះ ទោះតាមបែបគ្រូមជ្ឈមណ្ឌលក្តី និងសិស្សមជ្ឈម ណ្ឌលក្តី គឺសុទ្ធតែផ្សារភ្ជាប់គ្នាយ៉ាងជិតស្និតទៅតាមគោលដៅអប់រំ ភារកិច្ច និងខ្លឹមសារ នៃការ បង្រៀន ។ វិធីបង្រៀននីមួយៗតែងមានចំណុចល្អ ឬចំណុចខ្លាំង និងចំណុចខ្សោយ ដោយឡែករបស់វា ។ តែនៅក្នុងការអនុវត្ត ក្នុងនាមយើងជាសាស្រ្តាចារ្យ ត្រូវចេះ ប្រើប្រាស់គួបផ្សំគ្នាឲ្យបានត្រឹមត្រូវសមរម្យ និងប៉ិនប្រសប់បំផុតហើយមិនត្រូវចាត់ទុកថា បច្ចេកទេសណាមួយល្អជាងអស្ចារ្យជាងមួយណាបានទេ និងមិនត្រូវចាត់ទុកថាវិធីបង្រៀននីមួយៗ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការសម្រេចបានទេគ្រប់ការងារ និងភារកិច្ចនៃការបង្រៀនការអប់រំទាំងអស់នោះទេ ។ រាល់ការប្រើប្រាស់វិធីបង្រៀនត្រូវតែនាំមកនូវលទ្ធផលជាផ្លែផ្កាដូចជា ចំណេះដឹង ការអប់រំ ការអភិវឌ្ឍ ការពិចារណាខាងសតិបញ្ញាជាដើម ។ ជាពិសេសវិធីបង្រៀនទាំងអស់ អាចសម្រេចជោគជ័យទៅបានត្រូវមានចំណងទាក់ទងគ្នាជាមួយកត្តាមួយចំនួនទៀត ដូចជាភារកិច្ចនៃមេរៀនដែលត្រូវបកស្រាយពន្យល់លក្ខណៈពិសេសនៃមុខវិជ្ជានីមួយៗ ខ្លឹមសារ ជាក់ស្តែងរបស់
មេរៀននីមួយៗ លក្ខណៈពិសេសរបស់កម្មវត្ថុសិក្សាស្ថានភាព និងលក្ខខ័ណ្ឌ ចាំបាច់របស់សាលារៀន។ ដូច្នេះក្នុងនាមយើងជាគ្រូបង្រៀន ជាអ្នកអប់រំត្រូវចេះប្រើប្រាស់ នូវវិធីសាស្ត្រចម្រុះក្នុងការបង្រៀនប្រកបដោយភាពឆ្លាតវៃ ចេះបត់បែនទៅតាមកាលៈទេសៈ ស្ថានភាពជាក់ស្តែង និងត្រូវមានបច្ចេកទេសក្នុងការសម្រេចឲ្យបាននូវការបង្រៀនប្រកបដោយប្រសិទ្ធភាព និងគុណភាពលើវិស័យអប់រំស្របតាមការយកចិត្តទុកដាក់របស់ក្រសួងអប់រំ ក៏ដូចជាក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
Comentarios