ស្វែងយល់ពីការវិវត្តន៍នៃវ័យជំទង់របស់មនុស្សទាំងអស់គ្នា
ការវិវត្តន៍នៃវ័យជំទង់ វ័យជំទង់ គឺជាដំណាក់កាលអាយុរបស់ក្មេង ដែលគិតតាំងពីអាយុ ១១ឆ្នាំ ដល់១៨ឆ្នាំ ដំណាក់កាលវ័យជំទង់ជាដំណាក់កាលស្មុគស្មាញ ។ ភាពស្មុគស្មាញនេះ មិនមែនកើតឡើង ដោយភាពចៃដន្យនោះទេតែវាបណ្តាលមកពីមូលហេតុពីរយ៉ាងគឺ៖ –បន្លាស់ប្តូរផ្នែកសរីរាង្គទាំងមូល –បន្លាស់ប្តូរផ្នែកចិត្តគំនិត(អត្តនោម័ត) ។ ក.បំរែបំរួលផ្នែកសិរីរៈ ចំណុចដែលគួរឲ្យកត់សម្គាល់បាននៅដំណាក់កាលនេះគឺ –ការលូតលាស់រាងកាយទាំងមូល –ប្រព័ន្ធឆ្អឹងនិងសាច់ដុំលូតលាស់យ៉ាងឆាប់រហ័ស –បំរែបំរួលនៃសម្លេង។
ចំពោះកម្ពស់ៈ –អាចលូត ៥–៦ cm ក្នុងមួយឆ្នាំ និងពី ២០–៣០ cm ក្នុងវ័យនេះ –ក្មេងស្រីមានការលូតលាស់ធំធាត់លឿនជាងក្មេងប្រុសហើយចាប់ផ្តើមលូតលាស់កម្ពស់ ពីអាយុ ១២–១៤ឆ្នាំ ហើយកម្ពស់អាចឈប់លូតលាស់ពីអាយុ ១៩–២០ឆ្នាំ ។ –ក្មេងប្រុសលូតលាស់កម្ពស់យឺតជាងក្មេងស្រី ។ កម្ពស់ក្មេងប្រុសចាប់លូតលាស់ពី អាយុ ១៥–១៦ឆ្នាំ រហូតដល់អាយុ ២៤ ឬ២៥ឆ្នាំ ទើបឈប់លូតលាស់។ ជាទូទៅស្រ្តីឆាប់ចាស់ ជាងបុរស ។ ចំពោះទម្ងន់ៈ –ក្មេងប្រុសក៏ដូចក្មេងស្រីដែរក្នុងវ័យនេះទម្ងន់អាចកើនឡើងពី២,៥០គីឡូក្រាមទៅ៤ គីឡូក្រាម ក្នុងមួយឆ្នាំ ។ ភាគច្រើននៃក្មេងជំទង់ច្រើនតែមានមាឌស្តើង ហើយខ្ពស់ ។ ចំពោះគ្រោងឆ្អឹងនិងសាច់ដុំៈអាចលូតលាស់ឆាប់ឬយឺតយ៉ាវអាស្រ័យទៅដោយ លក្ខខ័ណ្ឌពីរយ៉ាងដូចជា៖ –របបអាហារប្រចាំថ្ងៃ –សកម្មភាពកីឡា ។ ចំពោះប្រព័ន្ធសរសៃប្រសាទៈ –កំពុងឈានទៅរកទីបញ្ចប់នៃការលូតលាស់ –ទំហំខួរក្បាលជិតស្មើនឹងទំហំខួរក្បាលមនុស្សពេញវ័យ –គំនិតអរូបីកំពុងអភិវឌ្ឍយ៉ាងខ្លាំងជំទង់អាចចាប់បាននូវបញ្ញត្តិសំខាន់ៗក្នុងមេរៀនធ្វើឲ្យ ជំទង់ ចេះវិនិច្ឆ័យ ចេះពិចារណា ចេះតិះទៀន ចេះវាយតម្លៃ ចេះអៀនខ្មាស់… ។ –ចាប់ពីអាយុ ១៣ ទៅ ១៤ ឆ្នាំ ឡើងទៅគេឃើញលេចមុននៅលើផ្ទៃមុខ –សម្លេងចាប់ផ្លាស់ប្តូរពីសម្លេងកុមារទៅជាសម្លេងគ្រលរបន្តិច –ចំពោះជំទង់ជាស្រីចាប់ផ្តើមមានឈាមរដូវពីអាយុ ១២,១៣, ១៤ឆ្នាំឡើងទៅ –កំណត់សម្គាល់ឲ្យឃើញនូវភាពគ្រប់ការ ចំពោះជំទង់ប្រុសស្រីបែបនេះ បានលេចធ្លោ ឲ្យឃើញនូវសភាពផ្លូវចិត្តថ្មីមួយ ។ –គ្រោងឆ្អឹងដៃ និងជើងលូតវែងធ្វើឲ្យរូបរាងស្គមស្តើង… ។ ភាគច្រើននៃក្មេងជំទង់ប្រុសស្រីច្រើនមានប្រតិកម្មអវិជ្ជមានចំពោះបំលាស់ប្តូររូបរាងកាយរបស់ខ្លួនពីវ័យកុមារមកវ័យជំទង់។បំលាស់ប្តូរ និងការលូតលាស់រូបរាងកាយនេះ ត្រូវបាន ជំទង់ចាប់អារម្មណ៍និងយល់ដឹងដោយខ្លួនឯង។នៅក្នុងពេលជាមួយគ្នានេះបញ្ញត្តិផ្ទាល់ខ្លួន ដែលទទួលបានពីការសិក្សាក្នុងសាលារៀន តាមរយៈមុខវិជ្ជានានា ក៏ចាប់ផ្តើមអភិវឌ្ឍដែរ គឺក្នុងពេលនេះហើយដែលបុគ្គលិកលក្ខណៈរបស់ជំទង់ចាប់ផ្តើមអភិវឌ្ឍ ។ ការអភិវឌ្ឍនៃទំហំរាងកាយ កង្វះបំណិនប្រសប់ភាពឆ្គាំឆ្គងភាពមិនរហ័សរហួន ឬភាពប៉ិនប្រសប់ឈ្លាស វៃបែបណានោះ ត្រូវបានទទួលការវាយតម្លៃពីមនុស្ស ឬអ្នកដទៃ ។ ជំទង់ខ្លះមានកម្ពស់ ទម្ងន់ និងសម្បុរស្បែក
សមាមាត្រសមរម្យទៅនឹងដងខ្លួន ខ្លះមិនសមាមាត្រទៅនឹងដងខ្លួនទេ ។ ក្មេងស្រីភាគច្រើន មិនសូវពេញចិត្តនឹងដងខ្លួន ចង្កេះ ដើមទ្រូង ត្រគាក កម្ពស់ មាឌ និងទម្ងន់របស់ខ្លួនទេ ។ ខ. បំរែបំរួលផ្នែកចិត្តគំនិតជំទង់ វ័យជំទង់ជាវ័យដែលស្ថិតនៅចំណុះឪពុកម្តាយ ឬអាណាព្យាបាល ។ ចាប់ពីវ័យ ១៥ ទៅ ១៦ ឆ្នាំឡើងទៅ សមត្ថភាពបញ្ញារបស់វ័យជំទង់ចាប់ផ្តើមអភិវឌ្ឍ ស្របពេល ដែលជំទង់ កំពុង រៀននៅថ្នាក់មធ្យមសិក្សា ។ គេចាប់ផ្តើមជួបប្រទះទៅនឹងសកម្មភាព ដ៏ស្មុគស្មាញ ក្នុងការសិក្សា ។ គេចាប់ផ្តើម ប្រកាន់យកជំហរដ៏រឹងមាំក្នុងការសិក្សា ។ គេមានចិត្តប្រកួត ប្រជែងក្នុងការដណ្តើម យកស្នាដៃក្នុងការសិក្សា និងការហ្វឹកហ្វឺនបញ្ញា ។ ជំទង់ចាប់ផ្តើម មានគំនិត និងចំណង់ចំណូលចិត្តស្រឡាញ់ និងជ្រើសរើសមុខវិជ្ជា ឬវិជ្ជាជីវៈណាមួយក្នុងសង្គមសម្រាប់អនាគតរបស់គេ ។ វិចារណញាណរបស់គេតម្រង់មុខ សញ្ញាទៅរកការ យល់ដឹងស៊ីជម្រៅ ចំពោះខ្លឹមសារវត្ថុ និងបាតុភូតដែលត្រូវសិក្សា ។ គេមានគំនិត និង ស្មារតីយល់ស៊ីជម្រៅច្បាស់លាស់ចំពោះសម្រាយបំភ្លឺរបស់គ្រូទៅតាមលក្ខណៈវិទ្យាសាស្ត្រ ។ សតិបញ្ញារបស់ជំទង់ចាប់ផ្តើមអភិវឌ្ឍ៖
–ការចេះបកស្រាយពន្យល់ដ៏លម្អិត –ការចេះប្រៀបធៀប ចេះពិចារណា ប្រើរូបារម្មណ៍ភាសា –ការចេះវិនិច្ឆ័យ –ការចេះធ្វើសំយោគ –ការចេះធ្វើអរូបិយកម្ម –ការចេះធ្វើទូទៅកម្ម –ការចេះវាយតម្លៃ –ស្មារតីសមូហភាព –ចង់បានសិទ្ធិសេរីភាព –ចង់ឲ្យគេសរសើរ, ឲ្យរង្វាន់ –ចង់បានអំណាច –ឲ្យគេទទួលស្គាល់ស្នាដៃ –ក្លាហាន អំណួត សាកល្បង ចង់ដឹង ចង់ឮ –ការចេះបញ្ចេញមតិយោបល់ –ចូលចិត្តធ្វើខ្លួនជាមនុស្សធំ –ធ្វើការងារក្នុងគ្រួសារៈ ការងារផ្ទះដើរតួជាឪពុកម្តាយ –ធ្វើការក្នុងសាលារៀនៈ ជួយមិត្តភក្តិ ចូលរួមការងារសាលា…..។
អាកប្បកិរិយារបស់គេចេះតែវិវត្តន៍ជួនកាលមានស្ថិរភាពជួនកាលផ្លាស់ប្តូរទៅតាមចំណេះ ដឹង ឬបទពិសោធន៍ដែលគេមាន និងកំពុងបាន ។ គេចាប់ផ្តើមចាប់អារម្មណ៍ទៅនឹង មុខរបរផ្សេងៗក្នុងសង្គម ។ គេមានមនោសញ្ចេតនា និងទំនាក់ទំនងស្វែងរកមិត្តភក្តិ ជា មួយអ្នក ដែលមានវ័យស្រករគ្នា ។ គេកំពុងយកចិត្តទុកដាក់ ជាមួយនឹងសមូហភាព ចំពោះ ភារកិច្ចសិក្សា ដើម្បីតម្រង់មុខសញ្ញាទៅរកអនាគតដ៏ត្រចះត្រចង់របស់គេ ។
២. ការយល់ពីចរិតក្មេងជំទង់ ជំទង់គឺជាវ័យមួយដែលងាយទទួលរងនូវឥទិ្ធពលខាងក្រៅ។ជំទង់ដែលតាំងខ្លួនជាមនុស្ស ពេញវ័យ គឺជាឆន្ទៈ និងតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេ ។ តម្រូវការនេះនឹងក្លាយទៅជា កម្លាំងចលករមួយ ដែលជំទង់អាចហ៊ានធ្វើអ្វីមួយដោយអាងលើសមត្ថភាព របស់គេ ដូចមនុស្ស ចាស់ ។ ឧទាហរណ៍ៈ ឪពុកម្តាយ ឬបងប្អូនស្រីខ្លះបណ្តោយឲ្យកូន ឬប្អូន បើករថយន្ត ។ ថ្ងៃមួយ មនុស្សពេញវ័យមិននៅផ្ទះ ជំទង់អាចហ៊ានបើករថយន្តទៅឆ្ងាយបាន។អ្នកអាណាព្យាបាល និងអ្នកអប់រំគប្បីជួយពន្យល់ណែនាំជំទង់ឲ្យចេះ ស្វែងយល់ ពីផលល្អ ឬផលអាក្រក់ និងគ្រោះថ្នាក់ដែលបណ្តាលមកពីទង្វើ ឬសកម្មភាពផ្សេងៗ ដូចជា៖
–ការមិនគោរពច្បាប់សាធារណៈ –ការមិនគោរពតាមក្បួនអនាម័យ –ការប្រើប្រាស់របស់ផ្ទាល់ខ្លួនមិនសមហេតុផល –ការសេពគប់មិត្តភក្តិអាក្រក់ –ការនិយមវប្បធម៌បរទេស –ទំនាក់ទំនងស្នេហា និងចំណងមិត្តភាពជាមួយអ្នកស្រករវ័យ –ការប្រើអំពើហិង្សា ឆេវឆាវ –អំពើឧក្រិដ្ឋ និងឃាតកម្ម –ការប្រើប្រាស់គ្រឿងញៀន បនល្បែងនិងពេស្យាចារ –ភាពហ៊ឺហារ ការប្រើប្រាស់សម្ភារល្អៗ –ចូលចិត្តរួមភេទក្នុងវ័យសិក្សា (ជំងឺអេដស៍) –មិនគោរពវិន័យក្នុងសាលារៀន… ។
មជ្ឈដ្ឋាន និងឥទ្ធិពលអាក្រក់ងាយអូសទាញជំទង់ណាស់ ពីព្រោះជំទង់ការគិតរបស់គេ នៅមានកម្រិតទាបនៅឡើយ។ ម្យ៉ាងទៀត វ័យជំទង់ជាវ័យ ចង់ដឹង ចង់ស្គាល់ ចង់ឮ នូវអ្វីៗ ដែលពួកគេមិនទាន់បានឆ្លងកាត់ ។ ជំទង់ចូលចិត្តការលើកសរសើរ និងការនិយាយសម្តីទន់ភ្លន់ ពីមនុស្សចាស់ទៅរកគេ ។ ទំនាក់ទំនងដ៏ស្និតស្នាល រវាង គ្រួសារ ជំទង់ និងសាលារៀនមាន អត្ថន័យចំពោះការអប់រំបុគ្គលិកលក្ខណៈ របស់ជំទង់ឲ្យចុះសម្រុងក្នុងសង្គម។ ពេលដឹងថាជំទង់ សេពគប់ក្នុងចំណោមមិត្តភក្តិអាក្រក់ ដើម្បីបានផល យកកម្រៃបំពេញកង្វះខាតបន្តិបន្តួចក្នុង គ្រួសារ ឪពុកម្តាយ ឬអាណាព្យាបាល មិនត្រូវបណ្តែតបណ្តោយកូនទេ ត្រូវតែសហការជាមួយ សាលារៀនដើម្បីអប់រំ ណែនាំ និង កែលម្អកូនឲ្យបានទាន់ពេលវេលា ។ ឧទាហរណ៍ៈ កូនស្ថិតក្នុងសភាពប្រព្រឹត្តបទល្មើស ។ ពេលទទួលបានព័ត៌មានពីអ្នកដទៃ ឪពុកម្តាយមិនត្រូវកាន់ជើង កូន ឬបណ្តែតបណ្តោយកូន រួចធ្វើមិនដឹង មិនអើពើនឹងកូនឡើយ ។ គ្រូត្រូវយកចិត្តទុកដាក់គិតដល់ភាពរស់ ភាពឆាប់ភ្ញាក់រលឹក ភាពក្លាហាន អំណត់ អត់ធ្មត់ សេចក្តីព្យាយាម អាកប្បកិរិយា សកម្មភាព ស្មារតីម្ចាស់ការ គំនិតច្នៃប្រឌិត ស្នាដៃសិក្សា សីលធម៌ក្នុងទំនាក់ទំនង ជាមួយ គ្រូ និងបុគ្គលិកសិក្សាឯទៀត ។ គ្រូបង្រៀនអាចអប់រំជំទង់បានល្អ ប្រសិនណាជា គ្រូយល់ ឲ្យស៊ីជម្រៅទៅលើ៖
–ចំណង់ចំណូលចិត្តជំទង់ –ស្គាល់ច្បាស់ពីមជ្ឈដ្ឋានរស់នៅរបស់ជំទង់ – អត្តចរិតផ្ទាល់ខ្លួនរបស់ជំទង់ –សេចក្តីព្យាយាមអត់ធ្មត់របស់ជំទង់ក្នុងការសិក្សា –ភាពទៀងទាត់ក្នុងម៉ោងសិក្សា –ការចេះគោរពវិន័យសាលា –សីលធម៌ក្នុងការទំនាក់ទំនងជាមួយគ្រូ និងបុគ្គលិកសិក្សាឯទៀត –ស្នាដៃសិស្ស –ចេះលើកទឹកចិត្តសរសើរផ្ទាល់មាត់ –ប្រកាន់ចិត្តអហិង្សា និងអំនត់អត់ធ្មត់ –ចេះលួងលោមប្រើសម្តីទន់ភ្លន់ –ចេះជួយពន្យល់ណែនាំ និងឲ្យតម្លៃទៅលើស្នាដៃពិតប្រាកដ ។
ជំទង់ចូលចិត្តការលើកសរសើរនិងការនិយាយសម្តីទន់ភ្លន់ពីមនុស្សចាស់និយាយទៅរកពួកគេ។ ប៉ុន្តែជំទង់វាយតម្លៃទៅលើអ្នកដទៃវិញគឺគេវាយតម្លៃតែលក្ខណៈខាងក្រៅខ្លួនប៉ុណ្ណោះ ។
Comments